ភាពស្អាតរបស់មនុស្សស្រី មួយផ្នែកគឺស្ថិតលើចង្កេះ បើចង្កេះ និងពោះធំ ទោះបីជាស្លៀកពាក់យ៉ាងណាក៏ដោយក៏មិនស្អាតដែរ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីក្នុងការកំចាត់រាងដ៏អាក្រក់នេះចោល។ តើមានអ្វីខ្លះទៅ?
ផឹកទឹកគ្រប់
ប្រសិនជាអ្នកចង់បានរាងដែលស្អាត រឿងទី១ដែលអ្នកគួរតែធ្វើគឺត្រូវតែផឹកទឹកឱ្យគ្រប់ពេញមួយថ្ងៃ ព្រោះវាអាចជួយឱ្យរាងកាយអ្នកចុះកាឡូរីបាន។
ត្រូវតែមានអាហារមួយពេលដែលបរិភោគគ្រប់
មនុស្សមួយចំនួននៅពេលដែលចង់បំបាត់ក្បាលពោះ និងចង្កេះធំ តែងតែមិនព្រមបរិភោគអាហារឡើយ ប៉ុន្តែទោះបីជាអ្នកតមយ៉ាងណាក៏ដោយ ក៏អ្នកគួរតែបរិភោគអាហារថ្ងៃត្រង់ឱ្យគ្រប់ដែរ ហើយអាហារថ្ងៃត្រង់នោះអ្នកអាចពិសារបន្លែ តៅហ៊ូ សារ៉ាយសមុទ្រ សាច់មាន់ ត្រីចំហុយ ដោយមិនត្រូវបរិភោគពងមាន់ និងដំឡូងបារាំងជាមួយគ្នាឡើយ ព្រោះវាអាចធ្វើឱ្យក្រពះអ្នកពិបាករំលាយអាហារបាន ជាហេតុដែលធ្វើឱ្យអ្នកមានក្បាលពោះធំ។
កែប្រែទម្លាប់ប្រចាំថ្ងៃ
អ្នកត្រូវតែកំណត់ពេលវេលាគេង និងបរិភោគឱ្យបានច្បាស់លាស់ ប្រសិនជាអ្នកទម្លាប់ពិសារអាហារថ្ងៃត្រង់នៅម៉ោង១២ អ្នកគួរតែប្តូរមកម៉ោង១១កន្លះវិញ ហើយពេលយប់ត្រូវតែចូលគេងឱ្យមុនម៉ោង១២ នោះវានឹងជួយអ្នកឱ្យស្រកបានពាក់កណ្តាលហើយ។
ធ្វើសកម្មភាពតូចៗឱ្យបានច្រើន
អ្នកមិនបាត់ទៅហាត់ប្រាណនៅក្លិបក៏បានដែរ ដោយអ្នកគ្រាន់តែធ្វើសកម្មភាពតូចៗឱ្យបានច្រើនដូចជា ៖ ពេលដែលអ្នកទៅកន្លែងណាដែលជិតផ្ទះអ្នក អ្នកមិនត្រូវបើកឡាន ឬម៉ូតូទៅនោះទេ អ្នកត្រូវតែដើរវិញប្រសើរជាង ម្យ៉ាងទៀតបើអ្នកទំនេរ អ្នកអាចបើកតន្ត្រី រួចរាំបាន ជាងនេះទៅទៀត អ្នកត្រូវតែឈរក្រោយពេលអាហារពេលថ្ងៃចំនួនមួយម៉ោង ហើយអ្នកក៏អាចយួរឥវ៉ាត់បានដែរនៅពេលទៅផ្សារ នោះវានឹងជួយអ្នកឱ្យមានចង្កេះតូចដូចគ្នា។
អាហារ
អ្នកមិនត្រូវពិសារអាហារមួយចំនួនដូចជា ៖ ស៊ុតផ្នែកលឿង មីកញ្ចប់ និងអាហារបំពងផ្សេងៗ ព្រោះវាមានកាឡូរី និងមិនងាយរំលាយអាហារ ហើយមុនម៉ោង៦យប់ អ្នកត្រូវតែបរិភោគអាហារពេលល្ងាច ដោយអាចពិសារបបរជាមួយបន្លែ ហើយមិនត្រូវបរិភោគអាហារផ្សេងទៀតទេ។
មិនត្រូវបរិភោគលឿន
នៅពេលដែលអ្នកពិសារអាហារផ្សេងៗ អ្នកត្រូវតែទំពារឱ្យយូរ ហើយត្រូវតែបរិភោគអាហារមួយចំនួនដែលមានម៉ាញ៉េស្យូម និងកាលស្យូម ព្រោះអាហារដែលមានសារធាតុទាំង២ប្រភេទនេះ ធ្វើឱ្យអ្នកងាយរំលាយអាហារ និងអាចជួយការពារមិនឱ្យអាស៊ីតខ្លាញ់ច្រើនកកក្នុងពោះអ្នក ដូចនេះពោះអ្នកនឹងមិនងាយបោងឡើយ។
ទទួលទានទឹកដោះគោជូរ
អ្នកអាចទទួលទានទឹកដោះគោជូរបាន ព្រោះវាអាចការពារមិនឱ្យក្បាលពោះអ្នកកាន់តែធំជាងមុន ហើយអ្នកក៏អាចបរិភោគបន្លែស្រស់ ផលិតផលដែលធ្វើពីសណ្តែក ដើម្បីឱ្យក្បាលពោះស្រកបានដែរ។
អាហារពេលយប់ត្រូវតែតិច
អាហារពេលយប់របស់អ្នកមិនត្រូវបរិភោគឆ្អែតពេកទេ ព្រោះពេលយប់អ្នកមិនសូវធ្វើចលនា ដូចនេះវានឹងកកខ្លាញ់ក្នុងពោះអ្នកច្រើន ដូចនេះនៅមុនពេលដែលអ្នកបរិភោគអាហារពេលល្ងាច អ្នកអាចពិសារផ្លែឈើ ផឹកទឹកមួយកែវ រួចទើបបរិភោគអាហារពេលល្ងាច៕