យោងតាម ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក Fred Huchinson Cancerនៅក្នុងទីក្រុងស៊ីអេថល សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកទទួលទានថ្នាំប៉ារ៉ាសេតាមុលជាប្រចាំនឹងមានអាត្រាប្រឈមនឹងជំងឺ មហារីកគ្រាប់ឈាមកើនឡើង ដោយគេជឿថា មកពីសមាសធាតុគីមីដែលមានឈ្មោះថា អាសេតាមីណូហ្វេន នៅក្នុងថ្នាំប៉ារ៉ាសេតាមុល ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា កន្លងមកតាមរយៈលទ្ធផលនៃការសិក្សាទៅលើអ្នកជំងឺមហារីកគ្រាប់ឈាម ម្នាក់ៗមានការណែនាំថា ជាតិថ្នាំអាសេតាមីហ្វេន អាចជំរុញឲ្យមានជំងឺមហារីក ។ ដោយឡែកការសិក្សាថ្មី ដែលយោងទៅតាមការធ្វើតេស ទៅលើក្រុមអ្នកស្ម័គ្រចិត្តទាំងបុរស និងនារី ដែលមានសុខភាពល្អរឹងមាំ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ប្រមាណ ៦៥.០០០នាក់ ដោយពួកគេបានប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល អស់រយៈពេល ១០ឆ្នាំ ព្រមទាំងមានការពិនិត្យ និងតាមដានស្ថានភាពសុខភាពយ៉ាងច្បាស់លាស់។
លទ្ធផលបានបង្ហាញឲ្យឃើញថា អ្នកស្ម័គ្រចិត្តចំនួន ៥៧៧នាក់ ឬតិចជាង១ភាគរយ កើតជំងឺមហារីកពាក់ព័ន្ធនឹងកោសិកាឈាម ដូចជាមហារីកក្រពេញទឹករង៉ៃ ដែលកើតឡើងដោយភាពខុសប្រក្រតីរបស់ខួរឆ្អឹង។ទន្ទឹមនឹងនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកស្ម័គ្រចិត្តចំនួនជាង៩ភាគរយ ក្នុងក្រុមដែលមានជំងឺមហារីក ធ្លាប់ប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល ក្នុងបរិមាណច្រើនពីមុនមក បើប្រៀបធៀបនឹងអ្នកមិនកើតជំងឺមហារីក មានតែ ៥ភាគរយប៉ុណ្ណោះ។ នៅពេលពិចារណាកត្តាផ្សេងៗ រួមទាំងកត្តាអាយុ កត្តារលាកសន្លាក់ និងប្រវត្តិគ្រួសារ ដែលមានកើតជំងឺមហារីកគ្រាប់ឈាម ឃើញថា អ្នកប្រើប្រាស់ថ្នាំ សេតាមុលជាប្រចាំ មានអត្រាប្រឈមនឹង ជំងឺមហារីកគ្រាប់ឈាម កើនឡើងខ្ពស់ដល់ទៅជិត២ដងឯណោះ។
ទោះបីជាយ៉ាងនោះក្តី ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា នៅពេលនេះនៅមិនទាន់មាន ការពិសោធន៍ទេថាជាតិថ្នាំអាសេតាមីណូហ្វេន គឺជាមូលហេតុនៃជំងឺមហារីកនោះទេ ចាំបាច់ត្រូវមានការសិក្សាបន្ថែមទៀត មុននឹងយកលទ្ធផលស្រាវជ្រាវនេះ ទៅពិចារណាក្នុងការប្រើប្រាស់ថ្នាំ បំបាត់ការឈឺចាប់ប្រភេទនេះ៕