ស្ត្រីជិតពាក់កណ្តាលលាននាក់នៅក្នុងសហរដ្ឋអាមេរិកនឹងមានជំងឺដាច់សរសៃឈាមខួរក្បាលនៅក្នុងឆ្នាំនេះ ប៉ុន្តែមានវិធីសាស្ត្រជាច្រើនសម្រាប់ពួកគេដើម្បីបន្ថយហានិភ័យ។
វេជ្ជបណ្ឌិត ណាតាលី រ៉ូស (Natalia Rost) ជាសាស្ត្រាចារ្យរងខាងផ្នែកប្រសាទសាស្ត្រនៅសាលាវេជ្ជសាស្ត្រ Harvard បាននិយាយថា ចំនេះដឹងគឺជារឿងមួយសំខាន់ និងជាទន់សម្រាប់មនុស្សគ្រប់រូប។ ប្រសិនបើអ្នកដឹងថា កត្តាហានិភ័យជាក់លាក់ កំពុងតែបំផ្លាញដល់សុខភាពរបស់អ្នក និងជម្រុញអោយអ្នកមានហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាលនោះ, អ្នកអាចប្រើនូវវិធីសាស្ត្រមួយចំនួនដើម្បីគេចពីឥទ្ធិពលនៃហានិភ័យទាំងនោះ។
រ៉ូសបាននិយាយថា កត្តាជម្រុញ២ដែលនាំអោយមានជំងឺដាច់សរសៃឈាមខួរក្បាលនោះ គឺការកើនឡើងអាយុ និងប្រវត្តិគ្រួសារមានជំងឺដាច់សរសៃឈាមខួរក្បាល ដែលរឿងទាំងពីរនេះគឺមិនអាចគ្រប់គ្រងបាននោះទេ ប៉ុន្តែកត្តាដទៃទៀតដូចជា សម្ពាធឈាម និងរបៀបរបបរស់នៅអាចមានការផ្លាស់ប្តូរបាន។
ជំងឺដាច់សរសៃឈាមខួរក្បាលកើតមានឡើងនៅពេលដែលលំហូរឈាមទៅកាន់ខួរក្បាលមានការរំខាន។
នៅក្នុងការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Harvard Women’s Health Watch, រ៉ូសបានបង្ហាញពីមធ្យោបាយដូចខាងក្រោមដើម្បីបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលដែលមានដូចជាៈ
– គ្រប់គ្រងសម្ពាធឈាមរបស់អ្នក។ ការមិនអាចគ្រប់គ្រងសម្ពាធឈាមគឺផ្តល់នូវហានិភ័យពីពីរដង ទៅបួនដងនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ការតាមដានសម្ពាធឈាម និងការព្យាបាលជំងឺលើសឈាមគឺជាមធ្យោបាយសំខាន់ដើម្បីការពារជំងឺដាច់សរសៃឈាមខួរក្បាល
– ពិនិត្យទម្ងន់របស់អ្នក។ ការធាត់ និងផលវិបាកដែលពាក់ព័ន្ធនឹងការធាត់ ដូចជាជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ជម្រុញហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ចំពោះមនុស្សធាត់, ការសម្រកទម្ងន់បាន៤,៥គីឡូក្រាមអាចបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល
– លំហាត់ប្រាណជាចាំបាច់។ លំហាត់ប្រាណជួយគ្រប់គ្រងទម្ងន់ និងសម្ពាធឈាម ហើយវាក៏ជាអ្នកបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ ការស្រាវជ្រាវមួយបានរកឃើញថា ស្ត្រីដែលបានដើរ៣ម៉ោងក្នុងមួយសប្តាហ៍ ហាក់ដូចជាកើតជំងឺដាច់សរសៃឈាមខួរក្បាលតិចជាងអ្នកដែលមិនដើរ
– ការស្រាវជ្រាវរបស់ Women’s Health Initiative បានរកឃើញថា ស្ត្រីមានអាយុលើសពី៦៥ឆ្នាំដែលបានលេបថ្នាំអាស្ពីរីន បានបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលរបស់ពួកគេ។ ថ្នាំអាស្ពីរីនបានជួយបន្ថយជំងឺដាច់សរសៃឈាមខួរក្បាលដោយការពារកំនកឈាមដែលបានបង្កើតឡើង។ ប៉ុន្តែប្រសិនបើអ្នកកំពុងតែពិចារណាក្នុងការប្រើថ្នាំអាស្ពីរីនជារៀងរាល់ថ្ងៃនោះ, សូមពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិន៕