ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើដែលធ្វើឲ្យស្បែកអ្នកស្ងួតខ្លាំង។ តើមានអ្វីខ្លះទៅ?
- ការបិទម៉ាសមុខដែលធ្វើឲ្យស្បែកមានសំណើមរាល់ថ្ងៃគឺជាទង្វើដែលខុសបំផុត ព្រោះវាអាចធ្វើឲ្យស្បែកអ្នកខូច និងធ្វើឲ្យស្បែកអ្នកមានសំពាធទៀតផង ដូចនេះអ្នកគួរតែបិទមួយអាទិត្យពីរដងទៅបានហើយ វាក៏ជួយឲ្យស្បែកអ្នកមានសំណើមដែរ។
- ការបិទម៉ាសមុខក្នុងរយៈពេលយូរនឹងធ្វើឲ្យស្បែកអ្នកកាន់តែស្ងួត ដោយសារតែនៅពេលដែលម៉ាសនោះស្ងួត វានឹងចាប់ផ្តើមស្រូបយកទឹកពីមុខអ្នកវិញ ដូចនេះអ្នកគួរតែបិទ២០នាទីបានហើយ។
- ការតែងតែលុបមុខដោយរៀងរាល់ក្រោយពេលមួយម៉ោង ឬពីរម៉ោងម្តង វានឹងធ្វើឲ្យស្បែកអ្នកកាន់តែស្តើង កាន់តែស្ងួត ព្រោះវាគ្មានជាតិខ្លាញ់ដើម្បីការពារស្បែកអ្នកឡើយ។
- ការប្រើប្រាស់ខុសនូវទឹកបាញ់មុខក៏ធ្វើឲ្យស្បែកអ្នកស្ងួតដែរ ដោយក្រោយពេលដែលអ្នកបាញ់លើមុខអ្នករួច អ្នកត្រូវតែប្រើក្រដាសជូតមាត់ដែលស្តើងយកមកបិទលើមុខដើម្បីឲ្យវាស្រូបយកទឹកដែលមុខអ្នកមិនត្រូវការចេញឲ្យអស់ ទើបមុខអ្នកមានសំណើមគ្រប់គ្រាន់។
- ការមិនផឹកទឹកក៏ធ្វើឲ្យស្បែកអ្នកស្ងួតដូចគ្នាទោះជាអ្នកប្រើគ្រឿងសម្អាងក៏ដោយ ដូចនេះអ្នកត្រូវតែផឹកទឹកឲ្យបានគ្រប់គ្រាន់ទើបអាចរក្សាស្បែកឲ្យមានសំណើមបាន។
- ការនៅក្នុងម៉ាស៊ីនត្រជាក់យូរក៏ងាយធ្វើឲ្យស្បែកអ្នកខូចដែរ ដោយសារតែម៉ាស៊ីនត្រជាក់អាចស្រូបយកជាតិទឹកដែលមានក្នុងមុខអ្នក ដូចនេះអ្នកគួរតែដើរចេញទៅក្រៅខ្លះក្រោយពេលដែលសម្រាកពីការងារ មិនត្រូវនៅតែក្នុងម៉ាស៊ីនត្រជាក់ឡើយ៕