មានឥរិយាបទខ្លះដែលយើងប្រព្រឹត្តដោយមិនដឹងខ្លួន តែវាធ្វើឱ្យយើងទៅជាធាត់បាន។
១- អាក់ខានមិនបានញ៉ាំអាហារឱ្យទៀងទាត់ពេលវេលា
ជួនកាល ដោយជាប់រវល់ខ្លាំងពេក ឬដោយមានធុរៈអ្វីមួយ យើងមិនបានញ៉ាំអាហារតាមពេលវេលាទេ។ ការដែលយើងអាក់ខានមិនញ៉ាំអាហារបែបនេះធ្វើឱ្យរាងកាយរបស់យើងបាត់បង់សមត្ថភាពនៅក្នុងការគ្រប់គ្រងការឃ្លាន នេះម្យ៉ាង។ ម្យ៉ាងទៀត ការអាក់ខាននេះធ្វើឱ្យយើងមិនទទួលបាននូវសារជាតិចិញ្ចឹម ត្រឹមត្រូវទៅតាមចំនួនកាឡូរីដែលគេតែងតែបានគិតដល់នៅពេលចម្អិនអាហារ នោះទេ។ ហើយដល់យូរៗទៅ យើងឃ្លានអត់ទ្រាំលែងបាន យើងក៏ញ៉ាំអ្វីទាំងអស់ដែលអាចរកបាន ដែលច្រើនជាចំណីអាហារផ្អែមពេក ឬប្រៃពេក ឬមានខ្លាញ់ច្រើនពេក ដែលនឹងធ្វើឱ្យយើងធាត់។
Liz Applegate, Ph.D., នាយកផ្នែកអាហារូបត្ថម្ភនៅ University of California បានណែនាំថា យកល្អគេត្រូវញ៉ាំអាហារ៣ពេលឱ្យបានទៀងទាត់ មួយពេលៗមានប្រហែលជា៥០០កាឡូរី និងញ៉ាំអាហារសម្រន់(snack)២ពេលទៀត មួយៗមាន២០០កាឡូរី។
២- ញ៉ាំចំណីអាហារលឿនពេក
យើងច្រើនតែណែនាំកូនឱ្យញ៉ាំអាហារឱ្យបានលឿន ហើយនិយាយថា”បើស្រុកកើតសង្គ្រាម ញ៉ាំបាយមិនទាន់គេ នឹងស្លាប់ហើយ”។ នោះជារឿងនៅពេលស្រុកអសន្តិសុខ។ ក៏ប៉ុន្តែមានការសិក្សាជាច្រើនដែលបានរកឃើញថា ការទំពារចំណីអាហារយឺតៗដើម្បីឱ្យបានទទួលអស់នូវរសជាតិ នឹងមិនធ្វើឱ្យឆាប់ឃ្លានពេក។
លោកវេជ្ជបណ្ឌិត Alexander Kokkinos, M.D., Ph.D., ដែលបានធ្វើការពិសោធន៍លើអ្នកញ៉ាំការ៉េមចំនួន១៧នាក់ បានណែនាំថា ត្រូវញ៉ាំអាហារយឺតៗ ហើយកុំអានកាសែត ឬមើលទូរទស្សន៍ អ្វីឱ្យសោះ។
៣- ការជប់លៀងចុងសប្តាហ៍
យើងច្រើនតែរៀបចំកម្មវិធីផឹកស៊ីធំដុំនៅចុងសប្តាហ៍ អបអរថ្ងៃបានឈប់សម្រាកពីការងារ។ ក្នុងពិធីនោះ យើងច្រើនតែញ៉ាំសាច់ជាជាតិខ្លាញ់ឆ្អែត(saturated fat) ដែលសម្បូរទៅដោយ palmitic acid ដែលនឹងទៅរារាំងសកម្មភាពរបស់អ័រម៉ូនleptin ដែលជាអ្នកចាត់ចែងលើការស្រូបបឺតយកអាហារទៅបង្កើនទម្ងន់។ លោក Deborah Clegg, Ph.D., មកពី the University of Texas Southwestern medical center និយាយថា ការជប់លៀងមួយពេលនោះ បានធ្វើឱ្យអសកម្មអស់៣ថ្ងៃ។
៤- ញ៉ាំចំណីអាហារប្រៃ
អំបិលដែលយើងញ៉ាំសព្វថ្ងៃគឺជាសូដ្យូមក្លរួ ដែលនឹងធ្វើឱ្យយើងចេះតែឃ្លានមិនចេះចប់។
ត្រូវលុបបំបាត់ទម្លាប់ញ៉ាំពោតលីង ចំណិតដំឡូងចៀន សណ្តែកដី ។ល។ នៅពេលមើលភាពយន្ត លេងល្បែង ឬនៅបារ ចេញ។
៥- ការសេពគ្រឿងស្រវឹង
ញ៉ាំប៊ីយែរ២កំប៉ុងក្នុង១យប់ៗ អ្នកនឹងទទួលបានលើសពី២០០០កាឡូរីក្នុង១សប្តាហ៍។ នៅមានផលអាក្រក់ជាច្រើនផ្សេងទៀត ដែលយើងគ្រប់គ្នាបានដឹងហើយ។
យកល្អ ត្រូវសេពគ្រឿងស្រវឹងតែបន្តិចបន្តួចបានហើយ ហើយគួតែញ៉ាំស្រាទំពាំងបាយជូរវិញ។
៦- ញ៉ាំអាហារមើលទូរទស្សន៍
យើងបានឃើញនៅក្នុងចំណុចទី២ហើយ ថាការមើលទូរទស្សន៍ពេលញ៉ាំអាហារមិនល្អទេ ព្រោះវាអាចធ្វើឱ្យយើងមិនយកចិត្តទុកដាក់ដល់រសជាតិអាហារ។ ការសិក្សាបានឱ្យដឹងបន្ថែមទៀតថា អ្នកដែលញ៉ាំអាហារនៅមុខទូរទស្សន៍ ញ៉ាំច្រើនជាងអ្នកដែលមិនមើលទូរទស្សន៍។ ម្យ៉ាងការមើលទូរទស្សន៍អាចធ្វើឱ្យគេងមិនគ្រប់គ្រាន់ ហើយការគេងមិនគ្រប់គ្រាន់នេះធ្វើឱ្យគេញ៉ាំច្រើនជាងធម្មតា។ ម្យ៉ាងទៀត មើលទូរទស្សន៍កាន់តែខ្លាំង អសកម្មក៏កាន់តែខ្លាំងដែរ។