ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នកពីអាការៈដែលបង្ហាញថាកូនកំពុងតែក្តៅខ្លួន។ តើមានអ្វីខ្លះទៅ?
- ជាធម្មតា សីតុណ្ហភាពខ្លួនកូនគឺស្ថិតក្នុងចន្លោះពី36.5oC ដល់37.5oC។ ដូចនេះ ប្រសិនជាកម្តៅកូនលើសដល់38oC នោះកូនកំពុងតែក្តៅខ្លួនហើយ។
- នៅពេលដែលកូនក្តៅខ្លួន គេនឹងតែងតែយំរករឿងមិនឈប់នោះទេ ថែមទាំងគេងមិនលក់ឡើយ ដោយកើតមានអាការៈអន្ទះសារតែម្តង។
- ប្រសិនជាកូនកំពុងតែក្តៅខ្លួន នោះគេនឹងមិនព្រមបៅនោះទេ ដោយការបៅគឺធ្លាក់ចុះគួរឲ្យកត់សម្កាល់។
- បើកូនក្តៅខ្លួន នោះគេនឹងមានអារម្មណ៍មិនមូលឡើយ ដោយប្រតិកម្មយឺត អស់កម្លាំង ហើយក៏មិនសូវធ្វើចលនាដែរ។
- នៅពេលដែលកូនក្តៅខ្លួន នោះស្បែករបស់គេនឹងប្រែជាក្រហម ក្តៅ ស្លេក ឬដៃជើងត្រជាក់ដូចទឹកកកក៏មានដែរ។
- ប្រសិនជាកូនក្តៅខ្លួន ការដកដង្ហើមរបស់គេនឹងប្រែជាញាប់ជាងមុន ពិបាកដកដង្ហើម ឬជួនកាលកើតមានអាការៈក្អកផងដែរ។
- អាការៈផ្សេងទៀតគឺកូនអាចនឹងក្អួត ឬរាកក៏មានដែរ។ ដូចនេះ ប្រសិនជាកូនកើតមានអាការៈទាំងនេះ អ្នកម្តាយគួរតែប្រយ័ត្ន ព្រោះកូនកំពុងតែក្តៅខ្លួនហើយ។ ដូចនេះ អ្នកម្តាយគួរតែបញ្ចុះកម្តៅឲ្យកូនឲ្យបានទាន់ពេល ទើបសុខភាពកូនមិនប្រឈមនឹងគ្រោះថ្នាក់៕