ក្នុងជីវិតរស់នៅ គឺហាក់ដូចជាគ្មាននរណាម្នាក់អាចចៀសផុតពីបញ្ហាស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ឡើយ។ ទោះជាយ៉ាងណាភាពតានតឹងក្នុងអារម្មណ៍ជាប្រចាំអាចបង្កផលប៉ះពាល់គួរឱ្យព្រួយបារម្ភចំពោះសុខភាព។ ថ្ងៃនេះវេបសាយសុខភាពយើងនឹងបង្ហាញឱ្យដឹងពីឥទ្ធិពលនៃភាពស្ត្រេសលើរាងកាយ ៖
១. សម្ពាធឈាមឡើងខ្ពស់
ធ្លាប់ដឹងទេថាស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ខ្លាំងជាប្រចាំក៏អាចបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់ផងដែរ? នេះក៏ព្រោះតែនៅពេលស្ត្រេស រាងកាយនឹងបង្កើនការផលិតអ័រម៉ូនមួយចំនួនដែលជះឥទ្ធិពលលើកម្រិតនៃសម្ពាធឈាមនាំឱ្យឡើងខុសប្រក្រតីដោយបង្កបញ្ហាចង្វាក់បេះដូងលោតញាប់ ហើយសម្ពាធឈាមរួមតូច។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគ្រប់គ្រង ឬកាត់បន្ថយភាពស្ត្រេសរបស់អ្នក។
២. ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសពេកក៏ជះផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរាងកាយដែលធ្វើឱ្យអ្នកងាយឆ្លងជំងឺផ្សេងៗផងដែរ។ នៅពេលតានតឹងក្នុងអារម្មណ៍ខ្លាំងខួរក្បាលនឹងផលិតអ័រម៉ូនស្ត្រេស cortisol កាន់តែច្រើនឡើងដែលជះឥទ្ធិពលដល់មុខងាយនៃកោសិកា T ចាំបាច់សម្រាប់ប្រយុទ្ធប្រឆាំងរោគឆ្លង។
៣. សុខភាពស្បែក
ភាពតានតឹងក្នុងអារម្មណ៍អាចជះឥទ្ធិពលលើសុខភាពរាងកាយទាំងមូលរួមទាំងស្បែក! នៅពេលស្ត្រេសអ្នកងាយនឹងកើតរោគមុន ស្នាមដក់ខ្មៅក្រោមភ្នែក ព្រមទាំងបញ្ហាស្បែកស្រអាប់។ ដូច្នេះប្រសិនបើចង់រក្សាបាននូវសុខភាពស្បែកល្អប្រសើរ ចូរព្យាយាមគ្រប់គ្រងភាពស្ត្រេស។
៤. កូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់
ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសគ្រប់ពេលសឹងតែរាល់ថ្ងៃអាចនឹងបង្កបញ្ហាសុខភាពជាច្រើន។ នោះក៏ព្រោះតែស្ត្រេសកាត់បន្ថយភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំរាងកាយ ហើយថែមទាំងបណ្ដាលឱ្យរាងកាយបង្កើនការផលិតអ័រម៉ូន cortisol និង epinephrine ដែលបង្កបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់។
៥. អារម្មណ៍ប្រែប្រួលឆាប់រហ័ស
ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសជាប់ជាប្រចាំជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើអារម្មណ៍ដោយអាចនឹងប្រែប្រួលឆាប់រហ័ស។
៦. ជំងឺបេះដូង
នេះក៏ព្រោះតែអ័រម៉ូន cortisol ដែលរាងកាយបញ្ចេញពេលស្ត្រេសបណ្ដាលឱ្យកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ជាតិខ្លាញ់ទ្រីគ្លីសេរី និងសម្ពាធឈាមឡើងខ្ពស់ដែលបង្កើនហានិភ័យនៃជំងឺបេះដូងគួរឱ្យបារម្ភ៕