ការភ្លេចភ្លាំងមិនមែនជាជំងឺទេ ប៉ុន្តែវា គឺជាបណ្តុំនៃរោគសញ្ញាដែលប៉ះពាល់ដល់ការចងចាំ ការទំនាក់ទំនង ការគិត និងសមត្ថភាពរស់នៅក្នុងសង្គម ដែលសុទ្ធតែរំខានដល់សកម្មភាពរស់នៅប្រចាំថ្ងៃ។ ជំងឺភ្លេចភ្លាំងពេលចាស់ជរា ការមានរបួសនៅក្បាល ជំងឺដាច់សរសៃឈាមខួរក្បាល ដុំសាច់ក្នុងខួរក្បាល សុទ្ធតែជាមូលហេតុសំខាន់មួយចំនួននៃការភ្លេចភ្លាំង ។
យ៉ាងណាមិញ ការសម្គាល់ដឹងនូវរោគសញ្ញារបស់វាភ្លាមៗនឹងជួយកំណត់រោគវិនិច្ឆ័យបានលឿនដើម្បីស្វែងរកមូលហេតុរបស់វា ។ ខាងក្រោមនេះ គឺជាអការៈមួយចំនួនដែលបញ្ជាក់ថា អ្នកកំពុងតែមានអាការៈជំងឺភ្លេចភ្លាំងហើយ ៖
១-ការប្រែប្រួលចំពោះការចងចាំរយៈពេលខ្លី
២-ពិបាកក្នុងការបំពេញការងារខុសៗគ្នាជាច្រើនដែលខ្លួនធ្លាប់តែធ្វើបាន
៣-លែងសូវមានចំណាប់អារម្មណ៍លើអ្វីដែលចូលចិត្ត
៤-ភ្លេចនូវការប្រើប្រាស់ពាក្យពេជ្យដែលត្រឹមត្រូវ ឬសាមញ្ញៗ
៥-ឧស្សាហ៍មានភាពវង្វេងវង្វាន់
៦-អារម្មណ៍មានការប្រែប្រួលដូចជា ការបាក់ទឹកចិត្ត ការខឹងឆេវឆាវ ឬពិបាកចិត្តជាដើម
៧-ចេះតែនិយាយពាក្យដដែលៗ
៨-ពិបាកផ្ចង់អារម្មណ៍លើសាច់រឿងដែលមានច្រើនដើម្បីបញ្ចូលគ្នាក្លាយទៅជារឿងតែមួយ
៩-ពិបាកសម្របខ្លួនទៅនឹងការប្រែប្រួលអ្វីដែលថ្មីៗ
១០-លែងចេះកាត់សេចក្តីថាអ្វីជាខុស និងអ្វីដែលត្រូវ
ដូច្នេះបើសិនជាមនុស្សជាទីស្រឡាញ់របស់អ្នកធ្លាប់មានបញ្ហាទាំងអស់ដូចខាងលើ យកល្អគួរតែនាំគាត់ទៅពិគ្រោះជាមួយគ្រូពេទ្យខាងផ្លូវចិត្តភ្លាមៗទៅ ។
ការបាត់បង់ការចងចាំតែមួយមុខមិនមែនមានន័យថា វាជាជំងឺភ្លេចភ្លាំងឡើយ ព្រោះវាមានកត្តាច្រើនទៀតដែលចូលរួមជាមួយ។ យ៉ាងណាមិញ បើសិនជារោគសញ្ញាកើតឡើងម្តងហើយម្តងទៀត និងកាន់តែធ្ងន់ទៅៗ ចូរពិគ្រោះជាមួយគ្រូពេទ្យឲ្យខានតែបានទៅ៕