នៅពេលអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២ រាងកាយនឹងបាត់បង់សមត្ថភាពក្នុងការប្រើប្រាស់ជាតិស្ករក្នុងឈាម។ កាលណាបញ្ហានេះកើតឡើងកាន់តែយូរ ជាតិស្ករក្នុងឈាមមិនអាចគ្រប់គ្រងបាន ដែលអាចនាំឲ្យខូចខាតដល់សរសៃប្រសាទ ខូចតម្រងនោម ខ្វាក់ភ្នែក និងជំងឺបេះដូង។
សម្រាប់អ្នកមានបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះអ្វីដែលគួរទទួលទាន និងមិនគួរដើម្បីជៀសវាងបញ្ហាធ្ងន់ធ្ងរកើតឡើង។ ប៉ុន្តែទោះជាអ្នកចាំបាច់ត្រូវជៀសវាងអាហារខ្លះក៏ដោយ ក៏នៅមានអាហារមួយចំនួនទៀតដែលអ្នកគួរទទួលទានដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមល្អប្រសើរ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ?
ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីអាហារដែលចាំបាច់មានប្រសិទ្ធិភាពជួយក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ៖
១. ផលិតអាហារផ្សំឡើងពីទឹកដោះមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់
មិនត្រឹមតែមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមប៉ុណ្ណោះទេ ប៉ុន្តែផលិតផលអាហារផ្សំឡើងពីដោះគោមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់ដូចជាយ៉ាអួរ និងទឹកដោះគោក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន D ផងដែរ។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ការរួមបញ្ចូលអាហារប្រភេទនេះអាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ ខណៈពេលផ្ដល់សារធាតុចិញ្ចឹមកាន់តែច្រើនដល់រាងកាយ។
២. សូកូឡាខ្មៅ
ភ្ញាក់ផ្អើលណាស់មែនទេ? ប៉ុន្តែការទទួលទានសូកូឡាខ្មៅ គឺពិតជាល្អសម្រាប់អ្នក ជាងសូកូឡាលាយទឹកដោះគោ។ សូកូឡាជួយបង្កើនភាពប្រែប្រួលនៃអាំងស៊ុយលីនដែលធ្វើឱ្យរាងកាយអាចផ្លាស់ទីជាតិស្ករទាំងអស់ចេញពីកោសិកាឈាម ដូច្នេះអ្នកនឹងមានថាមពលកាន់តែប្រសើរពេញមួយថ្ងៃ។ ទោះជាយ៉ាងណាសូកូឡាខ្មៅដែលអ្នកជ្រើសរើសមានផ្ទុកជាតិកាកាវ ៧០ ភាគរយ។
៣. ខ្ទឹមបារាំងនិងខ្ទឹមស
ខ្ទឹមទាំងពីរនេះមានផ្ទុកសារធាតុដែលមានប្រសិទ្ធិភាពខ្ពស់ជួយបញ្ចុះជាតិស្ករក្នុងឈាមនិងទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទទី ២។ ដូច្នេះហើយទើបការទទួលទានខ្ទឹមសនិងខ្ទឹមបារាំងឱ្យបានញឹកញាប់ ឬរួមបញ្ចូលវាក្នុងអាហារ គឺប្រសើរបំផុត។
៤. បឺរី
ការទទួលទានផ្លែបឺរី (ស្ត្របឺរី, ឈើរី និងប្ល៊ូបឺរីជាដើម) គឺពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។ នេះក៏ព្រោះតែផ្លែបឺរីមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម ជាពិសេស គឺវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងជាតិសសៃដែលល្អណាស់សម្រាប់គ្រង់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។
៥. តែបៃតង
តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសមាសធាតុដ៏មានឥទ្ធិពលផ្សេងទៀតដែលធ្វើឱ្យវាក្លាយជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២។ សារធាតុ polyphenols ដែលមានផ្ទុកក្នុងតែបៃតងក៏មានអត្ថប្រយោជន៍ជួយក្នុងការបំលែងគ្លុយកូសទៅជាថាមពលផងដែរ។
៦. គ្រាប់ជី
ជាតិអន្ធិលនៃគ្រាប់ជីជួយពន្យឺតការរំលាយជាតិស្ករ ដោយបង្កើតរបាំងការពាររវាងជាតិកាបូអ៊ីដ្រាត និងអង់ស៊ីមរំលាយអាហារ។ ជាលទ្ធផលក្នុងការបញ្ចេញថាមពលប្រកបដោយស្ថេរភាពជំនួសការបញ្ចេញជាតិស្ករខ្ពស់ទៅក្នុងឈាមដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
៧. ត្រីសម្បូរខ្លាញ់
ត្រីសាលម៉ុន ត្រីធូណា និងត្រីសាឌីនជាដើមសុទ្ធតែជាប្រភេទនៃត្រីដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ។ លើសពីនេះទៅទៀតអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ល្អសម្រាប់សុខភាពសន្លាក់ឆ្អឹង បេះដូង និងខួរក្បាលផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានត្រីសម្បូរខ្លាញ់ឳ្យបាន ២ ដងក្នុងមួយសប្តាហ៍។
៨. បន្លែបៃតង
ជាប្រភេទនៃអាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម និងកាឡូរីទាប។ បន្លែបៃតងក៏មានផ្ទុកកាបូអ៊ីដ្រាតដែលស្រូបយកដោយរាងកាយទាបផងដែរ ដូច្នេះវាមិនជះឥទ្ធិពលលើកម្រិតនៃជាតិស្ករក្នុងឈាមឡើយ។ អាហារនេះជាប្រភពដ៏ប្រសើរនៃវីតាមីន ជាតិរ៉ែចាំបាច់ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អៗសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ បន្ថែមពីនេះបន្លែបៃតងក៏មានផ្ទុកសារធាតុ lutein និង zeaxanthin ដែលការពារភ្នែកមិនឱ្យទទួលរងផលប៉ះពាល់ដោយសារជំងឺទឹកនោមផ្អែមទៀតផង។
៩. ផ្កាខាត់ណាខៀវ
មានផ្ទុកកាឡូរីនិងកាបូអ៊ីដ្រាតដែលស្រូបយកដោយរាងកាយទាប ប៉ុន្តែសម្បូរសារធាតុចិញ្ចឹមចាំបាច់ដូចជាវីតាមីន C និងម៉ាញ៉េស្យូមល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ការទទួលទានផ្កាខាត់ណាខៀវក៏ជួយបន្ថយកម្រិតអាំងស៊ុយលីននិងការពារកោសិកាមិនឱ្យទទួលរងការខូចខាត ព្រមទាំងគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ផងដែរ៕