ប្រសិនបើអ្នកកត់សម្គាល់សញ្ញាមួយចំនួននៃជំងឺទឹកនោមផ្អែម អ្នកមិនគួរមើលរំលង ឬធ្វេសប្រហែស ដោយមិនបានពិនិត្យ ប្រឹក្សា ឬព្យាបាលវាឡើយ ពីព្រោះជំងឺទឹកនោមផ្អែម អាចបង្កជាជំងឺ ឬធ្វើឲ្យខូចខាតដល់សរីរាង្គជាច្រើននៅក្នុងរាងកាយរបស់អ្នក ។
ជំងឺទឹកនោមផ្អែម ប្រភេទទី ២ គេមើលមិនដឹងនោះទេ ហើយមានមនុស្សច្រើនណាស់ ដែលទទួលរងការឈឺចាប់ ក្រោយពេលជំងឺនេះ វាយលុកសុខភាព ឲ្យចុះទ្រុតទ្រោម បាត់ទៅហើយនោះ។
អ្នកជំនាញបានណែនាំថា អ្នកគួរតែយកចិត្តទុកដាក់ និងតាមដានជំងឺនេះ ឲ្យបានជាប់លាប់ និងដឹតដល់ ដើម្បីការពារ ផលវិបាកនានា ចំពោះសុខភាពទាំងមូល។
ការពិនិត្យសុខភាពជាទៀងទាត់ នឹងធ្វើឲ្យអ្នក បានរីករាយសប្បាយចិត្ត ក្រោយពេលដឹងថា អ្នកអាចគ្រប់គ្រងវាបាន ហើយអ្នកក៏អាចព្យាបាល ផលវិបាកនានា ទាន់ពេលវេលាផងដែរ។ ក្នុងឱកាស ទិវាសុខភាពពិពភលោក ឆ្នាំ ២០១៦ អ្នកជំនាញបានជំរុញ ឲ្យពលរដ្ឋដែលមានអាយុ លើសពី ២៥ ឆ្នាំ គួរតែពិនិត្យសុខភាព ដើម្បីស្វែងរកជំងឺទឹកនោមផ្អែម។
បេះដូង
បេះដូង និងសរសៃឈាម គឺជាជនរងគ្រោះទីមួយ ដោយសារជំងឺទឹកនោមផ្អែម ប្រភេទទី ២។ ប្រសិនបើអ្នកព្រងើយ មិនព្រមព្យាបាលជំងឺនេះទេ អ្នកមានឱកាសដល់ទៅ ៧០ ភាគរយ ក្នុងការកើតជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
ភ្នែក
ជំងឺទឹកនោមផ្អែម ក៏វាយលុកទៅលើភ្នែកផងដែរ ដែលធ្វើឲ្យអ្នកជំងឺ ស្រវាំងភ្នែក ដក់ទឹកក្នុងភ្នែក ឬខ្វាក់ភ្នែកតែម្តង។
តម្រងនោម
ត្រូវមើលថែតម្រងនោម របស់អ្នកឲ្យបានល្អ បើមិនអញ្ចឹងទេ វាច្បាស់ជាខូច លែងដំណើរការ ដោយសារជំងឺទឹកនោមផ្អែម ជាមិនខានឡើយ។ តម្រងនោម មានសរសៃឈាមជាច្រើន ដែលជួយក្នុងការច្រោះជាតិពុល និងកាកសំណល់ ចេញពីក្នុងឈាម។ នៅពេលអ្នកកើតជំងឺទឹកនោមផ្អែម តម្រងនោម ក៏ងាយនឹងខូចដែរ។
សរសៃប្រសាទ
ការលើសជាតិស្ករ នៅក្នុងរាងកាយ អាចធ្វើឲ្យខូចខាត ដល់ជញ្ជាំងសរសៃឈាមតូច ដែលទៅចិញ្ចឹមសរសៃប្រសាទ ពិសេស សរសៃប្រសាទជើង។ ការគ្រប់គ្រងជាតិស្ករមិនបានល្អ អាចធ្វើអ្នកស្ពឹកដៃជើង កម្រើកមិនបាន ឬខូចខាតទាំងស្រុង (ពិការ)។
ជើង
ជាការពិត វាជាសរីរាង្គ ដែលឧស្សាហ៍រងគ្រោះ ដោយសារជំងឺទឹកនោមផ្អែមផងដែរ ពិសេស ក្រោយពេលវាត្រូវរបួស ឬឆ្លងមេរោគ វាមិនងាយជាសះស្បើយឡើយ៕