អ្វីដែលយើងទទួលទានរាល់ថ្ងៃ គឺប៉ះពាល់ដល់ចិត្តគំនិត និងរាងកាយរបស់យើងទាំងមូលតែម្ដង។ ការទទួលទានបានត្រឹមត្រូវមិនត្រឹមតែល្អសម្រាប់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងការគិត ឬសកម្មភាពខួរក្បាលផងដែរ។
ខួរក្បាល ជាសរីរាង្គសំខាន់ណាស់ក្នុងរាងកាយដែលផ្សារភ្ជាប់សសៃប្រសាទរាប់លានជាមួយរាងកាយ ហើយនៅពេលអ្នកទទួលទានអាហារត្រឹមត្រូវនោះអ្នកអាចបង្កើនការចងចាំរបស់ខ្លួនឯងបានប្រកបដោយប្រសិទ្ធិភាព។ នៅពេលណាខួរក្បាលទទួលរងសម្ពាធ ឬតានតឹង វានឹងបញ្ចេញនូវសារធាតុគីមីដែលប៉ះពាល់ដល់រាងកាយគួរឲ្យព្រួយបារម្ភ ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារដែលជួយជម្រុញថាមពលខួរក្បាលជាប្រចាំនោះអ្នកអាចកាត់បន្ថយសារធាតុគីមីគ្រោះថ្នាក់ និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ?
ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារដែលបង្កើនថាមពលខួរក្បាលជម្រុញការចងចាំ ៖
១. កាហ្វេ
ការទទួលទានកាហ្វេជាប្រចាំអាចជួយឲ្យចិត្តរបស់អ្នកកាន់តែច្បាស់ និងបង្កើនមុខងារនៃខួរក្បាល។ នោះក៏ព្រោះកាហ្វេមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុមួយចំនួនទៀតដូចជា កាហ្វេអ៊ីន ដែលល្អសម្រាប់ភាពសកម្មនៃខួរក្បាល និងការផ្ដោតអារម្មណ៍។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរទទួលទានកាហ្វេលើសពី ២ ទៅ ៣ កែវ ក្នុងមួយថ្ងៃឡើយ។
២. សូកូឡាខ្មៅ
សូកូឡាខ្មៅ ក៏ជាអាហារជម្រុញថាមពលខួរក្បាល បង្កើនការចងចាំផងដែរ តាមរយៈបរិមាណនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលវាមានផ្ទុក។ សូកូឡាខ្មៅ ក៏មានផ្ទុកនូវសារធាតុប្រឆាំងការរលាកដែលល្អសម្រាប់សុខភាពបេះដូង។ ត្រូវប្រាកដថា អ្នកបានជ្រើសរើសសូកូឡាខ្មៅដែលផ្សំឡើងពីកាកាវ ៧០ ភាគរយ។
៣. ផ្លែបឺរ
ផ្លែឈើនេះមានផ្ទុកជាតិខ្លាញ់សុខភាព monosaturated fat ដែលល្អសម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងខួរក្បាល។
៤. ទឹក
គ្រាន់តែទទួលទានទឹកធម្មតា ក៏ជួយបង្កើនថាមពលខួរក្បាល, ជម្រុញការចងចាំ និងកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយផងដែរ។ ដើម្បីជាការប្រសើរចូរទទួលទានទឹកឲ្យបានពី ៨ ទៅ ១០ កែវ ក្នុងមួយថ្ងៃ។
៥. ខ្ទឹមស
ខ្ទឹមស មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាក ដែលផ្ដល់ប្រយោជន៍ប្រសើរណាស់សម្រាប់ទាំងសុខភាពផ្លូវកាយ និងចិត្ត។ ការទទួលទានខ្ទឹមសជាប្រចាំអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជម្រុញការចងចាំ។ បន្ថែមខ្ទឹមស ២ ទៅ ៨ កំពឹសក្នុងអាហាររបស់អ្នក ហើយអ្នកនឹងភ្ញាក់ផ្អើលជាមួយលទ្ធផល។
៦. ត្រី
ការទទួលទានត្រីដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺប្រសើរណាស់សម្រាប់បង្កើនសុខភាពខួរក្បាល។ ជាតិខ្លាញ់អូមេហ្គា ៣ ជួយបង្កើតកោសិកាខួរក្បាល និងសសៃប្រសាទ។ ការទទួលទានត្រី ក៏អាចជួយសម្រួលអារម្មណ៍ និងធ្វើឲ្យខួរក្បាលស្ងប់ផងដែរ។
៧. ប្រេងដូង
ប្រេងដូង មានផ្ទុកនូវសារធាតុប្រឆាំងការរលាក និងប្រឆាំងបាក់តេរី ដែលល្អសម្រាប់សុខភាពរាងកាយទាំងមូល និងខួរក្បាលផងដែរ។ ការទទួលទានប្រេងដូងក្នុងអាហារអាចជួយបង្កើនថាមពលខួរក្បាល។
៨. ស៊ុត
ផ្នែកពណ៌លឿងនៃស៊ុត មានផ្ទុកនូវសារធាតុ choline ដែលជួយក្នុងការអភិវឌ្ឍខួរក្បាលទារកសម្រាប់ស្ត្រីមានផ្ទៃពោះ។ វាក៏ជួយបំបែកសារធាតុគីមី bethane ហើយបង្កើតអ័រម៉ូនទាក់ទងនឹងភាពរីករាយផងដែរ៕