ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកម្តាយគួរតែប្រយ័ត្នពេលដែលក្រោកឡើងបំបៅទឹកដោះកូនក្នុងពាក់កណ្តាលយប់។ តើមានអ្វីខ្លះទៅ?
ក្នុងពាក់កណ្តាលយប់ ជាពេលដែលអ្នកម្តាយគេងលក់ស្រួល ហើយក៏ជាពេលដែលកូនងាយគេងលក់ក្នុងពេលបៅទឹកដោះដែរ។ នៅពេលដែលអ្នកម្តាយបំបៅទឹកដោះកូន ហើយគេងលក់ខ្លួនឯង នឹងងាយធ្វើឲ្យកូនពិបាកដកដង្ហើមណាស់ ព្រោះច្រមុះកូននៅជិតដោះអ្នក។ បើអ្នកមិនប្រយ័ត្ន នឹងអាចធ្វើឲ្យកូនថប់ដង្ហើមបាន។ ជាពិសេស អ្នកម្តាយគួរតែក្រោកឡើងមកអង្គុយបំបៅទឹកដោះកូន ទើបមិនធ្វើឲ្យកូនឈ្លក់នឹងទឹកដោះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកម្តាយត្រូវតែយកដៃទប់ក្បាលដោះអ្នកខ្លះ ព្រោះបើទឹកដោះហូរចូលមាត់កូនច្រើនពេកក្នុងពេលដែលកូនគេងលក់ហើយមាត់នៅតែបៅ អាចធ្វើឲ្យកូនគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកម្តាយត្រូវតែបំបៅកូនដោយស្មារតីល្អ ដោយមិនគួរគេងលក់ទេ ទើបកូនមិនប្រឈមនឹងគ្រោះថ្នាក់៕