អង្ករធម្មតា គឺជាផ្នែកមួយនៃរបបអាហារដែលមនុស្សភាគច្រើនបំផុតទូទាំងពិភពលោកនិយមទទួលទាន ។ ទោះជាយ៉ាងណាក្តី អង្ករធម្មតានេះមិនមានសារធាតុចិញ្ចឹមច្រើនដូចអង្ករសម្រូបទេ ។ ការផ្លាស់ប្តូរការទទួលទានពីអង្ករធម្មតាទៅអង្ករសម្រូប អ្នកអាចនឹងទទួលបានអត្ថប្រយោជន៍សុខភាពច្រើនយ៉ាង ៖
១-កាត់បន្ថយអត្រាប្រឈមមហារីកពោះវៀនធំ ៖ វត្តមានដ៏ច្រើនលើសលប់នៃសារធាតុ Selenium និង Phenols នៅក្នុងអង្ករសម្រូបអាចជាគន្លឹះមួយដែលនាំឱ្យអត្រាប្រឈមហារីកពោះវៀនចុះថយ ។ ដោយចៃដន្យ សារធាតុទាំង២នេះមិនមានច្រើនទេនៅក្នុងអង្ករធម្មតា ។
២-ទប់ស្កាត់ជំងឺបេះដូង ៖ ដោយយោងទៅលើវត្តមានដ៏ច្រើនសន្ធឹកសន្ធាប់នៃសារធាតុសរសៃ ដូច្នេះការទទួលទានអង្ករសម្រូបអាចនឹងផ្តល់ការការពារ ខ្លះៗប្រឆាំងនឹងជំងឺបេះដូង ។
ការសិក្សាមួយដែលបានធ្វើនៅរដ្ឋ Phila delphia សហរដ្ឋអាមេរិកបានបង្ហាញថា ស្រទាប់ពណ៌ត្នោតលើអង្ករសម្រូប (ដែលត្រូវបានម៉ាស៊ីនស្រិតចេញនៅពេលធ្វើឱ្យទៅជាអង្ករធម្មតា) អាចកាត់បន្ថយនូវសកម្មភាពប្រូតេអីុនឈ្មោះ Angiotensin II (ប្រភេទប្រូតេអីុនធ្វើឱ្យសម្ពាធឈាមកើន) ។
៣-ការពារប្រឆាំងនឹងមហារីកសុដន់ ៖ វត្តមាននៃសមាសធាតុ Pytonutrient Lignin ក្នុងអង្ករសម្រូបត្រូវគេគិតថា មានសមត្ថភាពទប់ស្កាត់ការលូតលាស់បណ្តាកោសិកាមហារីកសុដន់ ។
៤-ជួយបញ្ចុះខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ ៖ អង្ករសម្រូបជាប្រភពដ៏សម្បូរបែបនៃសារធាតុសរសៃដែលងាយរលាយ ។ សារធាតុនេះនឹងជួយឱ្យកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ (LDL) នៅក្នុងឈាមថយចុះ ។ ចំណែកសារធាតុប្រេងក្នុងអង្ករសម្រូបជួយបញ្ចុះសម្ពាធឈាម តែបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ(HDL)។
៥-ជួយរក្សាទម្ងន់ខ្លួន ៖ ទទួលទានរបបអាហារដែលសម្បូរដោយសារធាតុសរសៃ តួយ៉ាងដូចជាអង្ករសម្រូបនឹងធ្វើឱ្យអ្នកឆ្អែតបានយូរ កាត់បន្ថយបានការទទួលទានអាហារសម្រន់ ផ្សេងៗ ហើយដូច្នេះអាចរក្សាបាននូវទម្ងន់ខ្លួនក្នុងកម្រិតមួយដែលផ្តល់នូវសុខភាព ។
៦-ជួយឱ្យប្រព័ន្ធមុខងារពោះវៀនដំណើរការបានល្អ ៖ ដោយសារតែវត្តមានសារធាតុសរសៃមិនងាយរលាយក្នុងចំនួនល្មម ទើបធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការទៅមិនរអាក់រអួល ។ សារធាតុនេះបានស្រូបយកជាតិទឹកទៅពោះវៀន បង្កឱ្យមានចលនាវត្ថុរាវក្នុងពោះវៀនធំកាន់តែខ្លាំងជាងមុន ហើយដូច្នេះអាចទប់ស្កាត់បាននូវការទល់លាមក។
៧-ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ៖ អង្ករសម្រូបត្រូវគេរកឃើញថា ផ្ទុកសារធាតុស្ករ (GI) តិចជាងអង្ករធម្មតា ហើយការរំលាយសារធាតុ Carbohydrate ក៏យឺតជាងផងដែរ ដែលនេះមានន័យថា ការចែកចាយស្ករទៅក្នុងចរន្តឈាមមានដំណើរការយឺត និងស្ថិតក្រោមការគ្រប់គ្រង ។ ទទួលទានរបបអាហារដែលមានសារធាតុស្ករទាប តែសម្បូរដោយសារធាតុសរសៃដូចជាអង្ករសម្រូបគឺអាចធ្វើឱ្យកម្រិតគ្លុយកូសក្នុងឈាមស្ថិរភាពមិនប្រែប្រួល ។ ប្រការនេះអាចជួយកាត់បន្ថយអត្រាប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទ២ ។
៨-ជួយរក្សាប្រព័ន្ធសរសៃប្រសាទឱ្យមានសុខភាពល្អ ៖ អង្ករសម្រូបផ្ទុកនូវសារធាតុចិញ្ចឹមម៉ង់កាណែសក្នុងកម្រិតមួយយ៉ាងខ្ពស់ ដែលសារធាតុនេះគឺជាតម្រូវការចាំបាច់ដើម្បីផលិតអាស៊ីដខ្លាញ់ និងបណ្តាអ័រម៉ូនជួយទ្រទ្រង់ប្រព័ន្ធសរសៃប្រសាទ ។
៩-ជួយការពារក្រួសក្នុងប្រមាត់ ៖ តាមការសិក្សាមួយដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រអាមេរិក Journal of Gastroenterology រកឃើញថា របបអាហារដែលសម្បូរទៅដោយសារធាតុសរសៃមិនងាយរលាយ តួយ៉ាងដូចជា អង្ករសម្រូបអាចជួយឱ្យស្ត្រីកាត់បន្ថយអត្រាប្រឈមកើតក្រួសក្នុងប្រមាត់ ។
១០-ជួយរក្សាឆ្អឹងឱ្យមានសុខភាពល្អ ៖ អង្ករសម្រូបសម្បូរទៅដោយម៉ាញ៉េស្យូម កាល់ស្យូម និងវីតាមីន D ។ ម៉ាញ៉េស្យូមជាសារធាតុចិញ្ចឹមចាំបាច់មួយជួយឱ្យឆ្អឹងកាន់តែរឹងមាំ ។ ខ្វះសារធាតុនេះនឹងធ្វើឱ្យដង់ស៊ីតេឆ្អឹងចុះទាប ឈានទៅកើតជំងឺពុកឆ្អឹងនៅពេលក្រោយ ។ អង្ករសម្រូបចំណុះ១ពែងកាហ្វេ ផ្ទុកម៉ាញ៉េស្យូមដែលជាតម្រូវការប្រចាំថ្ងៃរបស់អ្នកប្រហែលជា២១% ៕