តម្រងនោមដើរតួនាទីយ៉ាងសំខាន់បំផុតមួយក្នុងរាងកាយដែលជួយកម្ចាត់កាកសំណល់តាមទឹកនោម ផលិតអ័រម៉ូន និងច្រោះជាតិពុល ព្រមទាំងសារធាតុរាវដែលលើសក្នុងឈាម។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមរក្សាសុខភាពតម្រងនោមឱ្យបានល្អប្រសើរ។ របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពតម្រងនោម! ដូច្នេះការដឹងពីអាហារអ្វីគួរចៀសវាងគឺចាំបាច់ណាស់។ ថ្ងៃនេះវេបសាយយើងនឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលល្អបំផុតសម្រាប់សុខភាពតម្រងនោម៖
១. រមៀត
ក៏មានប្រសិទ្ធភាពសម្អាតតម្រងនោមគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀតរមៀតក៏មានសមត្ថភាពសម្អាតថ្លើមនិងបន្សុទ្ធឈាមផងដែរ។ រមៀតមានលក្ខណៈសម្បត្តិប្រឆាំងការលាកដែលទប់ស្កាត់ការរលាកក្នុងតម្រងនោម រួមទាំងការបង្ករោគ។
២. ស្ពៃក្ដោប
ជាប្រភពនៃសារធាតុ phytochemicals ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មទប់ស្កាត់រ៉ាឌីកាល់សេរីមិនឱ្យបង្កការបំផ្លាញកោសិកា កាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺសសៃឈាមបេះដូង និងបញ្ហាខ្សោយតម្រងនោម។ ស្ពៃក្ដោបក៏មានផ្ទុកសម្បូរទៅដោយវីតាមីន និងជាតិរ៉ែសំខាន់ៗដែលល្អសម្រាប់សុខភាពតម្រងនោម។
៣. ខ្ញី
សារធាតុ Gingerols នៃខ្ញី គឺជាភ្នាក់ងារប្រឆាំងមេរោគបាក់តេរីជួយរារាំងការរីករាលដាលនៃពពួកបាក់តេរីក្នុងតម្រងនោម។ ដូច្នេះកុំភ្លេចបន្ថែមខ្ញីក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៤. ម្ទេសផ្លោកក្រហម
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ការទទួលទានម្ទេសផ្លោកក្រហម គឺល្អសម្រាប់តម្រងនោម។ សារធាតុ lycopene មានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកដូច្នេះវាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកតម្រងនោម។
៥. ទំពាំងបារាំង
មានផ្ទុកកាឡូរីទាប ប៉ុន្តែវីតាមីន A វីតាមីន K និងវីតាមីន C ខ្ពស់ ដែលល្អសម្រាប់រក្សាសុខភាពតម្រងនោម។ ទោះជាយ៉ាងណាបន្លែនេះក៏ជាប្រភពនៃប៉ូតាស្យូម កាល់ស្យូម ព្រមទាំងផូស្វ័រដែលអ្នកចាំបាច់គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតសិនមុនពេលទទួលទានទំពាំងបារាំង ជាពិសេសក្នុងករណីអ្នកកំពុងមានបញ្ហាតម្រងនោមណាមួយ។
៦. មើមឆៃថាវក្រហម
នោះក៏ព្រោះតែមើមឆៃថាវក្រហមជាប្រភពដ៏ប្រសើរនៃសារធាតុ betaine ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកនិងជួយកម្ចាត់សារធាតុ calcium phosphate ក្នុងតម្រងនោម។ ទោះជាយ៉ាងណា
អ្នកក៏មិនគួរទទួលទានច្រើនលើសកម្រិតពេកដែរ។
៧. បន្លែប្រភេទ Cruciferous
បន្លែប្រភេទ cruciferous រួមមានផ្កាខាត់ណា ប្រខូលីជាដើមមានផ្ទុកសារធាតុ phytochemicals ដែលទប់ស្កាត់ការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ បន្លែទាំងនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារផងដែរ។ សារធាតុ sulfur នៃបន្លែប្រភេទ cruciferous ដែលជួយរាងកាយកម្ចាត់ជាតិពុល។
៨. ត្រីសម្បូរខ្លាញ់
ប្រូតេអ៊ីន គឺសំខាន់ណាស់សម្រាប់សុខភាពតម្រងនោមល្អប្រសើរផងដែរ។ ហើយប្រភពដ៏ល្អបំផុតនៃប្រូតេអ៊ីន គឺត្រីសម្បូរខ្លាញ់ រួមមានត្រីធូណាត្រីសាលម៉ុន និងត្រីសាឌីនជាដើម។ ត្រីសម្បូរខ្លាញ់ក៏មានផ្ទុកបរិមាណខ្ពស់នៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រយោជន៍មិនមែនតែសម្រាប់រក្សាសុខភាពសសៃឈាមបេះដូងឡើយ ប៉ុន្តែក៏ប្រសើរចំពោះតម្រងនោមគួរអោយកត់សម្គាល់។
៩. បន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុ folate វីតាមីន C វីតាមីន K ជាតិសសៃ និងសារធាតុចិញ្ចឹម phytonutrients ដែលជួយកាត់បន្ថយសម្ពាធឈាម ព្រមទាំងភាពតានតឹងលើតម្រងនោម ប្រយុទ្ធប្រឆាំងការរលាក រក្សាតុល្យភាពនៃជាតិស្ករក្នុងឈាម បង្កើនការផលិតទឹកនោម ហើយក៏លាងសម្អាតតម្រងនោមផងដែរ។
១០. ខ្ទឹមសនិងខ្ទឹមបារាំង
ជាឱសថបែបធម្មជាតិដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតមួយជួយព្យាបាលបញ្ហាផ្សេងៗនៃតម្រងនោម។ ខ្ទឹមស និងខ្ទឹមបារាំងក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ allicin ដែលជួយក្នុងការសម្អាតតម្រងនោមបានយ៉ាងប្រសើរ រួមជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងការរលាក, សម្លាប់មេរោគបាក់តេរី និងកម្ចាត់រោគផ្សិត។
១១. ផ្លែប៉ោម
ជាប្រភពដ៏ប្រសើរនៃវីតាមីន ជាតិរ៉ែ និងជាតិសសៃ។ វាក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងប្រឆាំងអុកស៊ីតកម្មដែលជួយកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ ជំងឺបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្អែម។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺជំងឺទឹកនោមផ្អែមមានទំនាក់ទំនងផ្សារភ្ជាប់នឹងបញ្ហាតម្រងនោមផ្សេងៗ។ ដូច្នេះការទទួលទានផ្លែប៉ោមអាចជួយការពារអ្នកពីបញ្ហាតម្រងនោមបាន។
១២. ទំពាំងបាយជូរក្រហម
មានផ្ទុកសម្បូរទៅដោយសមាសធាតុ polyphenolic ឬ resveratrol ដែលអាចផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព រួមបញ្ចូលទាំងការពង្រឹងសុខភាពបេះដូងនិងការពារតម្រងនោម។ ការទទួលទានទំពាំងបាយជូរក្រហមក្នុងកម្រិតត្រឹមត្រូវពិតជាអាចជួយពង្រឹងសុខភាពតម្រងនោមគួរឱ្យកត់សម្គាល់៕