អ្វីដែលអ្នកទទួលទានអាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពរាងកាយទាំងមូល រួមបញ្ចូលទាំងសន្លាក់។ ដូច្នេះហើយទើបការជ្រើសរើសអាហារបានត្រឹមត្រូវនឹងជួយឱ្យអ្នក
ជៀសផុតពីហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ។ ថាតើអាហារប្រភេទណាខ្លះទៅដែលអាចបង្កអាការៈនៃជំងឺរលាកសន្លាក់ឆ្អឹងកាន់តែធ្ងន់ធ្ងរឡើង? ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកជំងឺរលាកសន្លាក់ឆ្អឹងគួរចៀសវាង ៖
១. អាហារប្រៃ
ការទទួលទានអាហារប្រៃច្រើនមិនត្រឹមតែផ្ដល់ផលប៉ះពាល់ដល់សុខភាពបេះដូងនិងសម្ពាធឈាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលលើសន្លាក់បង្កការឈឺចាប់ផងដែរ។ នោះក៏ព្រោះតែសូដ្យូមប្រមូលផ្ដុំសារធាតុរាវ ឬជាតិទឹកក្នុងសន្លាក់ដែលនាំឱ្យសន្លាក់ងាយនឹងហើម ហើយឈឺចាប់។
២. អាហារនិងភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់
នេះក៏ព្រោះតែជាតិស្ករអាចបណ្ដាលឱ្យការរលាកកើតមានឡើង។
៣. អាហារកែច្នៃ
អាហារកែច្នៃភាគច្រើនមានផ្ទុកសម្បូរទៅដោយសារធាតុគីមី ជាតិសូដ្យូម និងស្ករខ្ពស់ដែលអាចបង្កការរលាកក្នុងសន្លាក់នាំឱ្យឈឺចាប់បានយ៉ាងងាយ។
៤. សាច់ក្រហម
អ្នកក៏គួរកម្រិតការទទួលទានសាច់ក្រហមផងដែរ។ នេះក៏ព្រោះតែសាច់ក្រហមមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៦ ដែលអាចបង្កឱ្យកម្រិតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ក្នុងរាងកាយធ្លាក់ចុះ។ ការលើសអាស៊ីតខ្លាញ់អូមេហ្កា ៦ អាចបណ្ដាលឱ្យរាងកាយផលិតសារធាតុគីមីបង្កការរលាក។ ជាលទ្ធផលសន្លាក់នឹងឈឺចាប់។ ចូរព្យាយាមជ្រើសរើសទទួលទានត្រី និងសាច់មាន់ជំនួសវិញ។
៥. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
បើទោះជាអាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំនិងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងក៏ដោយ ក៏ប៉ុន្តែផលិតផលអាហារទាំងនេះអាចបង្កការរលាកដល់ជាលិកាទន់ៗនៃសន្លាក់។ ដូច្នេះប្រសិនបើសន្លាក់របស់អ្នកតែងឈឺចាប់ រលាក និងឡើងរឹងជាប្រចាំនោះ ចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទានអាហារផ្សំឡើងពីទឹកដោះគោសិន ៕