ពិតណាស់ដែលការទទួលទានអាហារសម្បូរកាបូអ៊ីដ្រាតច្រើនលើសអាចបណ្ដាលឱ្យកើនទម្ងន់និងជះឥទ្ធិពលដល់កម្រិតជាតិស្ករក្នុងឈាម។ ទោះជាយ៉ាងណាមិនមែនគ្រប់អាហារសម្បូរកាបូអ៊ីដ្រាតទាំងអស់សុទ្ធតែមិនល្អចំពោះសុខភាពឡើយ! ថ្ងៃនេះវេបសាយសុខភាពយើងនឹងបង្ហាញឱ្យដឹងពីអាហារសម្បូរកាបូអ៊ីដា្រតដែលល្អចំពោះសុខភាព ៖
១. សណ្ដែកពពួក Legumes
សណ្ដែកពពួក legumes រួមមានសណ្ដែកដី សណ្ដែកខៀវ និងសណ្ដែកក្រហមជាដើមក្រៅពីមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាត វាក៏ជាប្រភពដ៏ល្អបំផុតនៃជាតិសសៃផងដែរ។ ហើយជាតិសសៃជួយទប់ស្កាត់បញ្ហាទល់លាមក សម្រកទម្ងន់ បញ្ចុះជាតិស្ករក្នុងឈាម ជំងឺបេះដូង និងជំងឺមហារីកពោះវៀនធំ។ ម្យ៉ាងវិញទៀតសណ្ដែកពពួក legumes ក៏មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលចាំបាច់សម្រាប់សុខភាពសាច់ដុំ ការផលិតអ័រម៉ូន និងរក្សាសុខភាពស្បែក ក្រចក ក៏ដូចជាសក់រឹងមាំ។
២. បាយអង្ករសម្រូប
ជាអាហារសុខភាពល្អមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ ជាតិសសៃគឺជាសារធាតុចិញ្ចឹមចាំបាច់ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំនិងជំងឺមហារីកសុដន់។ ក្រៅពីទប់ស្កាត់ជំងឺមហារីកជាតិសសៃក៏ចាំបាច់សម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ។ លើសពីនេះទៅទៀតការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិសសៃជួយរក្សាសុខភាពសសៃឈាមបេះដូងដោយកម្ចាត់កូឡេស្តេរ៉ូលមិនល្អនិងបញ្ចុះសម្ពាធឈាម។ ជាតិសសៃក្នុងបាយអង្ករសម្រូបក៏ជួយពន្យឺតនិងគ្រប់គ្រងការបញ្ចេញជាតិស្ករក្នុងឈាមផងដែរ។ ម្យ៉ាងវិញទៀតជាតិម៉ាញ៉េស្យូមខ្ពស់នៃបាយអង្ករសម្រូបថែមទាំងជួយគ្រប់គ្រងជាតិស្ករក្នុងឈាមដោយធ្វើឱ្យភាពធន់នឹងអាំងស៊ុយលីនកាន់តែប្រសើរឡើងទៀតផង។ បាយអង្ករសម្រូបក៏ជួយបង្កើនកម្រិតថាមពលរាងកាយតាមរយៈវីតាមីន B2 វីតាមីន B3 និងវីតាមីន B6។
៣. មើមឆៃថាវក្រហម
កុំភ្លេចរួមបញ្ចូលមើមឆៃថាវក្រហមក្នុងរបបអាហារប្រចាំថ្ងៃដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ។ មើមឆៃថាវក្រហមមានផ្ទុកសារធាតុ nitrates ដែលក្លាយជា nitric oxide ពេលចូលដល់ក្នុងរាងកាយ។ ហើយ nitric oxide មានប្រសិទ្ធភាពបញ្ចុះសម្ពាធឈាមទប់ស្កាត់ហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់់សសៃឈាមក្នុងខួរក្បាល។
៤. ដំឡូងផ្អែម
ក្រៅពីកាបូអ៊ីដ្រាត ដំឡូងផ្អែមមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អចំពោះសុខភាព។ ដំឡូងផ្អែមក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលរាងកាយត្រូវការចាំបាច់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំនិងសុខភាពស្បែក។ លើសពីនេះទៅទៀតដំឡូងផ្អែមក៏មានផ្ទុកសារធាតុ beta-carotene ដែលល្អចំពោះសុខភាពភ្នែកផងដែរ។
៥. ផ្លែចេក
ក្រៅពីកាបូអ៊ីដ្រាត ផ្លែចេកមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាម។ លើសពីនេះទៅទៀតការទទួលទានចេកក៏អាចផ្ដល់ឱ្យរាងកាយនូវជាតិម៉ាញ៉េស្យូមដែលជួយទប់ទល់អាការៈបេះដូងលោតញាប់ ថប់បារម្ភ និងគេងមិនលក់ផងដែរ។
៦. ផ្លែប៉ោម
មានផ្ទុកកាបូអ៊ីដ្រាតពី ១៣ ទៅ ១៥ ភាគរយ។ ក្រៅពីនេះផ្លែប៉ោមជាប្រភពដ៏ប្រសើរនៃវីតាមីននិងជាតិរ៉ែ ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការទទួលទានផ្លែប៉ោមអាចផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព រួមបញ្ចូលទាំងការជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង៕