ជំងឺរលាកស្រោមខួរក្បាលគឺជាជំងឺដែលកម្រ តែជាជំងឺធ្ងន់ ដែលវាត្រូវបានគេរកឃើញថា បានសម្លាប់ប្រជាជនកម្ពុជាយើងច្រើនណាស់ដោយសារតែខ្វះការយល់ដឹងអំពីជំងឺនេះ ដូច្នេះយកល្អគួរតែស្វែងយល់កាន់តែច្បាស់អំពីរោគសញ្ញារបស់វា ។ ចូរមានការប្រុងប្រយ័ត្នឲ្យមែនទែនទៅលើអាការៈខាងក្រោមនេះចំពោះខ្លួនឯង ឬសមាជិកក្នុងក្រុមគ្រួសារអ្នក៖
- ការរឹងករដែលពេលខ្លះធ្វើឲ្យពិបាកក្នុងការអោនចង្កាមកប៉ះទ្រូងណាស់
- ឈឺក្បាលដែលវាអាចធ្ងន់ធ្ងរភ្លាមៗ
- ក្តៅខ្លួនខ្លាំង
- វង្វេងវង្វាន់
- ចង្អោ ឬក្អួត
- ខ្លាចពន្លឺខ្លាំងៗ
- ងងុយគេង
- ប្រកាច់
- ឡើងកន្ទួលលើស្បែក
ពេលខ្លះអាការៈទាំងនេះកើតឡើងក្រោយពីជំងឺដូចផ្តាសាយ ការបង្ករោគនៅត្រចៀក ឬការបង្ករោគក្នុងប្រហោងឆ្អឹងនៅមុខ។
បើសិនជាកូនអ្នកនៅតូចពេកមិនអាចនិយាយអ្វីបាន អ្នកប្រហែលជាគួរយកចិត្តទុកដាក់ទៅលើអាការៈទាំងអស់ដូចខាងក្រោមនេះ៖
- ក្តៅខ្លួន
- សកម្មភាពដែលធ្លាប់តែធ្វើរាល់ដល់ស្រាប់តែកើតឡើងយឺតៗខុសពីធម្មតា
- យំច្រើន
- ពិបាកបៅ
- ឡើងកន្ទួលពណ៌ក្រហម ឬស្វាយនៅលើស្បែក
- យំពេលប៉ះ
- ខ្នងកោង
គួរបញ្ជាក់ថា រោគសញ្ញារបស់ជំងឺរលាកស្រោមខួរក្បាលមានការប្រែប្រួលលឿនខ្លាំងណាស់។ រោគសញ្ញានៃជំងឺរលាកស្រោមខួរក្បាលដោយសារតែបាក់តេរីកើតឡើងលឿន ជាធម្មតាក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ករណីរលាកស្រោមខួរក្បាលបង្កឡើងដោយវីរុសវិញ រោគសញ្ញាអាចកើតឡើងនៅរយៈពេលច្រើនថ្ងៃក្រោយ។
ពេលដែលត្រូវទៅជួបពេទ្យ
ក្មេង ឬមនុស្សធំដែលមានជំងឺរលាកស្រោមខួរក្បាលបង្កឡើងដោយបាក់តេរី (ប្រភេទដែលធ្ងន់ធ្ងរបំផុត) ច្រើនតែធ្លាក់ខ្លួនឈឺធ្ងន់ខ្លាំង។ ទោះបីជាឱកាសកើតជំងឺរលាកស្រោមខួរក្បាលមានតិចតួចក៏ដោយ អ្នកក៏គួរតែធ្វើអ្វីៗដោយប្រុងប្រយ័ត្នដែរ។ បើសិណជាអ្នក ឬក្រុមគ្រួសារប៉ះពាល់ជាមួយអ្នកកើតជំងឺរលាកស្រោមខួរក្បាល ឬសម្គាល់ឃើញរោគសញ្ញានៃជំងឺនេះហើយ ចូរទាក់ទងទៅគ្រូពេទ្យភ្លាម។ បើសិនជារោគសញ្ញាទៅជាធ្ងន់ធ្ងរ ចូរបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យភ្លាម។ ការព្យាបាលជំងឺរលាកស្រោមខួរក្បាលបានលឿនអាចធ្វើឲ្យមានភាពខុសគ្នាច្រើនចំពោះលទ្ធផលនានា៕