គ្រូពេទ្យច្រើនតែធ្វើការញែកឲ្យដាច់ទៅលើករណីដែលថា មានឈាមក្នុងទឹកនោម ដោយមើលឃើញឈាមផ្ទាល់នឹងភ្នែក និងការមើលឃើញតាមមីក្រូទស្សន៍ ។ វត្តមានឈាមក្នុងទឹកនោមអាចកើតឡើងដោយសារតែមូលហេតុ និងជំងឺជាច្រើនប្រភេទ។ ឈាមក្នុងទឹកនោមប្រហែលជាជាប់ទាក់ទងនឹងការឈឺចាប់ខ្លាំងក្នុងពេលនោម ឈឺពោះ ឬឈអាងត្រគាក មានខ្ទុះក្នុងទឹកនោម ឬអាការៈផ្សេងៗទៀត អាស្រ័យទោតាមមូលហេតុរបស់វា។ វាក៏អាចកើតឡើងដែរក្នុងការដែលមានឈាមក្នុងទឹកនោម ហើយមិនជាប់ទាក់ទងនឹងការឈឺចាប់ ឬអាការៈផ្សេងៗទៀត។
តើអ្វីទៅជាមូលហេតុនៃការនាំឲ្យមានឈាមក្នុងទឹកនោម?
- ការបង្ករោគ៖ ឈាមក្នុងទឹកនោមអាចជាសញ្ញាមួយនៃការបង្ករោគនៅផ្លូវទឹកម៉ូត្រ។ ការបង្ករោគមួយអាចមានក្នុងផ្លូវទឹកម៉ូត្រ (ប្លោកនោម ឬបង្ហួរនោម) ឬអាចដល់តម្រងនោមតែម្តងក៏មានដែរ។
- គ្រួសក្នុងតម្រងនោម៖ កាលណាដែលមានគ្រួសក្នុងតម្រងនោម ឬប្លោកនោម វាអាចធ្វើឲ្យហូរឈាម ហើយក៏ចេញមកក្រៅតាមរយៈទឹកនោមបានដែរ។
- ជំងឺតម្រងនោម៖ ជំងឺរបស់តម្រងនោមអាចជាប់ទាក់ទងនឹងការហូរឈាមក្នុងទឹកនោម
- ការរីកធំរបស់ក្រពេញប្រូស្តាត៖ ការរីកធំរបស់ក្រពេញប្រូស្តាតអាចទោសង្កត់ដល់បង្ហួរនោម និងធ្វើឲ្យស្ទះដល់លំហូរទឹកនោមបាន។ ឈាមក្នុងទឹកនោមប្រហែលជាសញ្ញាមួយនៃការរីកធំរបស់ក្រពេញប្រូស្តាត ឬមហារីកក្រពេញប្រូស្តាតដែរ។
- មហារីក៖ មហារីកតម្រងនោម និងប្លោកនោមប្រហែលជាប់ទាក់ទងនឹងការហូរឈាមក្នុងទឹកនោមដែរ។
- របួស៖ ការប៉ះទង្គិចដល់ផ្លូវទឹកម៉ូត្រអាចធ្វើឲ្យហូរឈាមបាន។
- ការប្រើប្រាស់ថ្នាំ៖ ថ្នាំដូចជា អាស្ពីរីន Heparin និង Penicillin អាចបង្កជាការហូរឈាមតាមទឹកនោមដែរ។
- ការហាត់ប្រាណខ្លាំងក្លាពេក៖ ថ្វីបើហេតុផលជាច្រើនមិនសូវមានការយល់ច្បាស់ក៏ដោយ តែការហាត់ប្រាណខ្លាំងក្លាពេកត្រូវបានគេដឹងថាមានជាប់ទាក់ទងនឹងវត្តមានឈាមក្នុងទឹកនោមដែរ។
- ជំងឺឈាម៖ ជំងឺដែលប៉ះពាល់ដល់ឈាម ឬសមត្ថភាពនៃការធ្វើឲ្យឈាមកកពេលខ្លះអាចនាំឲ្យមានការហូរឈាមតាមទឹកនោមដែរ។ ជំងឺគ្រាប់ឈាម Sickle Cell Disease គឺជាឧទាហរណ៍មួយនៃជំងឺឈាមដែលនាំឲ្យហូរឈាមតាមទឹកនោមបាន៕