ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពដែលប្រាប់អ្នកថាជាតិស្ករក្នុងរាងកាយអ្នកមានភាពនឹងនរ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលជាតិស្ករក្នុងរាងកាយអ្នកមានភាពនឹងនរ ក្រោយពេលដែលពិសារបាយរួច អ្នកនឹងមិនងាយឃ្លានទេ។ ប៉ុន្តែបើអ្នកបរិភោគបាយរួច ស្រាប់តែឃ្លានទៀត ញ៉ាំយ៉ាងម៉េចក៏មិនចេះឆ្អែត ហើយកាន់តែបរិភោគកាន់តែស្គមទៅៗ មានន័យថា ជាតិស្ករក្នុងរាងកាយអ្នកកំពុងតែឡើងហើយ។ ដូចនេះ អ្នកគួរតែធ្វើតេស្តជាតិស្កររបស់អ្នក។
- ប្រសិនជាក្រោយពេលដែលបាយរួច អ្នកស្រាប់តែស្ងួតមាត់ខ្លាំង ទោះផឹកទឹកច្រើនយ៉ាងណាក៏មិនបាត់អាការៈនេះដែរ មានន័យថាជាតិស្ករក្នុងខ្លួនកំពុងតែឡើង។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនគ្រោះថ្នាក់ខ្លាំង។
- បើអ្នកតែងតែនោមច្រើនក្រោយពេលដែលញ៉ាំបាយរួច ក៏អ្នកគួរតែប្រយ័ត្នពីជាតិស្ករមួយនេះដែរ ព្រោះពេលដែលឡើងខ្ពស់ វានឹងធ្វើឲ្យអ្នកកើតអាការៈមួយនេះបាន។
- ចំពោះមនុស្សធម្មតា ការងងុយគេងក្រោយបាយរួច នឹងអាចគ្រប់គ្រងបាន ហើយមិនសូវខ្លាំងទេ។ ប៉ុន្តែចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម នៅពេលដែលជាតិស្ករឡើងខ្ពស់ ក្រោយបាយរួច នឹងងងុយគេងខ្លាំងមិនអាចគ្រប់គ្រងបានទេ ហើយដៃជើងក៏ចាប់ផ្តើមអស់កម្លាំងផងដែរ៕