គ្មាននរណាចង់ឱ្យខ្លួនឯងមើលទៅចាស់ជាងវ័យឡើយ ។ មនុស្សស្រីភាគច្រើន សុទ្ធតែសង្ឃឹមថា ខ្លួននឹងមានមុខក្មេងជារៀងរហូត ហើយមិនចង់ឆាប់ចាស់ទេ ប៉ុន្តែ មានមនុស្សជាច្រើន ដែលតែងតែមានមុខចាស់មុនអាយុ។ តើទាំងនេះ មកពីមូលហេតុអ្វីនោះ?
១. គេងមិនបានច្រើនគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់ គឺសំខាន់ណាស់សម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងស្បែកតឹងណែន។ វាចាំបាច់ក្នុងការគេងឱ្យបានស្កប់ពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ដើម្បីផ្ដល់ពេលគ្រប់គ្រាន់ឱ្យស្បែកជួសជុលខ្លួនឯង បង្កើនការផលិតកូឡាជែន និងស្ដារភាពរឹងមាំឡើងវិញ។
២. កង្វះការធ្វើលំហាត់ប្រាណ
មិនត្រឺមតែល្អសម្រាប់រក្សាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែការធ្វើលំហាត់ប្រាណជាប្រចាំក៏ជួយរាងកាយបង្កើនការផលិតកូឡាជែនផងដែរ។ បន្ថែមពីនេះការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ថែមទាំងជួយរក្សាសុខភាពរាងកាយទប់ស្កាត់ហានិភ័យជំងឺផ្សេងៗគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាអ្នកមិនគួរធ្វើលំហាត់ប្រាណហួសកម្រិតពេកដែរ! នេះក៏ព្រោះតែការធ្វើលំហាត់ប្រាណច្រើនជាងអ្វីដែលចាំបាច់អាចពន្លឿនដំណើរការនៃភាពចាស់តាមវ័យ ខណៈដែលវាអាចបង្កើនការបង្កើតរ៉ាឌីកាល់សេរីបង្កការបំផ្លាញដល់កោសិកាស្បែកដែលមានសុខភាពល្អ។
៣. ការថែរក្សាស្បែកមិនបានត្រឹមត្រូវ
ស្បែកប្រែជាឆាប់ចាស់ជាងវ័យដោយសារទម្លាប់មិនល្អនៃការថែរក្សារបស់នារីៗភាគច្រើន។ ស្ត្រីមួយចំនួនលាងសម្អាតស្បែកមុខច្រើនដងពេកក្នុងមួយថ្ងៃ ខណៈដែលអ្នកខ្លះមិនលាងសម្អាតស្បែកមុខសោះ។ នារីមួយចំនួនមិនព្រមប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែក ខណៈដែលអ្នកខ្លះទៀតប្រើប្រាស់ផលិតផលមិនសាកសមនឹងប្រភេទស្បែករបស់ពួកគេ។ នៅពេលទិញផលិតផលថែរក្សាសម្រស់វាជាការសំខាន់ណាស់ដែលអ្នកគួរជ្រើសរូបមន្តណាដែលសាកសមសម្រាប់ប្រភេទនៃស្បែក។ ហើយអ្នកក៏គួរពិចារណាប្រើប្រាស់ផលិតផលបែបធម្មជាតិផងដែរទើបប្រសើរ។
៤. ត្រូវពន្លឺព្រះអាទិត្យច្រើនពេក
ការដែលប៉ះត្រូវពន្លឺព្រះអាទិត្យច្រើនពេកអាចជះផលអាក្រក់ច្រើនជាងល្អ។ ពន្លឺព្រះអាទិត្យលើសលប់អាចបណ្ដាលឱ្យស្បែកឆាប់ចាស់ជាងវ័យនិងបង្កើនហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។ នេះហើយជាមូលហេតុដែលអ្នកគួរប្រើប្រាស់ឡេការពារស្បែកពីពន្លឺព្រះអាទិត្យដែលមានផ្ទុក SPF យ៉ាងហោចណាស់ ៣០ នៅពេលចេញក្រៅក្រោយម៉ោង ១០ ព្រឹកនិងមុនម៉ោង ៤ ល្ងាច។
៥. មិនប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃ
ការស្ថិតក្រោមកម្ដៅថ្ងៃយូរ ឬច្រើនពេកអាចផ្ដល់ផលអាក្រក់ច្រើនជាងល្អ។ គ្រូពេទ្យជំនាញខាងសើស្បែកបានឱ្យដឹងថា ការប៉ះផ្ទាល់នឹងកម្ដៅថ្ងៃច្រើនពេក គឺជាមូលហេតុចម្បងបំផុតមួយដែលបណ្ដាលឱ្យស្បែកឆាប់ចាស់ជាងវ័យ។ វាក៏ជាមូលហេតុដែលអ្នកចាំបាច់គួរប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃដែលមាន SPF យ៉ាងហោចណាស់ ៣០ ជាពិសេសនៅពេលឈានជើងចេញទៅក្រៅក្រោយម៉ោង ១០ ព្រឹក និងមុនម៉ោង ៤ល្ងាច។
៦. ទទួលទានទឹកមិនបានគ្រប់គ្រាន់
ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃក៏ចាំបាច់ណាស់ដែរសម្រាប់រក្សាសុខភាពស្បែកល្អប្រសើរស្រស់ស្អាតក្មេងជាងវ័យ។
៧. របបអាហារមិនល្អ
អាហារកែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិលដែលអាចធ្វើឱ្យអ្នកមានអាការៈហើម។ អាហារប្រភេទនេះក៏ជាប្រភពនៃសារធាតុ nitrites ដែលបំផ្លាញកូឡាជែន និងភាពបត់បែនក្នុងស្បែកផងដែរ។ ការទទួលទានសាច់កែច្នៃក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងអាយុផងដែរ ដោយវាគ្មានផ្ទុកសារធាតុចិញ្ចឹមល្អៗដើម្បីទ្រង់ទ្រង់សុខភាពស្បែករក្សាភាពក្មេងជាងវ័យ។ ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ កុំទទួលទានអាហារកែច្នៃច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ។ អាហារនិងភេសជ្ជៈផ្អែមៗ ឬមានផ្ទុកជាតិស្ករខ្ពស់ក៏គួរត្រូវបានកម្រិតការទទួលទានផងដែរ។ ជាតិស្ករក្នុងអាហារនិងភេសជ្ជៈផ្អែមអាចបំបែកកូឡាជែនដ៏សំខាន់ក្នុងស្បែក។ ដូច្នេះដើម្បីចៀសផុតបញ្ហាស្បែកឆាប់ចាស់ជាងវ័យនិងជ្រីវជ្រួញស្រអាប់ចូរព្យាយាមកម្រិតការទទួលទានអាហារនិងភេសជ្ជៈផ្អែមៗរបស់អ្នក។
៨.ការទទួលទានគ្រឿងស្រវឹងលើសកម្រិត
ក្នុងកម្រិតមធ្យមមិនលើសពី ១ កែវក្នុងមួយថ្ងៃសម្រាប់នារី និង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស គ្រឿងស្រវឹងអាចផ្ដល់អត្ថប្រយោជន៍ជាច្រើន ខណៈដែលការទទួលទានលើសនេះអាចបង្កហានិភ័យនៃជំងឺនិងបញ្ហាផ្សេងៗ។ ការទទួលទានគ្រឿងស្រវឹងច្រើននឹងបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ ជាលទ្ធផលស្បែកត្រូវទទួលរងផលប៉ះពាល់ដោយប្រែជាស្ងួតគ្មានសំណើម ឆាប់ជ្រីវជ្រួញ។ គ្រឿងស្រវឹងក៏ធ្វើអោយសសៃឈាមរីកធំបណ្ដាលអោយស្បែកប្រែជាស្រអាប់។
៩. ការជក់បារី
បារីមានផ្ទុកពោរពេញទៅដោយសារធាតុពិលរាប់ពាន់ប្រភេទដែលនៅពេលជក់វាអាចជ្រាបចូលក្នុងរាងកាយដែលមិនត្រឹមតែជះផលប៉ះពាល់ដល់សួតនិងបេះដូងប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងកូឡាជែននិងភាពតឹងណែននៃស្បែកផងដែរ។
១០. ស្ត្រេសពេក
ធ្លាប់ដឹងទេថាភាពស្ត្រេសពេកនឹងធ្វើឱ្យអ្នកឆាប់ចាស់ជាងវ័យ?ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគ្រប់គ្រង ឬកាត់បន្ថយភាពស្ត្រេសតាមរយៈសកម្មភាពណាមួយដែលអ្នកគិតថាសាកសមនឹងមានប្រសិទ្ធភាព ៕