ការដែលមានអារម្មណ៍ថាហឹងក្នុងត្រចៀក អាចជាបញ្ហាដែលរំខានដល់របៀបរស់នៅប្រចាំថ្ងៃ រហូតដល់មិនអាចគេងលក់បានទៀតផង។ ការហឹងក្នុងត្រចៀក មិនត្រឹមតែជាអារម្មណ៍ថាមានសម្លេងក្នុងត្រចៀកជាប់ទេ តែវាក៏ជាអ្វីដែលទាក់ទងនឹងការមានជំងឺក្នុងខ្លួនដែរ។ ដូច្នេះខ្ញុំសូមបង្ហាញហេតុផលធំៗមួយចំនួនដែលនាំឲ្យមនុស្សយើងហ៊ឹងក្នុងត្រចៀកបាន។
អាយុច្រើន
បញ្ហាស្តាប់មិនលឺមួយប្រភេទកើតឡើងដោយសារការចាស់ទៅតាមអាយុហើយគេហៅវាជាពាក្យបច្ចេកទេសថា Presbycusis ដែលច្រើនតែកើតឡើងលើមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។
សម្លេងខ្លាំងពេក
តើអ្នកមានតម្រូវឲ្យធ្វើការក្នុងកន្លែងដែលមានសម្លេងលឺខ្លាំងៗដែរទេ? បើអ៊ីចឹងមែន សម្លេងដែលចេះតែចេញក្នុងត្រចៀកអ្នកគឺបង្កឡើងដោយសារការងារអ្នកហើយ។ កាលណាអ្នកធ្វើការបែបនេះច្រើនពេក នោះអ្នកប្រឈមនឹងការស្តាប់លែងលឺជាមិនខាន។ ក្រៅពីនេះ ការចូលរួមកម្មវិធីប្រគុំតន្ត្រី ឬស្តាប់កាសចម្រៀងដោយបើកសម្លេងលឺៗពេក ក៏អាចបង្កបញ្ហានេះដូចគ្នាដែរ។
ខូចសរសៃប្រសាទ
អ្នកអាចស្តាប់លឺបានដោយសារតែរលកសម្លេងចូលទៅក្នុងត្រចៀក ហើយបញ្ជូនសញ្ញាទៅខួរក្បាលតាមរយៈសរសៃប្រសាទស្រង់សម្លេង។ ករណីដែលមានគ្រោះថ្នាក់ ឬរបួសលើសរសៃប្រសាទនេះ ឬមានជំងឺសរសៃប្រសាទដូចជា ក្រិនច្រើនកន្លែង សុទ្ធតែអាចបង្កជាការហឹងក្នុងត្រចៀកបានទាំងអស់។ ការមានដុំសាច់នៅក្បែសរសៃប្រសាទស្រង់សម្លេង ក៏បង្កជាបញ្ហានេះដូចគ្នាដែរ។
ជំងឺលើសសម្ពាធឈាម
ការហឹងត្រចៀកដែលបង្កឡើងដោយការលើសសម្ពាធឈាម ត្រូវបានសម្គាល់ដឹងតាមរយៈការលឺសម្លេងដូចគេដំៗ ឬបាញ់ប៉ឹកៗ ដែលខុសពីការលឺសម្លេងធម្មតា។ អ្នកជំនាញនិយាយថា ការហឹងត្រចៀកបង្កឡើងដោយការលើសសម្ពាធឈាមអាចបង្កឡើងដោយស្រ្តេស និងការញ៉ាំអាហារមានជាតិកាហ្វេអ៊ីនច្រើនពេក។
អាហារ និងភេសជ្ជៈ
បើយើងនិយាយដល់ភេសជ្ជៈមានជាតិកាហ្វេអ៊ីន វាមានអាហារ និងភេសជ្ជៈមួយចំនួនដែលអាចបង្កើនការប្រឈមនឹងការហឹងត្រចៀកដែរ ជាពិសេសអាហារ ឬភេសជ្ជៈដែលសម្បូរជាតិស្ករ សូដ្យូម និងខ្លាញ់ Saturated Fats តែម្តង។ ភេសជ្ជៈជាប្រភេទកាហ្វេ និងមានជាតិកាហ្វេអ៊ីន ក៏អាចបង្កជាការហឹងត្រចៀក ដូចគ្រឿងស្រវឹងដែរ។
ការប្រើថ្នាំ
វាគឺជាចំណេះដឹងញឹកញាប់មួយដែលថា ការប្រើថ្នាំអាចបង្កជាផលរំខានច្រើន ដោយក្នុងនោះក៏មានការហឹងត្រចៀកដែរ ទាំងថ្នាំមាន និងគ្មានវេជ្ជបញ្ជា។ ថ្នាំផ្សះ និងថ្នាំប្រឆាំងការបាក់ទឹកចិត្តគឺជាមេបញ្ហាជាងគេដែលនាំឲ្យហឹងក្នុងត្រចៀក។
អាចម៌ត្រចៀក
វាមិនមែនជាបញ្ហាទេក្នុងការមានអាចម៌ត្រចៀកនោះ ព្រោះថា វាពិតជាអាចជួយការពារត្រចៀកអ្នកពីការខូចខាតបាន។ ប៉ុន្តែបើសិនជាមានច្រើនពេក វាក៏បង្កជាបញ្ហាដល់ការស្តាប់លឺដែរ។ តាមពិតទៅ ការដែលស្ទះអាចម៌ត្រចៀករហូតដល់ជិត គឺជាមូលហេតុញឹកញាប់មួយនៃការហឹងត្រចៀកដែរ៕