មានកត្តាច្រើនណាស់ដែលអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍ក្ដៅ ឬក្រហាយៗប្រអប់ជើងដូចដើរលើរងើកភ្លើង។ គួរធ្វើបែបណា? ថ្ងៃនេះវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិទប់ទល់បញ្ហាក្រហាយប្រអប់ជើង ៖
១. ទឹកត្រជាក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែត្រាំជើងក្នុងទឹកត្រជាក់សម្រាប់រយៈពេលប៉ុន្មាននាទីជាការស្រេច។
២. តែខ្ញី ឬតែរមៀត
មិនត្រឹមតែជួយបំបាត់បញ្ហាប្រព័ន្ធរំលាយអាហារដូចជាចង្អោរចង់ក្អួត ឬក្អួតតែម្ដង ច្រាលទឹកអាស៊ីតក្រពះ លើសហ្គាស និងរាគប៉ុណ្ណោះទេ ប៉ុន្តែតែខ្ញី ឬតែរមៀតក៏ជួយសម្រាលអាការៈក្រហាយប្រអប់ជើងបានផងដែរ។ នេះក៏ព្រោះតែភេសជ្ជៈទាំងនេះមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។ អ្នកក៏អាចលាយម្សៅរមៀតជាមួយប្រេងអូលីវ ឬប្រេងដូងបន្តិច រួមលាបលើកន្លែងដែលមានបញ្ហាផងដែរ។
៣. វីតាមីន B
កង្វះវីតាមីន B អាចបង្កបញ្ហាដល់សសៃប្រសាទ ហើយជះឥទ្ធិពលផ្សេងៗរួមទាំងអាការៈក្រហាយជើង។ ដូច្នេះចូរព្យាយាមរួមបញ្ចូលអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន B ក្នុងរបបអាហារប្រចាំថ្ងៃ។ អ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រើប្រាស់ថ្នាំគ្រាប់វីតាមីន B។
៤. ទឹកខ្មេះផ្លែប៉ោម
ក្នុងករណីខ្លះអាការៈក្រហាយជើងអាចបណ្ដាលមកពីការប្រមូលផ្ដុំជាតិពុលកកកុញក្នុងរាងកាយ។ អ្នកអាចប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមដើម្បីបន្សាបជាតិពុលទាំងនោះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមធម្មជាតិ ១ ស្លាបព្រាបាយក្នុងទឹកធម្មតា ១ កែវ ហើយកូរឱ្យសព្វ សឹមទទួលទានជាប្រចាំ៕