ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកម្តាយមិនគួរធ្វើពេលដែលដល់ថ្ងៃសម្រាល។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយមិនគួរភ័យខ្លាចខ្លាំងទេ ព្រោះអាចធ្វើឲ្យអ្នកគេងមិនបាន ហើយញ៉ាំមិនចូល ដោយធ្វើឲ្យអ្នកបាក់កម្លាំង គ្មានកម្លាំងក្នុងការសម្រាលកូនឡើយ។ ដូចនេះ អ្នកមិនគួរភ័យខ្លាចខ្លាំងទេ ព្រោះបច្ចុប្បន្នមានគ្រូពេទ្យដែលពូកែ មិនធ្វើឲ្យអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ឡើយ។
- អ្នកម្តាយមិនគួរមានចិត្តអន្ទះសារឡើយពេលដែលជិតដល់ថ្ងៃកើត ហើយនៅមិនទាន់កើតទេ ព្រោះអាចនឹងកើតមុន១០ថ្ងៃ ឬក្រោយ១០ថ្ងៃនៃរយៈពេលកំណត់។
- អ្នកម្តាយមិនគួរមិនរៀបចំទុករបស់របរប្រើប្រាស់ក្នុងពេលសម្រាលនោះទេ ព្រោះពេលដែលដល់ថ្ងៃសម្រាល អ្នកនឹងអាចរត់ខ្វែងជើងគ្នាបាន ដោយគ្មានរបស់សម្រាប់ប្រើប្រាស់។ ដូចនេះ អ្នកគួរតែទិញត្រៀមទុកមុនដល់ថ្ងៃសម្រាល។
- អ្នកម្តាយមិនគួរធ្វើការនឿយហត់ពេកទេ ព្រោះធ្វើឲ្យអ្នកគ្មានកម្លាំងក្នុងពេលសម្រាលឡើយ។ ដូចនេះ អ្នកគួរតែសម្រាកឲ្យបានច្រើន ដោយមិនគួរបំពេញការងារហួសកម្រិតនោះទេ។ ជាពិសេស អ្នកគួរតែឈប់មុនសម្រាលពី៥ទៅ៧ថ្ងៃ។
- អ្នកម្តាយក៏មិនគួរខ្ចិលពេកដែរ ហើយមិនគួរគេងយូរពេកលើគ្រែដែរ ដោយងើបមកធ្វើចលនាខ្លះ ហើយដើរឲ្យបានច្រើន ទើបធ្វើឲ្យអ្នកអាចសម្រាលបានជោគជ័យ មិនប្រឈមមុខនឹងអាចពិបាកសម្រាល។
- អ្នកម្តាយគួរតែញ៉ាំឲ្យច្រើន ដោយមិនគួរតមអាហារនោះឡើយ ព្រោះអ្នកត្រូវការកម្លាំងដើម្បីទុកដល់ពេលសម្រាលកូន។ ដូចនេះ អ្នកគួរតែពិសារគ្រប់មុខ ទើបល្អចំពោះសុខភាព។
- មុនពេលសម្រាលកន្លះខែ អ្នកមិនគួរទៅដើរលេងឆ្ងាយៗឡើយ ព្រោះគ្រោះថ្នាក់ខ្លាំងណាស់។
- ថ្នាំផ្សេងៗក៏អ្នកម្តាយមិនគួរញ៉ាំដែរ ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នកទាំងពីរបានយ៉ាងងាយ។ ដូចនេះ រឿង៨នេះ អ្នកគួរតែចៀសកុំធ្វើឲ្យសោះ ទើបធ្វើឲ្យអ្នកសម្រាលបានយ៉ាងជោគជ័យ ហើយទទួលបានកូនដែលមានសុខភាពល្អ៕