ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យកូនស្តាប់បង្គាប់។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកនាំកូនទៅផ្សារទំនើប ឬកន្លែងណាមួយ បើមានស្លាកសញ្ញាហាមឃាត់ ឬបង្ហាញពីកន្លែងគ្រោះថ្នាក់ អ្នកគួរតែបង្រៀនកូនឲ្យស្គាល់ពីស្លាកសញ្ញាទាំងនោះ ហើយពន្យល់កូនពីគ្រោះថ្នាក់នៃការប៉ះពាល់វត្ថុទាំងនោះ។ នៅពេលដែលកូនស្គាល់ អ្នកគួរតែធ្វើស្លាកសញ្ញាមកបិតលើវត្ថុគ្រោះថ្នាក់ដែលមានក្នុងផ្ទះ នោះកូននឹងមិនហ៊ានប៉ះពាល់ឡើយ អ្នកក៏មិនបាច់ហត់មាត់ស្រែករហូតដែរ។
- ប្រសិនជាអ្នកឃើញកូនយកប៊ិចគូសលើជញ្ជាំង អ្នកមិនគួរស្រែកជេរកូនឡើយ ដោយប្រើវិធីបង្វែលចំណាប់អារម្មណ៍បាន។ អ្នកអាចប្រាប់កូនថាឲ្យគេគូសលើក្រដាស រួចយកមកធ្វើជាសៀវភៅទើបស្អាត។ បើកូនលេងទឹកលើតុ ដោយធ្វើឲ្យសើមខោអាវ អ្នកម្តាយអាចប្រាប់កូនថា ទៅលេងទឹកក្នុងបន្ទប់ទឹកវិញទើបសប្បាយ។ ការធ្វើបែបនេះ ជាការប្រាប់កូនថាកូនអាចធ្វើរឿងនេះបាន ប៉ុន្តែត្រូវទៅកន្លែងដែលត្រូវដើម្បីធ្វើវា។
- អ្នកគួរតែធ្វើជាគំរូល្អដល់កូន ទើបកូនអាចធ្វើតាមអ្នក។ បើអ្នកមិនចង់ឲ្យកូនមើលទូរទស្សន៍ ឬទូរស័ព្ទច្រើន អ្នកគួរតែកាត់បន្ថយការប្រើប្រាស់គ្រឿងអេឡិចត្រូនិចទាំងឡាយនៅមុខកូន ទើបកូនរៀនតាមអ្នក និងស្តាប់តាមសម្តីរបស់អ្នកម្តាយ៕