ជាធម្មតា ទឹកប្រមាត់ និងប្រូតេអ៊ីនជាអ្នកជួយការពារមិនឲ្យគ្រួសក្នុងថង់ទឹកប្រមាត់កើតឡើងបាន។ ប៉ុន្តែវាមាននូវវបត្តិមួយក្នុងសមាសធាតុរបស់ទឹកប្រមាត់ទើបបង្កឲ្យទៅជាគ្រួសក្នុងថង់ទឹកប្រមាត់កើត។ គ្រួសក្នុងថង់ទឹកប្រមាត់មានបីប្រភេទគឺ គ្រួសដោយសារកូឡេស្តេរ៉ុល គ្រួសដោយសារពណ៌ទឹកប្រមាត់ និងគ្រួសនៃសមាសធាតុទាំងពីរនេះលាយចូលគ្នា ។
គ្រួសដោយសារកូឡេស្តេរ៉ុលកើតឡើងនៅពេលប្រមាត់ផ្ទុកកូឡេស្តេរ៉ុល ឬBilirubin ច្រើនពេក ជាពិសេសនៅពេលមិនមានទឹកប្រមាត់គ្រប់គ្រាន់ ឬថង់ទឹកប្រមាត់មិនអាចច្របាច់ទឹកប្រមាត់ចេញអស់។ ចំពោះគ្រួសដោយសារពណ៌ទឹកប្រមាត់វិញ ច្រើនតែកើតលើអ្នកជំងឺក្រិនថ្លើម មានការបង្ករោគនៅផ្លូវទឹកប្រមាត់ ឬជំងឺឈាមតំណរពូជដូចជា ជំងឺកង្វះគ្រាប់ឈាមដោយសារបែកគ្រាប់ឈាមជាដើម។
ខណៈពេលដែលមិនទាន់ដឹងពីមូលហេតុវបត្តិក្នុងសមាសធាតុទឹកប្រមាត់កើតឡើងយ៉ាងដូចម្តេចនោះ ក៏មានមនុស្សមួយចំនួនទំនងជាងាយកើតជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ជាងមនុស្សធម្មតាដែរដូចជា៖
ភេទ
ស្រ្តីទំនងជាងាយកើតជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ជាងបុរសរហូតដល់ពីរដងឯណោះ។ នេះដោយសារតែពួកគេមានចំនួនអ័រម៉ូនអេស្ត្រូជែនក្នុងខ្លួនច្រើនក្រោយពីមានផ្ទៃពោះ ព្យាបាលដោយប្រើអ័រម៉ូន និងការប្រើថ្នាំគ្រាប់ពន្យាកំណើត ដែលជាហេតុនាំឲ្យកើនឡើងកូឡេស្តេរ៉ុលក្នុងថង់ទឹកប្រមាត់។
ហ្សែន
គ្រួសក្នុងថង់ទឹកប្រមាត់គឺកើតឡើងជាលក្ខណៈគ្រួសារ។ បើសិនជាឪពុកម្តាយ បងប្អូន ឬសាច់ញាតិមានជំងឺគ្រួសក្នុងថង់ប្រមាត់ហើយ អ្នកក៏ទំនងជាកើតជំងឺនេះផងដែរ។
អ្នកធាត់ឬធាត់ជ្រុល
ការធាត់ជ្រុលគឺជាកត្តាប្រឈមនឹងជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ដ៏សំខាន់មួយ។ នេះដោយសារតែអ្នកធាត់ញ៉ាំអាហារសម្បូរខ្លាញ់ មានជំងឺទឹកនោផ្អែម របៀបរស់នៅបែបស៊ីដេកៗ និងមានជំងឺផ្សេងៗទៀតច្រើន។
អាយុ
អ្នកជំងឺអាយុចាប់ពី ៥០ឆ្នាំឡើងទៅពិតជាងាយកើតជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ជាងអ្នកជំងឺវ័យក្មេង។
របបអាហារសម្បូរជាតិខ្លាញ់
របបអាហារមានជាតិខ្លាញ់ និងកូឡេស្តេរ៉ុលខ្ពស់ តែជាតិសរសៃទាបនឹងធ្វើឲ្យប្រឈមខ្លាំងនឹងការកើតគ្រួសក្នុងថង់ទឹកប្រមាត់។
ជំងឺទឹកនោមផ្អែម
អ្នកជំងឺតឹកនោមផ្អែមគឺមានអាស៊ីតខ្លាញ់ខ្ពស់ជាតិកេ ហើយក៏ប្រឈមនឹងគ្រួសក្នុងថងទឹកប្រមាត់កាន់តែខ្ពស់ដែរ។
ថ្នាំបញ្ចុះកូឡេស្តេរ៉ុល
អ្នកជំងឺដែលប្រើថ្នាំប្រភេទនេះគឺប្រឈមខ្ពស់នឹងគ្រួសក្នុងថង់ទឹកប្រមាត់ណាស់។ ព្រោះវានឹងបង្កើនការបញ្ចេញកូឡេស្តេរ៉ុលទៅក្នុងប្រមាត់ និងបង្កើតជាគ្រួសបាន៕