ជំងឺក្រិនថ្លើមគឺជាជំងឺមួយដែលបណ្តាលមកពីការខូចខាតជាអចិន្ត្រៃយ៍ រឺមានស្លាកស្នាមនៅលើថ្លើម។ ជាលិកាដែលមានស្លាកស្នាមដែលបង្កនៅក្នុងថ្លើមរារាំងសកម្មភាពរបស់ថ្លើមមិនឲ្យដំណើរការបានត្រឹមត្រូវដោយធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់វាក្នុងការផលិតប្រូតេអ៊ីន រក្សាទុកវីតាមីន សារធាតុរ៉ែ និងបញ្ចេញចោលជាតិពុល ព្រមទាំងរាំងស្ទះលំហូរឈាមធម្មតាដែលឆ្លងកាត់ថ្លើម។
មូលហេតុនៃជំងឺក្រិនថ្លើម
ជំងឺក្រិនថ្លើមកើតឡើងដោយសារកត្តាជាច្រើនដូចជា:
-ការប្រើគ្រឿងប្រាស់ស្រវឹងច្រើន
-ជំងឺរលាកថ្លើមប្រភេទ B, C និង D
-ជំងឺរលាកថ្លើមដោយប្រព័ន្ធភាពស៊ាំខ្លួនឯង
-ជាតិដែកកើនឡើងនៅក្នុងខ្លួន
-ជំងឺ Wilson ដែលបណ្តាលមកពីការប្រមូលផ្តុំទង់ដែងនៅក្នុងថ្លើម
-ការស្ទះនៃបំពង់ទឹកប្រមាត់ដែលបណ្តាលអោយទឹកប្រមាត់ច្រាលត្រលប់ចូលក្នុងថ្លើមវិញ បណ្តាលឲ្យមានស្លាកស្នាមក្នុងថ្លើម និងវិវត្តទៅជាក្រិនថ្លើម
-ខ្លាញ់ក្នុងថ្លើមដែលបង្កឲ្យរលាកថ្លើមរ៉ាំរ៉ៃ និងជំងឺក្រិនថ្លើម
-ការប៉ះពាល់រយៈពេលយូរទៅនឹងថ្នាំមួយចំនួន
-ការប៉ះពាល់នឹងជាតិពុលរយៈពេលយូរ
-ជំងឺខ្សោយបេះដូងដែលកើតម្តងហើយម្តងទៀត។
មនុស្សភាគច្រើនមានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញាចំពោះជំងឺក្រិនថ្លើម ប៉ុន្តែផលវិបាកកើតឡើងដោយផ្អែកលើដំណាក់កាលនៃការវិវត្តន៍នៃជំងឺ។
នៅពេលដែលរោគសញ្ញាស្តែងឡើងពួកគេអាច:
-អស់កម្លាំង មិនឃ្លានអាហាររួមជាមួយនឹងចង្អោរ និងស្រកទម្ងន់
-រដូវមិនទៀងទាត់ចំពោះស្ត្រី សុដន់រីកធំ និងបាត់បង់ចំណង់ផ្លូវភេទចំពោះបុរស
-ហើមជើង ឬហើមពោះដោយសារកម្រិតអាល់ប៊ុយមីនទាប និងការចាល់សារធាតុរាវនៅជើង ឬក្នុងពោះ
-ជាំ ឬងាយហូរឈាមដោយសារតែការថយចុះនៃប្រូតេអ៊ីនដែលត្រូវការសម្រាប់ធ្វើឲ្យឈាមកក
-ឡើងលឿងលើស្បែក និងភ្នែកដែលបណ្តាលមកពីការប្រមូលផ្តុំនៃជាតិមេឡានីន
-រមាស់ខ្លាំងលើស្បែកដោយសារតែផលិតផលទឹកប្រមាត់ត្រូវបានចាល់លើស្បែក
-ការរំខានផ្លូវចិត្តនៅពេលដែលថ្លើមលែងបង្ហូរចេញនូវជាតិពុលឲ្យមានប្រសិទ្ធភាពដែលបង្កឲ្យមានជាតិពុលនៅក្នុងឈាម និងបង្កឲ្យមានបញ្ហាផ្លូវចិត្តដូចជាអារម្មណ៍មិនស្ងប់ ឬភ្លេចភ្លាំងច្រើន
-ប្រតិកម្មឱសថខណៈដែលថ្លើមមិនច្រោះនូវជាតិថ្នាំឲ្យមានប្រសិទ្ធភាពដូចធម្មតា ជួនកាលធ្វើអោយមានការកើនឡើងនៃជាតិថ្នាំនៅក្នុងខ្លួន និងអាចបង្កើននូវឥទ្ធិពលនៃឱសថទាំងនោះ
-ហូរឈាមខ្លាំងនៅក្នុងក្រពះ ឬបំពង់អាហារដោយសារលំហូរឈាមមិនប្រក្រតីដែលជាបញ្ហាគំរាមកំហែងដល់អាយុជីវិត និងត្រូវការការព្យាបាលជាបន្ទាន់៕