អ្នកពិតជាមានបំណងចង់អោយស្បែកខ្លួនឯងមានសុខភាពល្អ និងស្រស់ស្អាតណាស់ ដូច្នេះក្នុងបន្ទប់ទឹកប្រហែលជាពោរពេញទៅដោយផលិតផលសម្រាប់ថែរក្សាសម្ផស្ស និងប្រើប្រាស់វារាល់ថ្ងៃហើយ។ ប៉ុន្តែអ្នកអាចនឹងមើលរំលងរឿងមួយចំនួនដែលអាចបំផ្លាញស្បែកអ្នកបាន ដូច្នេះតើអ្នកមានកំពុងតែប្រព្រឹត្តនូវទម្លាប់អាក្រក់ប្រាំចំណុចដែលអាចបំផ្លាញស្បែកអ្នកដែរទេ?
ធ្វើមុខដូចមនុស្សកើតទុក្ខ
វេជ្ជបណ្ឌិត ដូរីស ដេ (Doris Day, MD) អ្នកជំនាញខាងរោគសើស្បែក នៅទីក្រុងញ៉ូយក និយាយថា «ការដែលធ្វើខ្លួនមិនសប្បាយចិត្តវានឹងបង្កើតជាទឹកមុខពិបាកចិត្តដូចជា ចងចិញ្ចើម, បូញបបូរមាត់ និងសាច់ដុំមុខទៅជាតឹង» ។ ចូរសាកល្បងធ្វើចលនាត្រចៀកទៅក្រោយដោយមិនបាច់ចាប់ទាញ។ ទោះបីជាមិនអាចធ្វើបានក៏ដោយ ក៏វាមានប្រយោជន៍ដែរ។
គាត់បានបន្តទៀតថា «វាគឺជាការបញ្ជាក់បែបបើកចំហរខ្លាំងបំផុត។ អ្នកមិនអាចចងចិញ្ចើម និងទាញត្រចៀកទៅក្រោយក្នុងពេលតែមួយបានទេ តែអ្នកនឹងមានអារម្មណ៍កាន់តែសប្បាយរីករាយ ហើយមនុស្សនៅជុំវិញខ្លួនអ្នកនឹងមានប្រតិកម្មសប្បាយជាមួយកាន់តែច្រើនដែរ។
ផ្អាកការប្រើឡេការពារកម្តៅព្រះអាទិត្យ
វេជ្ជបណ្ឌិត ដេ និយាយថា “អ្នកមិនអាចសង្កត់ធ្ងន់បានគ្រប់គ្រាន់លើចំនួនឡេការពារកម្តៅព្រះអាទិត្យប៉ុណ្ណាសម្រាប់ការពារស្បែកឡើយ។ប៉ុន្តែអ្នកត្រូវដឹងថា៩០ភាគរយនៃបញ្ហាស្បែកជ្រីវជ្រួញកើតចេញពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។ មានតែ ១០ភាគរយទេដែលទាក់ទងនឹងហ្សែន។ ដូច្នេះអ្នកអាចធ្វើការគ្រប់គ្រងបានយ៉ាងច្រើនចំពោះបញ្ហានេះ”។
ចូរប្រើឡេការពារកម្តៅព្រះអាទិត្យដែលមាន SPF យ៉ាងហោចណាស់ ៣០ ជារៀងរាល់ថ្ងៃ ទោះបីជាអាកាសធាតុមានពពកច្រើនពេញមេឃក៏ដោយ។ ការបើកបរ, ដើរលេង ឬសកម្មភាពទាំងអស់នៅក្រៅផ្ទះត្រូវតែប្រើឡេការពារជានិច្ច។
ឡេការពារកម្តៅព្រះអាទិត្យគួរតែមានសរសេរស្លាកសញ្ញាបែប Broad-spectrum មានន័យថា វាជួយការពារកាំរស្មីយូវីទាំង យូវីអេ និងយូវីប៊ី។ កាំរស្មីយូវីប៊ីធ្វើអោយរលាក ចំណែកឯយូវីអេធ្វើអោយស្បែកងាប់តែ មិនបង្កភាពជ្រីវជ្រួញទេ។ កាំរស្មីយូវីទាំងពីរនេះអាចធ្វើអោយស្បែកមានជំងឺមហារីកបាន។
ញ៉ាំជាតិស្ករច្រើនពេក
វេជ្ជបណ្ឌិត ប៉ាទ្រីសៀ ហ្វារីស (Patricia Farris, MD) អ្នកជំនាញខាងរោគសើស្បែក នៅ New Orleans និយាយថា ការដែលមានជាតិស្ករច្រើនពេកអាចបង្កើនល្បឿននៃការចាស់របស់ស្បែក ។ គាត់បានពន្យល់ថា ជាតិស្ករនឹងទៅបំផ្លាញសារធាតុកូឡាជែន និងអេឡាស្ទីន ដែលស្បែកត្រូវការដើម្បីភាពណែន និងតឹង។ ដូច្នេះកាលណាបាត់បង់វាទាំងពីរនេះនឹងធ្វើអោយស្បែកទៅជាជ្រីវជ្រួញ និងយៀរ។
ដូច្នេះចូរផ្លាស់ប្តូរទម្លាប់នៃការទទួលទានរបស់អ្នក។ ចូរញ៉ាំបន្លែ, ផ្លែឈើ និងជាតិខ្លាញ់ល្អៗដូចជា ត្រីសាលម៉ុងអោយបានច្រើនវិញ។ នោះគឺជាគម្រោងរបបអាហារដ៏ល្អបំផុតហើយដើម្បីអោយស្បែកមើលទៅក្មេងបានយូរ។
ដេកមិនគ្រប់គ្រាន់
ខណៈពេលអ្នកកំពុងតែដេក ស្បែកនឹងធ្វើការជួសជុលដោយខ្លួនឯង ដូច្នេះការដែលដេកមិនគ្រប់គ្រាន់ ឬតិចតួចនាំអោយការជួសជួលក៏ត្រូវប្រើពេលកាន់តែតិចដែរ។ តាមការសិក្សាស្រាវជ្រាវថ្មីមួយបានអោយដឹងថា ចំពោះអ្នកដែលដេកតិចពេក ឬប្រើពេលយូរទើបដេកលក់នឹងធ្វើអោយស្បែកមានភាពតឹងកាន់តែតិចជាងអ្នកដែលដេកលក់បានច្រើនម៉ោង ។ អ្នកត្រូវតែដេកអោយបានគ្រប់គ្រាន់ ដោយមនុស្សពេញវ័យត្រូវការដេកពី ៧ ទៅ៨ម៉ោងក្នុងមួយយប់។
វេជ្ជបណ្ឌិត ដេ និយាយថា “បើសិនជាអ្នកក្រចូលដេកជាងធម្មតាពីរបីម៉ោង វានឹងធ្វើអោយស្បែកមានភាពនឿយហត់ ដូច្នេះអ្នកនឹងមានបញ្ហាហើមភ្នែក, ខូងភ្នែក និងស្បែកយៀរ។ ប៉ុន្តែបើសិនជាចូលដេកដូចពេលធម្មតា អ្នកនឹងមើលឃើញនូវភាពខុសគ្នារបស់ស្បែកជាមិនខាន”។
របៀបដេកក៏ជាបញ្ហាមួយដែរ។ វេជ្ជបណ្ឌិត ហ្វារីស និយាយថា “ការដេកចំហៀងមុខធ្វើអោយស្បែកមុខទៅជាផ្នត់ៗបាន”។ គាត់បានណែនាំអោយប្រើខ្នើយដែលជំនួយដល់សម្រស់ដើម្បីបន្ថយសម្ពាធលើផ្ទៃមុខក្នុងពេលដេក។ វាពិតជាពិបាកណាស់ក្នុងការដេកផ្ងា ប៉ុន្តែកាលណាដេកចំហៀងមុខកាន់តិច កាន់តែល្អ។
ជក់បារី
ការជក់បារីមិនគ្រាន់តែអាក្រក់ចំពោះសុខភាពបេះដូង និងសួតទេ តែក៏ប៉ះពាល់ដល់ស្បែកដែរ។ វេជ្ជបណ្ឌិត ហ្វារីស និយាយថា “នៅពេលអ្នកជក់បារីហារមាត់បឺតផ្សែងបារី ពួកគេនឹងធ្វើអោយបបូរមាត់មានស្នាមផ្នត់ ហើយពេលផ្សែងបារីទៅក្បែរភ្នែក វានឹងធ្វើអោយភ្នែកទៅជាស្រលៀងបាន”។
ការជក់បារីក៏ធ្វើអោយអ្នកងាយនឹងកើតជំងឺមហារីកស្បែកមួយចំនួន, ស្បែកទៅជាលឿងព្រឿងៗ, និងរបួសក្រជា។ វាអាចបង្កើតជាការបង្ករោគ និងស្នាកស្នាមដែរដូចជា ស្នាមមុនជាដើម៕