អ័រម៉ូនក៏ជាកត្តាចម្បងមួយដែលបណ្ដាលឱ្យកើនទម្ងន់ផងដែរ ។ គួរដោះស្រាយបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព យើងខ្ញុំនឹងបង្ហាញពីអ័រម៉ូនដែលមានឥទ្ធិពលចំពោះទម្ងន់រាងកាយស្ត្រី ៖
១. អ័រម៉ូនទីរ៉ូអ៊ីត
ផលប៉ះពាល់មួយដែលលេចឡើងនៅពេលមានបញ្ហាក្រពេញទីរ៉ូអ៊ីត គឺពាក់ព័ន្ធនឹងការដុតរំលាយអាហារក្នុងរាងកាយជាលទ្ធផលនៃការកើនទម្ងន់ខុសប្រក្រតី។ ក្រៅពីមានរបបអាហារត្រឹមត្រូវនិងធ្វើលំហាត់ប្រាណជាប្រចាំហើយនោះ អ្នកក៏អាចស្រកទម្ងន់ដែលលើសបានយ៉ាងប្រសើរតាមរយៈការរក្សាក្រពេញទីរ៉ូអ៊ីតឱ្យមានសុខភាពល្អ។ ទោះជាយ៉ាងការស្រកទម្ងន់ដោយគ្មានមូលហេតុក៏ជាអាការៈមួយនៃបញ្ហាក្រពេញទីរ៉ូអ៊ីតផងដែរដោយក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនច្រើនជាងតម្រូវការរាងកាយ។
២. អ័រម៉ូន Cortisol
Cortisol គឺជាអ័រម៉ូនស្ត្រេស។ នៅពេលអ័រម៉ូននេះឡើងខ្ពស់ជាប្រចាំនោះរាងកាយរបស់អ្នកនឹងបំលែងជាតិស្ករក្នុងឈាមទៅជាខ្លាញ់ដែលស្តុកទុកក្នុងរាងកាយសម្រាប់រយៈពេលយូរ។ ដូច្នេះដើម្បីទប់ស្កាត់ការស្តុកទុកជាតិខ្លាញ់លើសក្នុងរាងកាយ ចូរព្យាយាមគ្រប់គ្រងកម្រិតនៃភាពស្ត្រេសរបស់អ្នកដើម្បីបន្ថយអ័រម៉ូន cortisol។
៣. អ័រម៉ូន Ghrelin
អ័រម៉ូនមួយទៀតដែលអ្នកត្រូវទប់ទល់នោះ គឺ Ghrelin។ អ័រម៉ូននេះគ្រប់គ្រងការឃ្លានដែលបញ្ជូនដំណឹងទៅកាន់ខួរក្បាលឱ្យអ្នកមានអារម្មណ៍ឃ្លាន។ វិធីដ៏ប្រសើរបំផុតដើម្បីគ្រប់គ្រងអ័រម៉ូន Ghrelin កុំឱ្យបង្កបញ្ហា គឺតាមរយៈការទទួលទានប្រូតេអ៊ីន។ នេះក៏ព្រោះតែប្រូតេអ៊ីនអាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។
៤. អ័រម៉ូន leptin
leptin គឺជាអ័រម៉ូនដ៏មានប្រយោជន៍បំផុតមួយជួយទប់ស្កាត់មិនឱ្យអ្នកទទួលទានច្រើនលើសកម្រិត។ ជាធម្មតាអ័រម៉ូននេះត្រូវបានបញ្ចេញដោយកោសិកាខ្លាញ់ដែលធ្វើដំណើរទៅកាន់ខួរក្បាលដើម្បីឱ្យអ្នកមានអារម្មណ៍ឆ្អែត។ អតុល្យភាពនៃអ័រម៉ូន leptin បណ្ដាលឱ្យខួរក្បាលបានដឹងថាយើងឆ្អែតក្រោយទទួលទានរួចឡើយ។
៥. អ័រម៉ូន estrogen
ក្នុងរាងកាយស្ត្រីអ័រម៉ូន estrogen គឺមានតួនាទីចាំបាច់ណាស់។ កម្រិតនៃអ័រម៉ូននេះឡើងខ្ពស់ពេកនឹងបណ្ដាលឱ្យអ្នកកើនទម្ងន់។ មួយក្នុងចំណោមមូលហេតុទូទៅបំផុតដែលបណ្ដាលឱ្យអ័រម៉ូន estrogen កើនឡើង គឺនៅពេលអ្នកទទួលទានសាច់ច្រើន។ ដូច្នេះវិធីដ៏ល្អបំផុតដើម្បីគ្រប់គ្រងកម្រិតនៃអ័រម៉ូន estrogen គឺតាមរយៈការទទួលទានអាហារសុខភាពល្អមានផ្ទុកជាតិសសៃ ប្រូតេអ៊ីន កាបូអ៊ីដ្រាត និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតគ្រប់គ្រាន់។
៦. អ័រម៉ូន Progesterone
ក៏ដូចនឹងអ័រម៉ូន estrogen ដែរ! កម្រិតនៃអ័រម៉ូន Progesterone ក្នុងរាងកាយនឹងធ្លាក់ចុះនៅពេលអស់រដូវ។ ការថយចុះនៃកម្រិតអ័រម៉ូននេះនឹងបណ្ដាលឱ្យកើនទម្ងន់។ ការធ្លាក់ចុះភ្លាមៗក៏អាចបង្កអាកាឫៈហើមនិងស្តុកទុកជាតិសារធាតុរាវលើសកម្រិតក្នុងរាងកាយផងដែរ។ ជាលទ្ធផលអ្នកនឹងមានអារម្មណ៍ធ្ងន់ ហត់ និងឆាប់ឆ្អែត។ ដើម្បីជាការប្រសើរត្រូវចៀសវាងទទួលទានអាហាសម្បូរដោយជាតិសូដ្យូមខ្ពស់។ ចូរព្យាយាមហាត់ប្រាណ ឬធ្វើសកម្មភាពរាងកាយឱ្យបែកញើសខ្លះផងដើម្បីបន្ថយអារម្មណ៍ធ្ងន់និងហើម។
សម្គាល់ ៖ ទោះបីជាអ័រម៉ូនទាំងនេះចាំបាច់ចំពោះសុខភាព ប៉ុន្តែនៅពេលស្ថិតក្នុងកម្រិតមិនត្រឹមត្រូវវាអាចបណ្ដាលឱ្យឡើងទម្ងន់៕