មីក្រូជីវជាតិ គឺជាតម្រូវការដ៏សំខាន់សម្រាប់មុខងារជាច្រើនរបស់រាងកាយ ។ ក្រុមមីក្រូជីវជាតិដ៏ធំនោះមានដូចជា វីតាមីន និងជាតិរ៉ែតែម្តង ។ ជាតិរ៉ែដើរតួនាទីសំខាន់មួយក្នុងការលូតលាស់ សុខភាពឆ្អឹង តុល្យភាពជាតិទឹក និងដំណើរការណ៍ផ្សេងៗទៀត ខណៈពេលដែលវីតាមីនជាតម្រូវការសម្រាប់បង្កើតថាមពល ប្រព័ន្ធភាពស៊ាំ កំណកឈាម។ល។
យើងទទួលបានមីក្រូជីវជាតិទាំងនេះ ពីចំណីអាហារដែលយើងញ៉ាំ ។ អាហារខុសៗគ្នាផ្ទុកទៅដោយជីវជាតិខុសៗគ្នាដែរហើយក៏សម្បូរទៅដោយជីវជាតិផ្សេងៗគ្នាទៀត ។ យ៉ាងណាមិញ វីតាមីន ត្រូវបានគេបែងចែកជាពីរភេទ ដោយមួយជាវីតាមីន រលាយក្នុងខ្លាញ់មានដូចជា វីតាមីន A, D, E និង K និងវីតាមីនរលាយក្នុងទឹកមានដូចជាវីតាមីន B និង C។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរដឹងអំពីវីតាមីនទាំងអស់នេះ៖
វីតាមីន A
វីតាមីនមួយនេះមានក្នុងអាហារជាច្រើនដូចជា ស៊ុតផ្នែកពណ៌លឿង បឺរ ក្រែមជា។ល។ ដែលវាមិនមែនជាប្រភពផ្ទាល់នៃវីតាមីននេះឡើយ តែសារធាតុ Carotene ក្នុងអាហារទាំងនេះនឹងបំលែងទៅជាវីតាមីន A បន្តិចម្តងៗនៅពេលយើងទទួលទានវា។ មុខងារសំខាន់ៗនៃវីតាមីន A មានដូចជា ការលូតលាស់ឆ្អឹង ការធំធាត់ ការមើលឃើញ ការបន្តពូជ ការធំធាត់ និងរក្សាជាលិកាស្បែក។ល។ វីតាមីន A ក៏សំខាន់សម្រាប់កុមារលូតលាស់ និងស្ត្រីក្នុងវ័យបន្តពូជដែរ។
វីតាមីន D
មនុស្សភាគច្រើនដឹងរួចហើយថា វីតាមីន D ទទួលខុសត្រូវសម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញរឹងមាំ។ វីតាមីន D ដើរតួនាទីដ៏សំខាន់មួយក្នុងការសំយោគជាតិរ៉ែកាលស្យូម និងផូស្វ័រក្នុងរាងកាយ ដែលជាប្រភពដ៏សំខាន់សម្រាប់សុខភាពឆ្អឹង។ ត្រីសម្បូរខ្លាញ់ ពន្លឺព្រះអាទិត្យ ស៊ុតផ្នែកកណ្តាល គឺជាប្រភពដ៏ល្អនៃវីតាមីន D ។
វីតាមីន E
វីតាមីនមួយនេះគឺជាអង់ទីអុកស៊ីដង់មួយ ហើយក៏ដើរតួនាទីដ៏សំខាន់បំផុតក្នុងការថែរក្សាយើងឲ្យមានសុខភាពល្អ។ រ៉ាឌីកាលសេរីអាចបង្កគ្រោះថ្នាក់ដល់កោសិកា ជាលិកា និងសរីរាង្គ តែវីតាមីន E អាចជួយលុបបំពាត់រ៉ាឌីកាលសេរីចេញពីរាងកាយបាន។ វាដើរតួនាទីសំខាន់មួយក្នុងការច្រោះជាតិពុលពីក្នុងរាងកាយ និងពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ វីតាមីន E ត្រូវបានគេរកឃើញភាគច្រើនក្នុងអាហារដែលមានជាតិខ្លាញ់ដូចជា ផ្លែប័រ គ្រាប់ធញ្ញជាតិ ប្រេង និងបន្លែពណ៌បៃតងផងដែរ។
វីតាមីន K
វីតាមីន K មិនត្រូវបានគេយកចិត្តទុកដាក់និយាយអំពីវាច្រើនឡើយទោះបីជាវាមាននាទីសំខាន់ៗក្នុងខ្លួនមនុស្សយើងច្រើនក៏ដោយ។ វីតាមីន K គឺជាប្រភេទវីតាមីនរលាយក្នុងខ្លាញ់។ វាដើរតួនាទីសំខាន់មួយក្នុងការធ្វើឲ្យឈាមកក ផ្តល់ការរំលាយអាហារសម្រាប់ឆ្អឹង និងសម្រួលដល់កម្រិតជាតិកាលស្យូមក្នុងឆ្អឹងផង។ បន្លែពណ៌បៃតងគឺជាប្រភពដ៏ល្អមួយនៃវីតាមីន K។
វីតាមីន B
វីតាមីននេះគឺជាក្រុមវិតាមីនមួយប្រភេទដែលសំខាន់សម្រាប់រាងកាយ ព្រោះវាទទួលខុសត្រូវសម្រាប់ធានាថា កោសិកាជាច្រើនក្នុងរាងកាយកំពុងតែធ្វើការយ៉ាងមានប្រសិទ្ធភាព។ វីតាមីន B គឺជាតម្រូវការសម្រាប់ការរំលាយអាហារ និងបំលែងអាហារទៅជាថាមពល ដើម្បីបង្កើតកោសិកាថ្មី រក្សាសុខភាពកោសិកា មុខងារខួរក្បាលកាន់តែល្អ និងជាលិការាងកាយផ្សេងៗទៀត។
វីតាមីន C
វីតាមីន C សំខាន់សម្រាប់ការជួសជុល និងលូតលាស់របស់កោសិកា និងជាលិការបស់រាងកាយ។ វាក៏ដើរតួនាទីសំខាន់មួយក្នុងការសាងសង់ប្រព័ន្ធភាពស៊ាំ។ ផ្លែឈើជូរៗ និងបន្លែដូចជា ម្ទេសប្លោកគឺសម្បូរទៅដោយវីតាមីន C ណាស់៕