ភ្នែកម៉្ញូបត្រូវបានគេស្គាល់ថាជាការមើលឃើញ ដែលមនុស្សមានការលំបាកក្នុងការមើលវត្ថុឆ្ងាយច្បាស់។ ការកើនទ្បើងនូវកម្រិតម៉្ញូបខ្ពស់ អាចបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងទៅលើភ្នែក រហូតអាចឈានទៅដល់ពិការភ្នែក។ ខាងក្រោមនេះ ជាអាហារ៧មុខ ដែលចូលរួមក្នុងការកាត់បន្ថយកម្រិតម៉្ញូប ឬរក្សាកម្រិតម៉្ញូបកុំឲ្យវិវឌ្ឍទៅមុខ ឫដែលយើងតែងនិយាយសាមញ្ញថា ឡើងដឺក្រេ៖
ត្រី
ពពួកត្រីសាល់ម៉ុង ត្រីធូណា ដែលវាសម្បូរដោយអូមេហ្គា៣ ជួយឲ្យភ្នែកលោកអ្នក ភ្លឺច្បាស់ និងការពាររោគសញ្ញាភ្នែកស្ងួត បង្កពីមូលហេតុផ្សេងៗ។ ការបរិភោគសាច់ត្រីជាទៀងទាត់រៀងរាល់ថ្ងៃអាចជួយកាត់បន្ថយការវិវឌ្ឍទៅជាជំងឺភ្នែកទ្បើងបាយ និងការចុះខ្សោយនៃជំងឺភ្នែកនៅពេលក្រោយបានយ៉ាងប្រសើរ។
ការ៉ុត
ការ៉ុត ជាបន្លែមាននូវវីតាមីនច្រើនប្រភេទសម្រាប់លើកកម្ពស់ក្នុងការជួយឲ្យភ្នែកមានសុខភាពល្អ និងឲ្យភ្នែកមើលឃើញច្បាស់ជាងមុន។ ល្អបំផុត គួរទទួលទានទឹកការ៉ុត ប្រមាណ១១៨.២មីលីលីត្រ ឬ ការ៉ុត២០មីលីក្រាម ( ១ ទៅ ៤ ការ៉ុត) រៀងរាល់ថ្ងៃសម្រាប់អ្នកមានភ្នែកម៉្ញូប។
សាច់សត្វ
ការបរិភោគសាច់ជ្រូក សាច់គោ និង អយស្ទ័រសម្បូរជាតិស័ង្កសី ដែលជាសារធាតុរ៉ែផ្តល់នូវ វីតាមីនA ដល់ភ្នែករបស់អ្នក។ វាក៏ជាផ្នែកមួយ ដ៏សំខាន់ក្នុងការធានានូវការផលិតជាតិមេទ្បានីន ដែលសារជាតិពណ៌នេះ ទទួលខុសត្រូវចម្បងក្នុងការថែរក្សាការថតកាំរស្មីភ្នែក ជាពិសេសការពារភ្នែកងងឹតនៅពេលយប់។
បន្លែបៃតង
បន្លែបៃតង អាចការពារភ្នែករបស់លោកអ្នកពីកាំរស្មីពន្លឺព្រះអាទិត្យ ពិសេសការពារស្រទាប់ខាងក្នុងនៃគ្រាប់ភ្នែក បង្ការកុំឲ្យភ្នែកខ្សោយ និងកាត់បន្ថយការកើនទ្បើងនៃកម្រិតភ្នែកម៉្ញូប ប្រសិនបើអ្នកបរិភោគបន្លែប្រមាណ ១២ មីលីក្រាមរៀងរាល់ថ្ងៃ។
ផ្លែឈើ
លោកអ្នកអាចបរិភោគប្រភេទផ្លែឈើ ដែលសម្បូរទៅដោយវីតាមីន C ដូចជា ស្ត្រប៊ឺររី ស្វាយ ល្ហុង និងក្រូច ធ្វើជាអាហារសម្រន់ ដែលជួយបង្កើនប្រព័ន្ធភាពសុំាក្នុងរាងកាយ បង្កើនភាពធន់នៃភ្នែកទៅនឹងជំងឺផ្សេងៗទៀត។ យ៉ាងហោចណាស់ អ្នកអាចបរិភោគផ្លែឈើចំនួន ៩០ មីលីក្រាមក្នុងមួយថ្ងៃសម្រាប់បុរស និង៧៥មីលីក្រាមក្នុងមួយថ្ងៃសម្រាប់ស្ត្រី ដើម្បីជំនួយដល់សុខភាពភ្នែករបស់អ្នក។
គ្រាប់ធញ្ញជាតិ
ការបរិភោគគ្រាប់ធញ្ញជាតិជាប្រចាំ អាចជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយជាច្រើនដើម្បីគ្រប់គ្រងភ្នែកម្ញ៉ូប ព្រោះវាសម្បូរ ដោយវីតាមីន E ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រតិកម្មផ្សេងៗ និងថែរក្សាភ្នែកឲ្យមើលឃើញកាន់តែច្បាស់។
ស៊ុត
ស៊ុតមានផ្ទុកទៅដោយវីតាមីនA ដែលជួយការពារភ្នែកងងឹតនៅពេលយប់ និង ភ្នែកស្ងួត។ ជាមធ្យម លោកអ្នកអាចទទួលទានស៊ុតក្នុងចន្លោះពី១ទៅ៤គ្រាប់ ក្នុងមួយថ្ងៃ៕