ការដែលត្រូវបានគ្រូពេទ្យប្រាប់ថា អ្នកកំពុងតែត្រៀមកើតជំងឺទឹកនោមផ្អែមហើយ គឺជាមូលហេតុដ៏សំខាន់មួយដែលនាំឲ្យខ្វល់ខ្វាយច្រើន។ ជំងឺទឹកនោមផ្អែមគឺជាជំងឺដែលរ៉ាំរ៉ៃ។ នៅពេលអ្នកកើតជំងឺនេះពេញលេញ អ្នកនឹងមិនមានថ្នាំព្យាបាលទេ ហើយត្រូវមានជំងឺនេះជាប់ខ្លួនអស់មួយជីវិតតែម្តង។ អ្វីដែលអ្នកត្រូវចាំនោះគឺថា ថ្នាំដែលគ្រូពេទ្យចេញឲ្យអ្នកជំងឺទឹកនោមផ្អែមប្រើប្រាស់នោះ គឺបានត្រឹមតែជួយគ្រប់គ្រងជំងឺនេះកុំឲ្យវិវត្តន៍អាក្រក់ទៅមុខទៀត តែមិនមែនព្យាបាលវាឲ្យជាឡើយ។
ដូច្នេះបើសិនជាអ្នកត្រឹមតែត្រៀមកើតជំងឺទឹកនោមផ្អែមទេ វាគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតាមដានអ្វីដែលអ្នកញ៉ាំគ្រប់ពេល ព្រោះវាជាអ្វីដែលកំណត់ថាអ្នកនឹងក្លាយទៅជាជំងឺទឹកនោមផ្អែមពេញលេញឬអត់។ ខាងក្រោមនេះខ្ញុំសូមណែនាំអំពីអាហារមួយចំនួនដែលអ្នកត្រៀមកើតជំងឺទឹកនោមផ្អែមត្រូវតែចៀសវាង៖
អាហារពណ៌ស
មានហេតុផលពីរយ៉ាងដែលថា អាហារពណ៌សដូចជា នំបុ័ង និងបាយស ផ្តល់ផលអាក្រក់ដល់សុខភាពមនុស្សគ្រប់គ្នាដែលកំពុងតែមានជំងឺត្រៀមកើតទឹកនោមផ្អែម។ ទីមួយ វាសម្បូរទៅដោយជាតិកាបូអ៊ីដ្រាតដែលរាងកាយបំលែងទៅជាស្ករ។ ទីពីរ អាហារស មិនមានជាតិសរសៃឡើយ ដូច្នេះវាមិនអាចជួយសម្របសម្រួលដល់ជាតិស្ករក្នុងចរន្តឈាមបានឡើយ។ ដូច្នេះដើម្បីកុំឲ្យជំងឺត្រៀមទឹកនោមផ្អែមក្លាយទៅជាទឹកនោមផ្អែមពេញលេញ យកល្អគួរតែរក្សាជាតិស្ករក្នុងឈាមឲ្យនៅថេ។
ភេសជ្ជៈមានជាតិផ្អែម
ភេសជ្ជៈមានរសជាតិឆ្ងាញ់ៗភាគច្រើនគឺផ្ទុកទៅដោយជាតិផ្អែមច្រើនណាស់។ ប៉ុន្តែភេសជ្ជៈទាំងនេះមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នកដែលកំពុងតែត្រូវបានគ្រូពេទ្យប្រាប់ថាមានជំងឺត្រៀមទឹកនោមផ្អែមហើយ។ ភេសជ្ជៈកំប៉ុងមានជាតិហ្គាស និងកាហ្វេផ្អែមៗគួរតែលុបំបាត់ចេញពីរបបអាហារអ្នកទៅបើសិនជាអ្នកកំពុងតែមានជំងឺត្រៀមទឹកនោមផ្អែមហើយនោះ។
ផ្លែឈើក្រៀម
គ្រប់គ្នាដឹងហើយថា ផ្លែឈើគឺល្អចំពោះសុខភាពដោយសារតែវាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ ជាតិសរសៃ វីតាមីន និងជាតិរ៉ែ។ ប៉ុន្តែ សម្រាប់អ្នកដែលមានជំងឺត្រៀមទឹកនោមផ្អែម និងទឹកនោមផ្អែមគួរញ៉ាំវាក្នុងកម្រិតមធ្យមទេ ដោយសារតែវាមានជាតិផ្អែមខ្ពស់។ សម្រាប់ផ្លែឈើក្រៀមៗវិញគឺមិនមានជាតិទឹកទេ ដូច្នេះអ្វីដែលនៅសល់គឺជាតិផ្អែមកម្រិតខ្ពស់វិញ ដូច្នេះនេះហើយជាហេតុផលខ្លាំងក្លាមួយដែលអ្នកត្រៀមកើតជំងឺទឹកនោមផ្អែមត្រូវចៀសវាង។
យ៉ាអួរតាមរសជាតិ
អ្នកទំនងជាធ្លាប់ដឹងរួចហើយថា យ៉ាអួរគឺជាអាហារដ៏ល្អសម្រាប់សុខភាព ហើយវាក៏ត្រូវបានគេណែនាំឲ្យបញ្ចូលក្នុងរបបអាហារផងដែឬ ដោយសារតែវាមានប្រូតេអ៊ីនជួយបង្កើនសាច់ដុំ និងពង្រឹងដល់ភាពរឹងមាំរបស់ឆ្អឹង។ ក្រៅពីនេះវាក៏មានបាក់តេរីល្អសម្រាប់ជួយដល់ពោះវៀន។ ប៉ុន្តែគួរឲ្យស្តាយ អ្នកត្រៀមកើតជំងឺទឹកនោមផ្អែមគឺត្រូវប្រុងប្រយ័ត្នឲ្យមែនទែនលើការជ្រើសរើសយ៉ាអួរមកទទួលទាន ជាពិសេសត្រូវនិយាយថាទេចំពោះយ៉ាអួរដែលរសជាតិតាមតម្រូវការតែម្តង។ បើអាចចូរញ៉ាំយ៉ាអួរគ្មានរសជាតិតែម្តងរឹតតែល្អ។
បម្រាម៖ បើសិនជាអ្នកកំពុងតែមានជំងឺត្រៀមទឹកនោមផ្អែម ចូរប្រាកដថា អ្នកបានធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យ ទើបអ្នកអាចបង្ការបញ្ហាកុំឲ្យវាកាន់តែធ្ងន់ធ្ងរទៅៗ និងក្លាយខ្លួនទៅជាជំងឺដែលមិនអាចព្យាបាលបាន ជាមួយនឹងផលវិបាកធ្ងន់ធ្ងរជាច្រើនទៀត ៕