ពោះវៀនជាសរីរាង្គចាំបាច់បំផុតមួយក្នុងរាងកាយដែលទាំងអាហារចូលនិងចេញពីរាងកាយត្រូវឆ្លងកាត់។ ពោះវៀនក៏ដើរតួយ៉ាងសំខាន់ក្នុងការជួយរក្សានិងផ្ដល់ថាមពលដល់រាងកាយផងដែរ។ ដូច្នេះហើយទើបការរក្សាឱ្យបាននូវសុខភាពពោះវៀនប្រសើរ គឺជាអ្វីដែលយើងគ្រប់គ្នាត្រូវធ្វើ។ ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីអាការៈដែលអាចលេចឡើងនៅពេលពោះវៀនមានបញ្ហា ៖
១. សក់ជ្រុះកាន់តែខ្លាំង
សក់ជ្រុះអាចជាបញ្ហាទូទៅបំផុតមួយ ប៉ុន្តែប្រសិនបើសក់ជ្រុះខ្លាំងពេក ឬក្នុងបរិមាណច្រើន ហើយអ្នកអាចសម្គាល់ឃើញចំណុចទំពែកនោះវាអាចជាអាការៈគួរឱ្យកត់សម្គាល់នៃភាពមិនប្រក្រតីនៃសុខភាពពោះវៀន។ ក្រៅពីភាពតានតឹងក្នុងអារម្មណ៍ ឬបញ្ហាពោះវៀនក៏អាចបណ្ដាលឱ្យសក់ជ្រុះ និងប្រែជាស្ដើងផងដែរ។ នេះក៏ព្រោះតែពោះវៀនមានតួនាទីក្នុងការផលិតវីតាមីន B7 ឬបាយអូទីនដែលជួយទប់ស្កាត់សក់ជ្រុះនិងជំងឺស្បែកផ្សេងៗ។
២. ភាពប្រែប្រួលឡើងចុះនៃទម្ងន់រាងកាយ
ពោះវៀនដែលដំណើរការមុខងារមិនបានប្រក្រតីនាំឱ្យរាងកាយមិនអាចទទួលបាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការ។ ជាលទ្ធផលនៃបញ្ហាកង្វះអាហារូបត្ថម្ភ និងអសមត្ថភាពក្នុងការគ្រប់គ្រាងជាតិស្ករក្នុងឈាម ព្រមទាំងជាតិខ្លាញ់។ ដូច្នេះសុខភាពពោះវៀនចុះខ្សោយមិនត្រឹមតែធ្វើឱ្យអ្នកកើនទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចនាំឱ្យស្រកផងដែរ។
៣. ភ្លាមៗស្រាប់តែប្រតិកម្មនឹងអាហារមួយចំនួន
ប្រព័ន្ធរំលាយអាហារទទួលខុសត្រូវក្នុងការបំបែកអាហារនិងកម្ចាត់រាល់ជាតិពុលចេញពីអ្វីដែលពួកយើងបានទទួលទានចូល។ នៅពេលពោះវៀនមានបញ្ហានោះរាងកាយមិនអាចកម្ចាត់ជាតិពុលពីក្នុងអាហារឡើយដែលជាលទ្ធផលនៃការប្រតិកម្មនឹងអាហារមួយចំនួនភ្លាមៗ។ រោគសញ្ញានៃប្រតិកម្មអាហាររួមមានចង្អោរចង់ក្អួត ឈឺពោះ ឡើងជាតិហ្គាស រមួលក្នុងពោះ និងរាគជាដើម។
៤. ឃ្លានមិនឈប់
ប្រសិនបើមិនប្រតិកម្មនឹងអាហារទេនោះ អ្នកអាចនឹងជួបប្រទះអាការៈផ្ទុយវិញដោយចេះតែឃ្លានអាហារមួយចំនួនមិនឈប់។ នេះក៏ព្រោះតែពោះវៀនដែលមានបញ្ហាមិនអាចដំណើរការបំបែកអាហារដែលពួកយើងទទួលទានបានត្រឹមត្រូវជាលទ្ធផលនៃអតុល្យភាព។ អតុល្យភាពនេះអាចបណ្ដាលឱ្យអ្នកប្រែជាឃ្លានខ្លាំងពិសេសអាហារសម្បូរជាតិស្ករនិងជាតិខ្លាញ់។
៥. ពិបាកគេងលក់បានស្កប់
ដើម្បីគេងលក់បានស្កប់យើងត្រូវការអ័រម៉ូនសេរ៉ូតូនីន (serotonin) ដែលមានប្រសិទ្ធភាពជួយរាងកាយក្នុងការគ្រប់គ្រងអារម្មណ៍និងរដ្ដនៃការគេង។ ហើយប្រសិនបើដំណើរការមុខងារពោះវៀនមិនប្រក្រតីទេនោះបញ្ហាពិបាកគេងនឹងកើតឡើងដែលបង្កជាជំងឺគេងមិនលក់ជះឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំរាងកាយងាយប្រឈមមុខជាមួយជំងឺផ្សេងៗ។
៦. ឈឺពោះរាគញឹកញាប់
ពោះវៀនមិនល្អ ឬមានបញ្ហាមិនអាចនឹងបំបែកអាហារបានត្រឹមត្រូវឡើយដែលជាលទ្ធផលនាំឱ្យអ្នកត្រូវចូលបន្ទប់ទឹកញឹកញាប់ដោយឈឺពោះ។ ក្រៅពីរាគ រោគសញ្ញាដទៃទៀតដូចជាហើមពោះនិងឡើងហ្គាស ឬក្រហាយទ្រូង ទល់លាមកក៏អាចកើតឡើងផងដែរ៕