តើអ្នកមានដឹងទេថា មានអាហារ និងភេសជ្ជៈជាច្រើន អាចរំខានដល់ការជាសះស្បើយរបស់ជំងឺ ក្នុងពេលប្រើថ្នាំផ្សះដែរទេ? មែនហើយគ្មាននរណម្នាក់ ចង់ឲ្យជំងឺរបស់ខ្លួន បន្តជាប់រហូតគ្មានថ្ងៃជាសះស្បើយនោះទេ។ យ៉ាងណាមិញ មានអាហារមួយចំនួន ដែលអ្នកគួរចៀសវាង បើសិនជាមិនចង់ឲ្យថ្នាំផ្សះ ដែលអ្នកកំពុងតែប្រើព្យាបាលជំងឺនោះ បន្ថយប្រសិទ្ធភាពរបស់វា។
អាហារធ្វើពីទឹកដោះគោ
ហ្វ្រូម៉ាត ការ៉េមទឹកដោះគោ ទឹកដោះគោ ប័រ សុទ្ធតែជាអាហារ ដែលអាចរំខានដល់ប្រសិទ្ធភាព របស់ថ្នាំផ្សះបាន ព្រោះថាវាសម្បូរទៅដោយជាតិកាល់ស្យូម ដែលអាចរំខានដល់ការបឺតស្រូប របស់ថ្នាំផ្សះចូលចរន្តឈាម។ យ៉ាងណាមិញ មានអាហារធ្វើពីទឹកដោះគោមួយប្រភេទ ដែលអាចញ៉ាំបាននោះ គឺទឹកដោះគោយាអួរ ព្រោះវាមានសារធាតុប្រូបាយអូទិច ដែលជួយថែរក្សាពោះវៀន ឲ្យមានសុខភាពល្អ និងបង្ការជំងឺរាក ជាពិសេស ផលរំខាននានារបស់ថ្នាំផ្សះតែម្តង។
អាហារសម្បូរជាតិដែក
ជាតិដែក មិនសូវខុសគ្នានឹងជាតិកាល់ស្យូមទេ គឺវាធ្វើឲ្យរាំងស្ទះ ដល់ការបឺតស្រូបថ្នាំផ្សះ ចូលចរន្តឈាម។ ថ្លើមមាន់ សាច់ក្រហម អ័យស្ទ័រ បន្លែពណ៌បៃតងចាស់ សូកូឡាខ្មៅ គួរណាតែកាត់បន្ថយការញ៉ាំសិន នៅពេលកំពុងតែប្រើថ្នាំផ្សះ។ តើអ្នកកំពុងតែប្រើថ្នាំបំប៉ន ឬថ្នាំវីតាមីនចម្រុះ ដែលមានជាតិដែកមែនទេ? បើសិនជាអញ្ជឹងមែន ចូរញ៉ាំវាក្រោយពេលញ៉ាំថ្នាំផ្សះរួច យ៉ាងហោចណាស់ ៣ ម៉ោងដើម្បីជំរុញដល់ការបឺតស្រូបកាន់តែល្អ។
គ្រឿងស្រវឹង
ការពិតរបស់គ្រឿងស្រវឹងនោះគឺថា វាមិនមានឥទ្ធិពលអ្វី ទៅលើការបឺតស្រូបរបស់ថ្នាំផ្សះឡើយ។ ដូច្នេះ អ្វីដែលជាហេតុផលនោះគឺថា វាងាយនឹងធ្វើឲ្យវិលមុខ និងមានបញ្ហាក្រពះពោះវៀនខ្លាំង ដូចជាការរាកជាដើម ខណៈពេលប្រើជាមួយថ្នាំផ្សះ។
ផ្លែឈើជូរៗ
យើងទាំងអស់គ្នា សុទ្ធតែដឹងហើយថា ការញ៉ាំផ្លែឈើជូរៗ គឺជាមធ្យោបាយដ៏អស្ចារ្យមួយ ដើម្បីទទួលបានប្រយោជន៍ ចំពោះសុខភាព ជាពិសេស ពង្រឹងដល់ប្រព័ន្ធភាពស៊ាំតែម្តង តាមរយៈវីតាមីន C ។ យ៉ងាណាមិញ បើសិនជាអ្នកត្រូវប្រើថ្នាំផ្សះហើយ វាពិតជារឿងដែលត្រូវហាមប្រាមហើយ ចំពោះផ្លែឈើជូរ ព្រោះវាមានឥទ្ធិពលអវិជ្ជមាន ទៅលើរបៀបនៃការបឺតស្រូប ថ្នាំផ្សះចូលទៅក្នុងខ្លួន។
អាហារមានជាតិសរសៃខ្ពស់
ការញ៉ាំអាហារសម្បូរជាតិសរសៃរាល់ថ្ងៃ គឺជារឿងល្អមួយ ចំពោះសុខភាពមនុស្ស។ យ៉ាងណាមិញ វាអាចនឹងជាបញ្ហាវិញ បើសិនជាអ្នកត្រូវការប្រើថ្នាំផ្សះដែរ ព្រោះវា អាហារសម្បូរជាតិសរសៃ ទៅបន្ថយរយៈពេលនៃការរំលាយអាហារក្នុងក្រពះ នឹងការបឺតស្រូបរបស់ថ្នាំផ្សះបាន៕