ជម្ងឺទឹកនោមផ្អែមប្រភេទ២ អាចត្រូវបានគ្រប់គ្រង និង ការពារបានយ៉ាងមានប្រសិទ្ធភាព។ ការរស់នៅប្រកបដោយការគិតគូរពីសុខភាព និង ការហាត់ប្រាណ គឺជាអ្វីដែលអ្នកត្រូវការ។ កាត់បន្ថយការទទួលទានកាបូអ៊ីដ្រាតចម្រាញ់ (ស្កររោងចក្រ) អាហារសម្បូរស្ករ បង្អែម ភេសជ្ជៈផ្អែមៗ ទឹកផ្លែឈើជាដើម។ ក្រៅពីនេះអ្នកក៏អាចបញ្ចូលអាហារដែលនឹងរៀបរាប់នៅខាងក្រោមនៅក្នុងរបបអាហាររបស់អ្នក ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
១. អាហារដែលសំបូរជាតិសរសៃ ៖ បរិភោគផ្លែឈើនិងបន្លែឱ្យបានច្រើន ដែលជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃរបស់អ្នក។ រួមបញ្ចូលផងដែរនូវគ្រាប់ធញ្ញជាតិ និង គ្រាប់សណ្តែក។ អាហារទាំងអស់នេះគឺជាប្រភពដ៏ល្អនៃជាតិសរសៃ ដែលជាសារធាតុចិញ្ចឹមមួយដែលបន្ថយល្បឿននៃការបញ្ចេញជាតិស្ករនៅក្នុងចរន្តឈាមនិងការពារការកើនឡើងភ្លាមៗ។
២. បន្លែបៃតង ៖ មិនត្រឹមតែជួយបន្ថែមបរិមាណដល់អាហាររបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងផ្តល់ជូនអ្នកនូវជីវជាតិនិងសារធាតុរ៉ែមានប្រយោជន៍ជាច្រើនដូចជា វីតាមីន A, C, E, K, អាស៊ីតហ្វូលិក, Beta Carotene, Riboflavin, ជាតិដែក, កាល់ស្យូម, ម៉ាញ៉េស្យូម និង ផូស្វ័រ។
៣. ត្រី ៖ ត្រីសាលម៉ុន ត្រីធូណា និង ត្រីសាឌីន គឺជាត្រីដែលជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា៣។ ការសិក្សាបង្ហាញថា ការបរិភោគត្រី ក៏អាចបន្ថយជាតិស្ករក្នុងឈាមបានដែរ។
៤. ពងមាន់ ៖ ការទទួលទានស៊ុតជាប្រចាំ អាចផ្តល់អត្ថប្រយោជន៍ដល់អ្នកជម្ងឺទឹកនោមផ្អែម ក៏ដូចជាមនុស្សទូទៅ។ វាត្រូវបានគេរកឃើញថា អាចកាត់បន្ថយការរលាក ធ្វើអោយប្រសើរឡើងនូវភាពប្រែប្រួលអាំងស៊ុយលីននិងបង្កើន HDL ដែលជាកូឡេស្តេរ៉ុលល្អ នៅក្នុងខ្លួន។
៥. ផ្លែបឺរ៖ វាជាប្រភពនៃខ្លាញ់ល្អ ដែលអាចផ្តល់អត្ថប្រយោជន៍មិនត្រឹមតែអ្នកជម្ងឺទឹកនោមផ្អែមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយដល់មនុស្សទូទៅផងដែរ។ អាហារទាំងនេះគឺជាប្រភពដ៏ល្អនៃខ្លាញ់ដែលមិនប៉ះពាល់ដល់សរសៃឈាម ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជម្ងឺបេះដូង។
មុនពេលសម្រេចចិត្តទទួលទានអ្វីប្លែកនៅក្នុងរបបអាហាររបស់អ្នក អ្នកជម្ងឺទឹកនោមផ្អែម គួរធ្វើការពិនិត្យនិងប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ ព្រោះថាស្ថានភាពជម្ងឺរបស់មនុស្សម្នាក់ៗ គឺមិនដូចគ្នាទេ៕