ជំងឺគ្រួសក្នុងតម្រងនោមគឺជាជំងឺមួយប្រភេទដែលកើតមានជាដុំគ្រួសរឹងក្រោយពីសារធាតុជាច្រើនដែលរលាយបានក្នុងទឹកនោមក្លាយទៅជាមានកំហាប់ខ្ពស់។ សារធាតុនោះច្រើនតែកើតឡើងដោយសារជាតិកាលស្យូម, អុកសាឡាត និងផូស្វាត។ ជំងឺគ្រួសក្នុងតម្រងនោមប្រហែលជាមានកម្រាស់ពីរបីមីលីម៉ែត្រ ឬធំជាងដូចដុំថ្មតូចៗអញ្ចឹង។
មនុស្សយើងប្រហែលជាមាន ១០ភាគរយនឹងកើតជាជំងឺគ្រួសក្នុងតម្រងនោមក្នុងឆាកជីវិតពួកគេ។ គ្រួសក្នុងតម្រងនោមឃើញកើតមានច្រើនបំផុតលើមនុស្សប្រុស ប៉ុន្តែឥឡូវនេះ គ្រូពេទ្យជាច្រើនកំពុងតែឃើញជំងឺនេះកើតច្រើនលើស្ត្រី និងកូនក្មេងទៅវិញ។ កត្តារបបអាហារប្រហែលជាដើរតួយ៉ាងសំខាន់ក្នុងការបង្កើនអត្រានៃការកើតជំងឺគ្រួសក្នុងតម្រងនោម។
គ្មានរោគសញ្ញា
មនុស្សជាច្រើនដែលមានគ្រួសក្នុងតម្រងនោមមិនឃើញមានរោគសញ្ញាអ្វីឡើយ។ បើសិនជាអ្នកមានគ្រួសក្នុងតម្រងនោមដែលមានទំហំតូចបំផុត អ្នកប្រហែលជាជុះវាចេញដោយមិនដឹងខ្លួនទៀតផង។ ពេលខ្លះគ្រួសតូចៗបែបនេះអាចរកឃើញតាមរយៈការធ្វើថតរូបភាពវេជ្ជសាស្ត្រ (កាំរស្មីអ៊ិច, CT Scan, ឬអេកូ) សម្រាប់រកមើលជំងឺដែលមិនទាក់ទងនឹងតម្រងនោម។ គ្រូពេទ្យប្រហែលជាប្រើវិធីសាស្ត្រមើល និងតាមដានបើសិនជារកឃើញថាអ្នកមានគ្រួសក្នុងតម្រងនោមហើយគ្មានរោគសញ្ញាអ្វីជាបញ្ហាទេ។
ឈឺចាប់
ការឈឺចាប់ដោយសារតែគ្រួសក្នុងតម្រងនោមអាចមានលក្ខណៈពីស្រាលទៅធ្ងន់ធ្ងរ ហើយលក្ខណៈឈឺនោះមានចាប់ពីងុំ រហូតដល់ឈឺដូចគេចាក់។ គ្រួសតម្រងនោមដែលធំៗទំនងជាងាយបង្កការឈឺចាប់ណាស់ព្រោះវានឹងត្រូវរមៀលចូលទៅក្នុងបំពង់ Ureter និងចេញពីក្នុងខ្លួនតាមទឹកនោម។ កន្លែងឈឺចាប់ដោយសារសារតែគ្រួសក្នុងតម្រងនោមដែលគេជួបប្រទះញឹកញាប់ជាងគេនោះគ ចង្កេះ (ខាងចំហៀងខ្លួន), ពោះផ្នែកខាងក្រោម និងគ្រលាន ព្រមទាំងក្រោមឆ្អឹងជំនី។ ការឈឺចាប់ប្រហែលជាកើតមានដូចជាទឹករលកអញ្ចឹង។ អ្នកក៏ប្រហែលជាធ្លាប់មានបញ្ហានោមញឹក និងនោមឈឺបើសិនជាមានគ្រួសក្នុងតម្រងនោមមែន។
ក្អួត និងចង្អោរ
ការឈឺចាប់ដែលអ្នកមានពេលកើតគ្រួសក្នុងតម្រងនោមប្រហែលក្លាយទៅជាកាន់តែធ្ងន់ធ្ងរបើសិនជាមានអាការៈក្អួត និងចង្អោរថែមទៀត។ ដោយសារតែគ្រួសតម្រងនោមរមៀលចុះទៅក្នុងបំពង់ Ureter និងបណ្តាលអោយស្ទះលំហូរទឹកនោម ទើបធ្វើអោយមានការឈឺចាប់ខ្លាំងក្លា និងធ្ងន់ធ្ងរជាងការសម្រាលកូនទៅទៀត។ ការឈឺចាប់, ក្អួត និងចង្អោធ្ងន់ធ្ងរត្រូវតែព្យាបាលដោយប្រើថ្នាំបំបាត់ការឈឺចាប់ដែលខ្លាំង, ថ្នាំបំបាត់ក្អួត និងព្យួរសេរ៉ូម។
ក្តៅខ្លួន និងគ្រុនញាក់
ការក្តៅខ្លួន និងគ្រុនញាក់ពេលខ្លះគឺជារោគសញ្ញារបស់ជំងឺគ្រួសក្នុងតម្រងនោម។ ទាំងនេះហើយគឺជាសញ្ញាដែលត្រូវការវាយតម្លៃពីគ្រូពេទ្យអោយបានលឿនព្រោះវាអាចនឹងមានន័យថា អ្នកមានការបង្ករោគ (ដែលអាចគំរាមគំហែងដល់អាយុជីវិតបានបើសិនជាមិនបានព្យាបាលទេ)។ អ្នកគួរតែស្វែងរកការព្យាបាលអោយបានលឿនបើសិនជាមានអាការៈក្តៅខ្លួន និងគ្រុនញាក់ទាក់ទងនឹងគ្រួសក្នុងតម្រងនោម ទោះបីជាការឈឺចាប់នោះមានលក្ខណៈតិចតួចក៏ដោយ។
ឈាមក្នុងទឹកនោម
វត្តមានឈាមក្នុងទឹកនោមគឺជារោគសញ្ញាមួយផ្សេងៗទៀតរបស់ជំងឺគ្រួសក្នុងតម្រងនោម។ ដោយសារតែគ្រួសក្នុងតម្រងនោមត្រូវឆ្លងការផ្លូវបង្ហួរនោម វានឹងធ្វើអោយកកិតដល់បំពង់ Ureter ដែលជាហេតុនាំអោយមានការហូរឈាមដូច្នេះ។ ទឹកនោមរបស់អ្នកប្រហែលជាមើលទៅឃើញពណ៌ផ្កាឈូក ឬក្រហមអាស្រ័យទៅតាមភាពធ្ងន់ធ្ងរនៃការហូរឈាមនោះ។ ឈាមក្នុងទឹកនោមគឺជារោគសញ្ញាធ្ងន់ធ្ងរបំផុតដែលត្រូវការអោយគ្រូពេទ្យធ្វើការវាយតម្លៃអោយបានលឿន។
ការប្រែប្រួលទឹកនោមផ្សេងៗទៀត
បើសិនជាអ្នកឃើញទឹកនោមទៅជាពណ៌ល្អក់ ឬមានក្លិនស្អុយខ្លាំង នោះអាចជាសញ្ញាមួយនៃការបង្ករោគដែលទាក់ទងនឹងគ្រួសក្នុងតម្រងនោម។ ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះអាចជាសញ្ញានៃជំងឺដូចជា ជំងឺរលាកផ្លូវទឹកម៉ូដ, ជំងឺរលាកផ្លោកនោម, ឬជំងឺកាមរោគដូចជាជំងឺប្រមេះទឹកបាយជាដើម។ បើសិនជាអ្នកឃើញទឹកនោមទៅជាពណ៌ល្អក់ ឬក្លិនស្អុយចូរទៅជួបគ្រូពេទ្យភ្លាម៕