ទំនាក់ទំនងស្នេហារឹងមាំមួយអាចត្រូវឆ្លងកាត់ដំណាក់កាលស្មុគស្មាញច្រើនណាស់ទាំងដែលមិនប្រាកដថានឹងរក្សាបានរហូតផង។ ទោះជាយ៉ាងណាកុំបារម្ភពេក! ថ្ងៃនេះវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីដំណាក់កាលមួយចំនួននៃស្នេហាដែលអ្នកគួរពិចារណាដើម្បីអាចត្រៀមរក្សាចំណងស្នេហ៍រឹងមាំ ៖
១. ដំណាក់កាលទីមួយ «ស្នេហាថ្មីថ្មោង»
នៅពេលអ្នកទើបនឹងបានជួប ឬទាក់ទងជាមួយមនុស្សពិសេសម្នាក់នោះប្រាកដណាស់ថា អ្វីគ្រប់យ៉ាង គឺល្អច្រើនទាំងភាពផ្អែមល្ហែមនិងអារម្មណ៍រំភើបសប្បាយចិត្ត។ នេះជាដំណាក់កាលទីមួយនៃស្នេហា! គ្រាន់តែបានជួបបន្តិចក៏អាចធ្វើឱ្យអ្នកញញឹមពេញមួយថ្ងៃដែរ។ អ្នកតែងឆែកមើលទូរស័ព្ទថាតើម្នាក់នោះគេមានផ្ញើរសារមកឬអត់? អ្នកអាចនឹងដឹងថាអ្វីដែលខ្លួនឯងកំពុងធ្វើហាក់ដូចជាឆ្កួតឡប់ម្នាក់ឯង ប៉ុន្តែអ្នកមិនខ្វល់ឡើយព្រោះកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ជ្រាលជ្រៅទៅហើយ។ ចូរព្យាយាមចងចាំទុកនូវអារម្មណ៍ក្នុងដំណាក់កាលដំបូងនេះ ក៏ព្រោះអ្នកអាចនឹងត្រូវការវានៅពេលក្រោយដើម្បីរលឹកការចងចាំល្អៗ។
២. ដំណាក់កាលទីពីរ «ការចាប់ផ្តើមរស់នៅជាមួយគ្នា»
អ្នកមានអារម្មណ៍ថាច្បាស់លាស់នឹងគ្នា ហើយក៏ត្រៀមខ្លួនរួចរាល់ដើម្បីជំនះរាល់ឧបសគ្គ។ ក្នុងដំណាក់កាលទីពីរនេះអ្នកនឹងរើចូលមករស់នៅជាមួយគ្នាជាលក្ខណៈគូស្វាមីភរិយា។ អ្នកទាំងពីរអាចនឹងសម្គាល់ឃើញថាជីវិតពិតលក្ខណៈប្ដីប្រពន្ធមិនមែនល្អគ្រប់ពេលឡើយ។ ទោះជាយ៉ាងណាអ្នកប្រាកដជាព្យាយាមចំណាយពេលជាមួយគ្នាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ហើយអ្នកចង់ចែករំលែកនូវរាល់ការគិតនិងអារម្មណ៍ សួរនាំសុខទុក្ខប្រចាំថ្ងៃរបស់គ្នាទៅវិញទៅមកនិងចាំអារម្មណ៍ចាំស្ដាប់នូវរាល់ចម្លើយ។ ប៉ុន្តែទម្លាប់នេះអាចនឹងចាប់ផ្ដើមប្រែប្រួលបន្តិចម្ដងតាមពេលវេលា។ ចូរកុំឱ្យពន្លឺស្នេហ៍របស់អ្នកទាំងពីរបាត់បង់ទៅដោយងាយអី! ព្យាយាមផ្ដល់ពេលវេលាជាលក្ខណៈគ្រួសារឱ្យគ្នាដើម្បីរក្សាបាននូវចំណងស្នេហ៍រឹងមាំមួយ។
៣. ដំណាក់កាលទី៣ «ទម្លាប់ជាប្រចាំ និងការខកចិត្តចាប់ផ្តើមកើតមាន»
អ្នកនៅតែមានអារម្មណ៍ល្អ ហើយច្បាស់លាស់ជាមួយដៃគូ ប៉ុន្តែអ្វីមួយហាក់ដូចជាខុសប្លែក។ អ្នកគ្មានអារម្មណ៍រំភើបនឹងការចំណាយពេលនៅជាមួយគ្នាច្រើនដូចពីមុន។ អ្នកអាចនឹងផ្ដោតសំខាន់ទៅលើទំនួលខុសត្រូវប្រចាំថ្ងៃ ការចំណាយ ស្ថានភាពការងារនិងការងារផ្ទះវិញ។ ទម្លាប់នេះចាប់ផ្ដើមកើតមាន ភាពនឿយហត់ អារម្មណ៍ព្យាយាមតែម្ខាង ភាពខកចិត្តក៏អាចនឹងលេចឡើងក្រោយមកអ្នកក៏ចាប់ផ្ដើមសួរខ្លួនឯងថាតើអ្នកបានសម្រេចចិត្តជ្រើសរើសត្រូវហើយមែនទេ? នេះជាផ្នែកដ៏គ្រោះថ្នាក់បំផុតមួយនៃទំនាក់ទំនងស្នេហា ហើយប្រសិនបើអ្នកអាចឆ្លងផុតជាមួយគ្នានោះគឺពិតជាប្រសើរខ្លាំងណាស់។ ចូរព្យាយាមរក្សាចំណងស្នេហ៍នេះ ដៃគូរបស់អ្នក គឺនៅតែជាមនុស្សម្នាក់ដដែលម្នាក់ដែលអ្នកលង់ស្រឡាញ់។ ព្យាយាមរលឹកដល់អារម្មណ៍ល្អដែលអ្នកធ្លាប់មានតាំងពីថ្ងៃទើបនឹងទាក់ទងគ្នាដំបូង។ ហើយសូមចាំផងថាពេលវេលាសម្រាប់គ្រួសារនិងខ្លួនឯង គឺសំខាន់ដូចគ្នា។
៤. ដំណាក់កាលទី៤ «ដំណាក់កាលនឹងនរ ឬមានស្ថេរភាព»
ក្នុងដំណាក់កាលនេះអ្នកនឹងចាប់ផ្ដើមកាន់តែមានអារម្មណ៍ជឿជាក់បំផុតលើទំនាក់ទំនងស្នេហាខ្លួន។ អ្នកមើលឃើញច្បាស់ថាតើដៃគូខ្លួនជាមនុស្សបែបណាពិតប្រាកដ។ អ្នកលែងមានអារម្មណ៍រសាត់អណ្ដែតមិនសូវប្រាកដដូចដំណាក់កាលទីមួយទៀត! ហើយដំណាក់កាលទីបីក៏ឆ្លងផុតដោយប្រសើរ។ អ្នកចាប់ផ្ដើមចេះផ្ដល់ពេលវេលាឱ្យគ្នារៀងខ្លួននិងយល់ថាដៃគូអ្នកមានចំណង់ចំណូលចិត្តឬទម្លាប់ផ្ទាល់ខ្លួនខ្លះដែលមិនអាចកែបានក៏ដូចគ្នានឹងអ្នកដែរ ហើយវាក៏មិនជាអ្វីរំខាន ឬមិនអាចទទួលយកបាន។ ក្នុងដំណាក់កាលនេះអ្នកអាចរស់នៅដោយឡែក ឬឆ្ងាយគ្នាខ្លះ ក៏ប៉ុន្តែកី្តស្រលាញ់របស់អ្នកទាំងពីរនៅតែរឹងមាំជានិច្ច។
៥. ដំណាល់កាលទី៥ «ជាការប្តេជ្ញាចិត្តយ៉ាងមុះមុត»
ប្រសិនបើអ្នកឈានមកដល់ដំណាក់កាលនេះ សូមចូលរួមអបអរសាទរ! អ្នករក្សាបាននូវចំណងស្នេហរឹងមាំមួយហើយ។ អ្នកអាចនឹងមិនមានភាពផ្អែមល្ហែមដូចដំណាក់កាលដំបូង ប៉ុន្តែអ្នកនូវតែមានអារម្មណ៍ប្រសើរ ឬស្កប់ស្កល់ជាមួយទំនាក់ទំនងមួយនេះ ហើយក៏មិនគិតថានឹងមានអ្វីប្រែប្រួលទៀតដែរ។ អ្នកអាចទទួលយកនូវរាល់ចំណុចល្អនិងមិនឥតខ្ចោះរបស់ដៃគូ។ មែនហើយជីវិតគ្រួសារតម្រូវឱ្យអ្នកឆ្លងកាត់រឿងរ៉ាវជាច្រើន ព្រមទាំងឧបសគ្គផ្សេងៗរួមគ្នាចៀសមិនផុត ប៉ុន្តែអ្វីដែលសំខាន់ គឺការប្តេជ្ញាចិត្តពុះពារស៊ូដើម្បីរក្សាស្នេហាពិតមួយនេះ៕