អាហារសម្បូរខ្លាញ់មិនគ្រាន់តែត្រូវបានគេរកឃើញក្នុងអាហារលឿនទេ តែក៏មានក្នុងកន្លែងធ្វើការ ភោជនីយដ្ឋាន សាលារៀន និងក្នុងផ្ទះផងដែរ។ អាហារភាគច្រើនដែលគេចម្អិនដោយការឆា ឬចៀន ឬប្រើប្រាស់ប្រេងច្រើនត្រូវបានគេចាត់ទុកថាជាអាហារសម្បូរខ្លាញ់ហើយ។ រឿងនេះរួមមានដូចជា ដំឡូងចៀន ភីហ្សាខ្លាញ់ៗ ខ្ទឹមបារាំងបំពង បឺហ្គឺ និងនំដូណាតជាដើម។
អាហារទាំងនេះងាយនឹងធ្វើឲ្យលើសកាឡូរី ខ្លាញ់ ប្រៃ និងកាបូអ៊ីដ្រាតកៃឆ្នៃ តែកង្វះជាតិសរសៃ វីតាមីន និងជាតិរ៉ែវិញ ។ ខណៈពេលដែលវាអាចជារឿងធ្វើឲ្យឆ្ងាញ់មាត់ម្តងម្កាល តែអាហារខ្លាញ់នេះក៏មានឥទ្ធិពលអវិជ្ជមានចំពោះរាងកាយទាំងលក្ខណៈរយៈពេលខ្លី និងវែង ជាពិសេសអាចបន្ថយសមត្ថភាពខួរក្បាលតែម្តង។
របបអាហារសម្បូរទៅដោយជាតិខ្លាញ់ អាចបង្កជាបញ្ហាដល់មុខងារខួរក្បាលបាន ។ ការឡើងទម្ងន់ លើសសម្ពាធឈាម និងចង្កោមរោគសញ្ញា Metabolic ដែលជាប់ទាក់ទងនឹងអាហារសម្បូរជាតិខ្លាញ់ ត្រូវបានគេរកឃើញថា ធ្វើឲ្យខូចខាតដល់រចនាសម្ព័ន្ធ ជាលិកា និងសកម្មភាពរបស់ខួរក្បាល ។
ការសិក្សាដ៏ធំចំនួនពីរ ដែលមានមនុស្សចូលរួម៥០៨៣នាក់ ញ៉ាំអាហារមានជាតិខ្លាញ់ខ្ពស់ និង១៨០៨០នាក់ទៀតញ៉ាំអាហារឆា ឬចៀន ឃើញថា មានការថយចុះសមត្ថភាពរៀនសូត្រ និងការចងចាំ ព្រមទាំងបង្កើនការរលាកក្នុងខ្លួន ។
លើសពីនេះទៅទៀត របបអាហារមានជាតិខ្លាញ់ប្រភេទ Trans Fats វិញគឺជាប់ទាក់ទងនឹងការខូចដល់មុខងាររបស់ខួរក្បាល ។ ការសិក្សាមួយទៅលើមនុស្សពេញវ័យប្រមាណ ១០១៨នាក់ ដែលទាក់ទងនឹងការញ៉ាំខ្លាញ់ប្រភេទ Trans Fats មួយក្រាមក្នុងមួយថ្ងៃ អាចធ្វើឲ្យការរកនឹកអ្វីកាន់តែមិនចេញធ្ងន់ធ្ងរ ដែលបញ្ជាក់ថា បង្កគ្រោះថ្នាក់ដល់ការចងចាំ។
លើសពីនេះទៅទៀត ការសិក្សាមយយដែលមានស្រ្តីចូលរួមប្រមាណ ៣៨នាក់ ដែលញ៉ាំអាហារមានជាតិខ្លាញ់ប្រភេទ Saturated Fats និង Trans Fats ខ្ពស់ គឺជាប់ទាក់ទងនឹងការចងចាំកាន់តែចុះខ្សោយផងដែរ។ យ៉ាងណាមិញ រឿងនេះត្រូវតែមានការសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីយល់ដឹងកាន់តែច្បាស់អំពីវា៕