សារធាតុគីមីមិនអនុញ្ញាតឱ្យប្រើលើចំណីអាហារឡើយ ព្រោះប៉ះពាល់ដល់សុខភាព ប៉ុន្តែនៅតែមានអ្នកលក់ជាច្រើនប្រើសារធាតុគីមីដាក់នៅក្នុងម្ហូបអាហារ ។ តោះមកដឹងពីសារធាតុគីមី ៣ ប្រភេទដែលគេប្រើច្រើនលើម្ហូបអាហារដែលយើងញុំារាល់ថ្ងៃ ។
១. បូរាក់ (Borax)
បូរាក់ ឬសូដ្យូមបូរ៉ាតដែលយើងហៅថាទឹកអន្សា គឺជាសារធាតុម្សៅពណ៌សដូចអំបិលសម្រាប់ប្រើជាជី សារធាតុសម្អាត និងថ្នាំសម្លាប់សត្វល្អិត។ ប្រភេទចំណីអាហារជាច្រើនត្រូវបានគេដាក់សារធាតុបូរាក់ ក្នុងនោះមានដូចជាមឹក បង្គារ សាច់ប៉ាតេ ត្រីហើម ត្រីងៀត ប្រហិត ត្រី ឈាមជ្រូក សរសៃគុយទាវ មី ពពុះសណ្តែក បង្អែមលត បាញ់ឌុក ទំពាំងជូរ ស្ពៃជ្រក់ជាដើម ដើម្បីរក្សាទុកបានយូរនៅតែស្រស់មិនងាយខូច ហើយបើបង្អែម គុយទាវ មី និងប្រហិតវិញឱ្យស្វិតល្អ។
បន្ទាប់យើងញុំាអាហារមានផ្ទុកសារធាតុប៉ូរាក់ ២- ៤ ម៉ោងនឹងមានរោគសញ្ញាលេចឡើងដូចជាឈឺក្បាល ក្តៅខ្លួន ចង្អោរ ក្អួរ និងក្រហមភ្នែក។ ការញុំាសារធាតុប៉ូរាក់ក្នុងបរិមាណច្រើនអាចបណ្តាលឱ្យខូចតម្រងនោម។ លើសពីនេះទៅទៀត ការបរិភោគអាហារដែលមានផ្ទុកសារធាតុបូរ៉ាក់ត្រឹមតែ ១៥-២០ ក្រាមអាចសម្លាប់មនុស្សពេញវ័យបាន ហើយចំពោះកុមារគឺត្រឹមតែ ៥ ក្រាមប៉ុណ្ណោះ។
២. ហ្វ័រម៉ុល (Formaldehyde)
ហ្វ័រម៉ុល ឬហ្វ័រម៉ាលីន (Formalin) គឺជាឧស្ម័នឆួលគ្មានពណ៌ ប្រើប្រាស់ជាទូទៅក្នុងវិស័យឧស្សាហកម្មសម្រាប់ការផលិតជ័រប្លាស្ទិក ជី គ្រឿងសម្អាង និងវាយនភណ្ឌ។ លើសពីនេះទៅទៀត យើងប្រើហ្វ័រម៉ុលចាក់សពការពារកុំឱ្យរលួយ។ ប៉ុន្តែអ្នកលក់បែរជាដាក់ហ្វ័រម៉ុលក្នុងម្ហូបអាហារដូចជាត្រី សាច់ គ្រឿងសមុទ្រ បន្លែ ផ្អក ប្រហុក ត្រីប្រម៉ា ត្រីងៀត…ជាដើមដើម្បីឱ្យនៅស្រស់ និងរក្សាទុកបានយូរ។
ផលប៉ះពាល់នៃការទទួលទានហ្វ័រម៉ុលក្នុងរយៈពេលខ្លីរួមមាន ឈឺក្បាល ហៀរសំបោរ ចង្អោរ ថប់ដង្ហើម មានបញ្ហាអាលែហ្ស៊ី រលាកច្រមុះ ភ្នែក និងបំពង់ក។ ឯផលប៉ះពាល់រយៈពេលវែងអាចបណ្តាលឱ្យមានជំងឺហឺត ជំងឺផ្លូវដង្ហើម រលាកក្រពះ ក្អួត សន្លប់ ប៉ះពាល់តម្រងនោម និងអាចគ្រោះថ្នាក់ដល់ជីវិត។
៣. ម្សៅស ឬថ្នាំស (Sodium Hydrosulfite)
សូដ្យូមអ៊ីដ្រូស៊ុលហ្វីតជាម្សៅសប្រើសម្រាប់ជាធាតុផ្សំក្នុងការផលិតរ៉េអាក់ទ័រនុយក្លេអ៊ែរ ក្រដាស ថ្នាំពណ៌ និងសារធាតុគីមីផ្សេងទៀត។ តែយើងឃើញគេប្រើម្សៅសលើសណ្តែកបណ្តុះ បន្លែសម្លរកកូរ ស្ករត្នោត ទំពាំងជ្រក់ គល់ស្លឹកគ្រៃ ខ្ញី ត្រយ៉ូងចេក ដើមចេកហាន់ស្រាប់ៗ។ល។ ដើម្បីឱ្យនៅស្រស់បានយូរ និងមានពណ៌សស្អាតមិនប្រែជាខ្មៅ។
ការទទួលទានម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ និងរាករូស។ សម្រាប់អ្នកមានបញ្ហាអាលែកហ្ស៊ីធ្ងន់ធ្ងរជាមួយសារធាតុនេះ ឬអ្នកមានជំងឺហឺតអាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន ៕