ការលើសជាតិកាល់ស្យូមនេះ សម្តៅទៅលើចំនួន ជាតិកាល់ស្យូមក្នុងឈាម ច្រើនជាងធម្មតា ។ កាលណាកាល់ស្យូមក្នុងឈាមមានច្រើន អាចធ្វើឱ្យឆ្អឹងខ្សោយ បង្កគ្រួសក្នុងតម្រងនោម និងរំខានដល់ការងាររបស់បេះដូង និងខួរក្បាលបាន។
ការលើសជាតិកាល់ស្យូម ច្រើនតែបណ្តាលមកពី ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ធ្វើការច្រើនជ្រុល ។ ក្រពេញតូចៗទាំងបួននេះ ស្ថិតនៅក្នុង ឬក្បែរក្រពេញទីរ៉ូអ៊ីត។ មូលហេតុផ្សេងៗទៀត មានដូចជា មហារីក ជំងឺអ្វីផ្សេង ថ្នាំមួយចំនួន និងការប្រើប្រាស់ថ្នាំបំប៉នកាល់ស្យូម និងវីតាមីន D ច្រើនពេក។
ចំពោះរោគសញ្ញា របស់អាការៈនេះ មានការប្រែប្រួលមិនទៀងទាត់ រាប់ចាប់ពីគ្មានរោគសញ្ញា រហូតដល់មានសញ្ញាធ្ងន់ធ្ងរ ហើយការព្យាបាល ក៏អាស្រ័យទៅតាម មូលហេតុរបស់វាដែរ។ ចំពោះផលវិបាក របស់អាការៈនេះវិញ មានដូចជា ៖
ពុកឆ្អឹង
បើសិនជាឆ្អឹង ចេះតែបន្តបញ្ចេញជាតិកាល់ស្យូម ទៅក្នុងឈាម អ្នកនឹងមានជំងឺពុកឆ្អឹង ជាមិនខាន ហើយវា ក៏នាំឱ្យឆ្អឹងទៅជាបាក់ កោងឆ្អឹងកងខ្នង និងមានកម្ពស់ទាបជាងមុន។
គ្រួសក្នុងតម្រងនោម
បើសិនជាទឹកនោមអ្នក មានជាតិកាល់ស្យូមច្រើនពេក សារធាតុគ្រីស្តាល់ ប្រហែលជាកើតមានក្នុងតម្រងនោមបាន។ រយៈពេលយូរៗទៅ ជាតិគ្រីស្តាល់នោះ ប្រហែលជាតោងជាប់គ្នា បង្កើតបានជាគ្រួស ក្នុងតម្រងនោមបាន។ ការធ្លាក់គ្រួសក្នុងតម្រងនោម អាចបង្កជាការឈឺចាប់ធ្ងន់ធ្ងរ។
ខ្សោយតម្រងនោម
ការលើសជាតិកាល់ស្យូមធ្ងន់ធ្ងរ អាចបង្កការខូចខាត ដល់តម្រងនោម កាត់បន្ថយសមត្ថភាព ក្នុងការលាងសម្អាតឈាម និងបញ្ចេញជាតិទឹកពីក្នុងខ្លួន។
មានបញ្ហាប្រព័ន្ធសរសៃប្រសាទ
ការលើសជាតិកាល់ស្យូមធ្ងន់ធ្ងរ អាចបណ្តាលឱ្យមានអាការៈវង្វេងវង្វាន់ ភ្លេចភ្លាំង និងសន្លប់ ដែលអាចគ្រោះថ្នាក់ដល់ អាយុជីវិតបាន។
បេះដូងដើរខុសចង្វាក់
ការលើសកាល់ស្យូមក្នុងឈាម អាចប៉ះពាល់ដល់ចរន្តអគ្គិសនី ដែលសម្រួលដល់ចង្វាក់បេះដូង ដូច្នេះវានឹងធ្វើឱ្យបេះដូង ដើរខុសចង្វាក់បាន៕