មនុស្សម្នាក់ត្រូវគេងពី ៧ ទៅ៩ម៉ោង គឺជាបរិមាណនៃការគេងរាល់យប់ដែលអាជ្ញាធរសុខាភិបាលបានណែនាំ។ ហើយភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការគេងមិនគ្រប់ ឬតិចពេក គឺអាចបង្កប៉ះពាល់ចំពោះសុខភាពគួរឲ្យព្រួយបារម្ភ ប៉ុន្តែចុះប្រសិនបើគេងលើសពីនេះវិញនោះថាតើល្អ ឬអាក្រក់ទៅ? ថ្ងៃនេះយើងនឹងបង្ហាញឲ្យដឹងពីបញ្ហាសុខភាពមួយចំនួនដែលអ្នកអាចនឹងជួបប្រទះ ឬប្រឈមមុខ ប្រសិនបើគេងយូរពេក ៖
១. បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ៖ ការគេងច្រើនពេកបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមគួរឱ្យព្រួយបារម្ភ។ នោះក៏ព្រោះតែការគេងច្រើនពេកបណ្ដាលឱ្យមានភាពធន់នឹងអាំងស៊ុយលីនដែលងាយវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ណាស់។
២. គាំងបេះដូង និងដាច់សសៃឈាមខួរក្បាល ៖ ការគេងច្រើន ឬយូររារាំងឈាមមិនឱ្យរត់បានត្រឹមត្រូវ ហើយវាជាអ្វីមួយដែលអាចធ្វើឱ្យឈាមកកកើតមានឡើង។ ឈាមកកនោះអាចចរាចរ ហើយរាំងស្ទះដល់លំហូរនៃឈាមដឹកនាំអុកស៊ីសែនទៅកាន់សាច់ដុំបេះដូងដែលជាអ្វីមួយអាចនាំឱ្យគាំងបេះដូង។ ប្រសិនបើអ្នកផ្ដាច់ការផ្គត់ផ្គង់ឈាមដឹកនាំអុកស៊ីសែនទៅកាន់ផ្នែកមួយនៃខួរក្បាល នោះហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលនឹងឡើងខ្ពស់គួរឱ្យព្រួយបារម្ភជាក់ជាមិនខាន។
៣. អាចនាំឱ្យអស់កម្លាំងងងុយគេងពេញមួយថ្ងៃ ៖ ចូរគិតឡើងវិញម្ដងទៀតប្រសិនបើអ្នកគិតថាការគេងច្រើននៅពេលយប់អាចជួយឱ្យអ្នកចៀសផុតបញ្ហាងងុយគេងអស់កម្លាំងនៅថ្ងៃបន្ទាប់។ នោះក៏ព្រោះតែការគេងច្រើនជាង ៩ ម៉ោងបែរជាអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍វិលមុខនិងអស់កម្លាំង ឬអាចឈឺក្បាលចង់សម្រាកបន្តទៅវិញទេ។
៤. ជំងឺធាត់ជ្រុល ៖ ក្រៅពីជម្រើសនៃអាហារសុខភាពល្អហើយនោះ វិធីដ៏សំខាន់មួយទៀតដើម្បីកម្ចាត់ទម្ងន់ដែលលើស គឺការធ្វើសកម្មភាពរាងកាយ ឬរបៀបរស់នៅប្រកបដោយភាពសកម្ម។ ហើយវាច្បាស់ណាស់ដែលអ្នកនឹងមិនអាចសម្រេចបាន ប្រសិនបើគិតតែពីគេង។ ការធាត់លើសទម្ងន់មិនត្រឹមតែធ្វើឱ្យអ្នកបាត់បង់ភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏មិនប្រសើរចំពោះសុខភាពផងដែរ ដោយជានាំឱ្យកើតមានជំងឺគួរឱ្យព្រួយបារម្ភជាច្រើន។ ការសិក្សាស្រាវជ្រាវផ្សេងៗគ្នាជាច្រើនបានបង្ហាញថា ការគេងមិនគ្រប់ ឬគេងយូរពេក មានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងជំងឺទឹកនោមផ្អែម និងជំងឺធាត់ជ្រុល។
៥. ជំងឺទឹកនោមផ្អែមប្រភេទទី ២ ៖ ក្រៅពីកើនទម្ងន់ហើយនោះ ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជាបញ្ហាសុខភាពមួយទៀតដែលបង្កឡើងដោយកង្វះភាពសកម្មនៃរាងកាយ។ ដូច្នេះដើម្បីជៀសផុតពីហានិភ័យនៃជំងឺនេះ អ្នកគួរធ្វើលំហាត់ប្រាណជាប្រចាំមិនមែនគិតតែពីគេងសម្រាកច្រើនម៉ោងពេកឡើយ ហើយកុំភ្លេចប្រកាន់ខ្ជាប់នូវរបបអាហារសុខភាពល្អផង។
៦. ឈឺក្បាល ៖ គេងមិនគ្រប់អាចបណ្ដាលឲ្យឈឺក្បាល ប៉ុន្តែបញ្ហានេះក៏កើតឡើងផងដែរនៅពេលអ្នកគេងយូរពេក។ មូលហេតុនោះ គឺការគេងយូរប៉ះពាល់ដល់សរសៃប្រសាទនៅក្នុងខួរក្បាល និងកម្រិតអ័រម៉ូន serotonin។
៧. ឈឺចាប់រាងកាយ ៖ មិនត្រឹមតែក្បាលរបស់អ្នកនោះទេដែលអាចឈឺនោះ ប្រសិនបើអ្នកគេងយូរពេកផ្នែកផ្សេងៗនៃរាងកាយក៏ត្រូវទទួលរងការឈឺចាប់ផងដែរ។ ជាពិសេសប្រសិនបើអ្នកកំពុងមានជំងឺរលាកសន្លាក់ឆ្អឹង។ អ្នកដែលគេងយូរពេកច្រើនតែឈឺខ្នងផ្នែកខាងក្រោមជាញឹកញាប់។
៨. ជំងឺធ្លាក់ទឹកចិត្ត (Depression) ៖ ជាញឹកញយ អ្នកដែលទទួលរងជំងឺធ្លាក់ទឹកចិត្ត គឺតែងជួបប្រទះបញ្ហានៃការគេង។ ជួនកាលចំពោះករណីខ្លះ អ្នកជំងឺគេងច្រើនលើសធម្មតា។ វាជាវដ្តដ៏គួរឲ្យព្រួយបារម្ភមួយ ក៏ព្រោះការគេងយូរអាចបណ្តាលឱ្យមានអារម្មណ៍ថា អស់សង្ឃឹម និងអស់កម្លាំង។
អ្នកគេងកាន់តែច្រើន ឬយូរ ហើយមិនចង់ងើបពីគ្រែនៅពេលព្រឹក ពិភពលោក ក៏ដូចជាទេសភាព បរិយាកាសខាងក្រៅ មិនធ្វើឱ្យអ្នកមានអារម្មណ៍រំភើប ឬស្រស់ស្រាយដូចធម្មតា ទាំងនេះហើយជារោគសញ្ញាបណ្តាលឱ្យកើតមានជំងឺធ្លាក់ទឹកចិត្ត។ កង្វះសកម្មភាពនៃរាងកាយក៏កាត់បន្ថយបរិមាណនៃអ័រម៉ូនរីករាយក្នុងខួរក្បាលផងដែរ។ ការគេងពេញមួយថ្ងៃធ្វើឱ្យអ្នកមិនអាចត្រូវពន្លឺព្រះអាទិត្យនៅពេលព្រឹកដែលជាប្រភពដ៏ប្រសើរនៃវីតាមីន D ជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។
៩. បញ្ហាទាក់ទងនឹងការចងចាំ ៖ យោងតាមការសិក្សាស្រាវជ្រាវមួយបង្ហាញថា ការគេងយូរប៉ះពាល់ដល់ដំណើរមុខងារនៃខួរក្បាលបាត់បង់សមត្ថភាពក្នុងការផ្ដោត ឬប្រមូលផ្ដុំអារម្មណ៍ និងចងចាំពត៌មានផ្សេងៗ។
១០. ជំងឺគេងមិនលក់ ៖ ស្ដាប់ទៅដូចមិនសម ប៉ុន្តែជួនកាលជំងឺគេងមិនលក់ គឺបណ្ដាលមកពីទម្លាប់មិនល្អរួមគ្នាជាមួយសកម្មភាពផ្សេងៗ និងការគេង។ ឧទាហរណ៍ ប្រសិនបើអ្នកយូរគេងនៅពេលយប់ ហើយសម្រេចចិត្តថាចាំគេងឲ្យយូរនៅថ្ងៃបន្ទាប់នោះអ្នកអាចនឹងជួបប្រទះបញ្ហានៃជំងឺគេងមិនលក់ជាមិនខាន ។ ត្រឹមតែរយៈពេល ២ថ្ងៃ គឺគ្រប់គ្រាននឹងធ្វើឲ្យរាងកាយយល់ច្រឡំពេលវេលាចូលគេង ហើយអ្នកប្រាកដជាជួបប្រទះបញ្ហាទាក់ទងជាមួយការគេងមិនខានឡើយ ៕