ជាតិស្ករក្នុងឈាមឡើងខ្ពស់ជាងធម្មតាបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមគួរឱ្យព្រួយបារម្ភ។ ហើយរបបអាហារជះឥទ្ធិពលយ៉ាងខ្លាំងក្លាលើកម្រិតនៃជាតិស្ករក្នុងឈាមរបស់អ្នក។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរប្រុងប្រយ័ត្នចំពោះប្រភេទនៃអាហារនិងភេសជ្ជៈដែលអ្នកទទួលទាន។ ខាងក្រោមវេបសាយសុខភាពយើងនឹងបង្ហាញឱ្យដឹងពីអាហារដែលគួរចៀសវាងនៅពេលកម្រិតជាតិស្ករក្នុងឈាមកំពុងឡើងខ្ពស់ ៖
១. អាហារពណ៌ស
រួមមាននំប័ុង និងបាយសជាដើមមានផ្ទុកកាបូអ៊ីដ្រាតខ្ពស់ដែលរាងកាយបំលែងទៅជាជាតិស្ករ។ ម្យ៉ាងវិញទៀតអាហារពណ៌សគ្មានផ្ទុកជាតិសសៃគ្រប់គ្រាន់ដែលអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមឡើយ។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកត្រូវឈប់ទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតតែម្ដងឡើយក៏ព្រោះរាងកាយនូវត្រូវការវា! អ្វីដែលសំខាន់ គឺត្រូវកាត់បន្ថយការទទួលទាន ឬញ៊ាំក្នុងកម្រិតមធ្យម។
២. ភេសជ្ជៈកំប៉ុង
ភេសជ្ជៈកំប៉ុងភាគច្រើនមានផ្ទុកជាតិស្ករខ្ពស់ដែលបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមគួរឱ្យព្រួយបារម្ភ។ ចំពោះភេសជ្ជៈកំប៉ុងគ្មានជាតិស្ករវិញក៏ដូចគ្នា! មួយក្នុងចំណោមមូលហេតុចម្បងដែលមនុស្សភាគច្រើនជ្រើសរើសភេសជ្ជៈកំប៉ុងគ្មានជាតិស្ករជំនួសភេសជ្ជៈកំប៉ុងធម្មតាដោយសារគិតថាអាចចៀសផុតពីហានិភ័យនៃជំងឺទឹកនោមផ្អែម។ ជាក់ស្ដែងតាមពិតទៅការទទួលទានភេសជ្ជៈកំប៉ុងគ្មានជាតិស្ករជាប្រចាំមិនយូរមិនឆាប់នៅតែបង្កជំងឺទឹកនោមផ្អែមដដែលដោយបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម។ ភេសជ្ជៈគ្មានផ្ទុកជាតិស្ករបណ្ដាលឱ្យមានភាពធន់នឹងអាំងស៊ុយលីនដែលជាដើមហេតុដំបូងនៃជំងឺទឹកនោមផ្អែម។ ជាតិផ្អែមសិប្បនិម្មិតអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់។ ជាតិផ្អែមសិប្បនិម្មិតក៏ជះឥទ្ធិពលលើសុខភាពពោះវៀនដែលនឹងបង្កផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។
៣. ផ្លែឈើក្រៀម ឬដំណាំផ្លែឈើ
ពិតណាស់ផ្លែឈើ គឺល្អសម្រាប់សុខភាពដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសសៃ វីតាមីន និងជាតិរ៉ែសំខាន់ៗ។ ទោះជាយ៉ាងណាអ្នកដែលកំពុងប្រឈមមុខនឹងបញ្ហាជាតិស្ករខ្ពស់ក្នុងឈាម ព្រមទាំងអ្នកជំងឺទឹកនោមផ្អែមគួរកម្រិតបរិមាណនៃការទទួលទានផ្លែឈើ ក៏ព្រោះផ្លែឈើមួយចំនួនធំមានផ្ទុកជាតិស្ករខ្ពស់ ពិសេស គឺផ្លែឈើក្រៀម ឬដំណាំផ្លែឈើតែម្ដង។
៤. យ៉ាអួរមិនសុទ្ធ
យ៉ាអួរមិនសុទ្ធសំដៅលើយ៉ាអួរដែលមានលាយគ្រឿងផ្សំផ្សេងៗ ពិសេស គឺស្ករ។ ដូច្នេះដើម្បីជាការប្រសើរចៀសផុតហានិភ័យនៃជំងឺទឹកនោមផ្អែម ចូរជ្រើសរើសទទួលទានយ៉ាអួរសុទ្ធ។
៥. ទឹកឃ្មុំ និងទឹកស៊ីរ៉ូ
ស្ករធម្មជាតិក៏អាចបណ្ដាលឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ។ វាមិនមែនជាជម្រើសដ៏ប្រសើរឡើយនៅពេលអ្នកជំនួសការប្រើប្រាស់ស្ករចម្រាញ់ជាមួយទឹកឃ្មុំ ឬទឹកស៊ីរ៉ូច្រើនវិញ។
ប្រយ័ត្ន! ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ជាងធម្មតាហើយនោះ ចូរព្យាយាមស្ដាប់ការណែនាំ ឬអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត៕