ការធ្វើលំហាត់ប្រាណអាចផ្ដល់នូវអត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនសម្រាប់អ្នកជំងឺទឹកនោមផ្អែម រួមបញ្ចូលទាំងជួយបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម និងស្ត្រេស។ ប៉ុន្តែថាតើការធ្វើលំហាត់ប្រាណប៉ុន្មានទៅទើបត្រឹមត្រូវ?
មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដ៏សំខាន់បំផុតមួយនៅលើពិភពលោក NIH បានណែនាំឱ្យធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ១៥០ នាទីរាល់សប្តាហ៍។ ហើយចំពោះអ្នកជំងឺទឹកនោមផ្អែមត្រូវហាត់ប្រាណជាប្រចាំមិនគួរផ្អាក ឬរំលងលើសពី ២ ថ្ងៃជាប់គ្នាឡើយ។ ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីលំហាត់ប្រាណដែលជួយបញ្ចុះជាតិស្ករក្នុងឈាមល្អសាកសមបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ៖
១. ដើរ
ការដើរ គឺជាលំហាត់ប្រាណដ៏ពេញនិយមនិងងាយបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកដែលកំពុងមានបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់អនុវត្តជាប្រចាំ។ ការដើរយ៉ាងហោចណាស់ពី ៣០ នាទី ទៅ១ម៉ោងក្នុងមួយថ្ងៃមានប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាម ក៏ដូចជាជាតិស្ករក្នុងឈាម ព្រមទាំងទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងនិងជំងឺទឹកនោមផ្អែមបានយ៉ាងប្រសើរ។
២. ហែលទឹក
ការហែលទឹក គឺជាទម្រង់នៃលំហាត់ប្រាណបែបងាយៗ និងសាកសមបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២។ នោះក៏ព្រោះតែការហែលទឹកមិនផ្ដល់សម្ពាធណាមួយលើសន្លាក់ដែលល្អសម្រាប់អ្នកជំងឺ។ ហើយវាក៏ជួយសម្រួល និងពង្រឹងសាច់ដុំបានយ៉ាងប្រសើរផងដែរ។ ការសិក្សាស្រាវជ្រាវជាច្រើបានបង្ហាញឱ្យដឹងថា ការហែលទឹកអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល រួមទាំងភាពតានតឹងក្នុងអារម្មណ៍ និងបង្កើនការដុតកាឡូរី។ ដើម្បីជាការប្រសើរអ្នកគួរហែលទឹកឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេលតិចបំផុត ១០ នាទី។
៣. យូហ្កា
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការហាត់យូហ្កាអាចផ្ដល់ឥទ្ធិពលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលចំពោះអ្នកជំងឺទឹកនោមផ្អែម រួមបញ្ចូលទាំងការប្រយុទ្ធប្រឆាំងជាមួយភាពធន់នឹងអាំងស៊ុយលីន ការបញ្ចុះជាតិខ្លាញ់នៃរាងកាយ និងការបង្កើនមុខងារសសៃប្រសាទ។ យូហ្កាក៏ជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍នៃអ្នកជំងឺផងដែរ។
៤. ជិះកង់
ការជិះកង់មិនត្រឹមតែល្អសម្រាប់អ្នកជំងឺបេះដូងប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែមផងដែរ។ នោះក៏ព្រោះតែលំហាត់ប្រាណនេះអាចដុតបំផ្លាញកាឡូរីក្នុងរាងកាយបានច្រើន ហើយជួយបង្កើនលំហូរឈាមទៅជើង។
ប្រយ័ត្ន៖ ដើម្បីជាការប្រសើរចូរពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកមុននឹងជ្រើសរើសលំហាត់ប្រាណណាមួយជាប្រចាំ។ មុននិងក្រោយពេលធ្វើលំហាត់ប្រាណ ចូរពិនិត្យមើលជាតិស្ករថាតើវាប្រតិកម្មយ៉ាងណានឹងលំហាត់ប្រាណ (កម្រិតនៃជាតិស្ករក្នុងឈាមខ្ពស់ ឬទាបពេក គឺគ្រោះថ្នាក់ណាស់)។ អ្នកជំងឺទឹកនោមផ្អែមក៏ងាយប្រឈមមុខនឹងបញ្ហាជាតិស្ករក្នុងឈាមចុះទាបពេកផងដែរ។ ត្រូវប្រាកដថាអ្នកមានរបបអាហារសុខភាពល្អផងដែរ៕