ការកាត់បន្ថយការទទួលទានអំបិល និងបង្កើនការបរិភោគផ្លែឈើស្រស់ និងបន្លែ គឺជាការផ្តល់ដំបូន្មានទូទៅបំផុតដល់អ្នកដែលមានជំងឺលើសឈាម ។
ខាងក្រោមនេះ គឺជាអាហារទូទៅមួយចំនួនដែលអ្នកគួរតែបញ្ចូលទៅក្នុងរបបអាហារ ដើម្បីគ្រប់គ្រងជំងឺលើសឈាមតាមវិធីធម្មជាតិ ។
១-ខ្ទឹមស
ខ្ទឹមសជួយបង្កើនផលិតកម្មសារធាតុនីឌ្រីកអុកស៊ីដដែលវាជួយបន្ថយការកន្ត្រាក់សាច់ដុំរលីង និងធ្វើឲ្យសរសៃឈាមរីក ដែលអាចជួយក្នុងការគ្រប់គ្រងជំងឺលើសឈាម ។ ដូច្នេះសូមបន្ថែមខ្ទឹមសទៅក្នុងរបបអាហាររបស់អ្នក ឬបរិភោគខ្ទឹមសឆៅនៅពេលព្រឹកដើម្បីទទួលបានផលប្រយោជន៍សុខភាពរបស់វា ។
២-ប៉េងប៉ោះ
សូមព្យាយាមទទួលទានផ្លែប៉េងប៉ោះឲ្យបានច្រើនព្រោះវាអាចជួយបន្ថយសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាព ។ ទោះជាយ៉ាងណា វាមានប្រសិទ្ធភាពនៅពេលប្រើជាមួយនឹងថ្នាំប្រឆាំងនឹងជំងឺលើសឈាមក្នុងកម្រិតទាបដូចជាថ្នាំ ACE inhibitors ថ្នាំទប់ស្កាត់កាល់ស្យូម ឬថ្នាំបញ្ចុះទឹកនោម ។
៣-ផ្លែទទឹម
អ្នកអាចទទួលទានទឹកផ្លែទទឹមមួយកែវព្រោះការស្រាវជ្រាវបានបង្ហាញថាវាជួយបន្ថយសកម្មភាពរបស់អង់ហ្ស៊ីម angiotensin converting enzymes (ACE)ប្រហែល៣៦% ។ អ្នកថែមទាំងអាចបរិភោគផ្លែទទឹមរៀងរាល់ថ្ងៃដើម្បីទទួលបានផលប្រយោជន៍នៃការប្រឆាំងនឹងសម្ពាធឈាមឡើងខ្ពស់របស់វា ។
៤-សូកូឡា ឬកាកាវ
ម្សៅកាកាវសំបូរទៅដោយសារធាតុ flavonoids ដែលអាចជំរុញការបង្កើតនីឌ្រីកអុកស៊ីតដែលវាអាចជួយពង្រីកសរសៃឈាម និងបន្ថយការខូចមុខងារកោសិកាអង់ដូតេល្យាល់ក្នុងសរសៃឈាម ។ ការសិក្សាមួយបានបង្ហាញថាការទទួលទានកាកាវពី៤៦ទៅ១០៥ ក្រាមក្នុងមួយថ្ងៃដោយមានសារធាតុ polyphenols, ពី ២១៣ទៅ ៥០០ មីល្លីក្រាមអាចជួយបន្ថយស៊ីស្តូលីរបស់សម្ពាធឈាមប្រហែល៥មីលី្លម៉ែត្របារ៉ត និងដ្យាស្តូលីប្រហែល៣មីលី្លម៉ែត្របារ៉ត ៕