ដឹងទេថា បុរសៗងាយនឹងស្រកទម្ងន់លឿនជាងនារី ។ ហើយនេះក៏ព្រោះតែរាងកាយរបស់បុរស គឺខុសពីមនុស្សស្រីក្នុងការស្តុកទុកនូវជាតិខ្លាញ់ ។ ទោះជាយ៉ាងណានេះមិនមែនជាមូលហេតុតែមួយដែលបណ្ដាលឱ្យស្ត្រីពិបាកនឹងស្រកទម្ងន់ឡើយ ។
របៀបរស់នៅ របបអាហារ និងទម្លាប់មួយចំនួនក៏ជាមូលហេតុចម្បងនៃបញ្ហាពិបាកសម្រកទម្ងន់ផងដែរ។ ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលស្ត្រីមួយចំនួនមិនស្រកគីឡូសោះ ៖
១. មិនចេះគ្រប់គ្រងការទទួលទាន
ការចេះតែទទួលទានមិនឈប់ជាពិសេសអាហារផ្អែមៗ និងមានផ្ទុកសម្បូរទៅដោយកាឡូរីទៀតនោះនឹងធ្វើឱ្យកើនទម្ងន់លឿន ហើយមិនងាយស្រកឡើយ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានអាហារសុខភាពល្អ រួមទាំងបន្លែផ្លែឈើឱ្យច្រើនជំនួសវិញ។
២. មិនធ្វើលំហាត់ប្រាណសោះ
ការមិនធ្វើលំហាត់ប្រាណជាប្រចាំនឹងបណ្ដាលឱ្យរាងកាយស្តុកទុកនូវទម្ងន់ដែលលើស។ ជាពិសេសប្រសិនបើអ្នកចូលចិត្តទទួលទានភេសជ្ជៈផ្អែមៗ ព្រមទាំងអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់និងកាឡូរីខ្ពស់! អ្វីដែលគួរឱ្យព្រួយបារម្ភថែមទៀតនោះ គឺភាពធាត់ជ្រុលអាចទៅជាបង្កបញ្ហាសុខភាពជាច្រើន។
៣. ផលប៉ះពាល់នៃថ្នាំមួយចំនួន
ការទទួលទានឪសថមួយចំនួនដូចជា steroids និង antidepressants ក៏អាចជាមូលហេតុដែលបណ្ដាលឱ្យអ្នកមិនស្រកទម្ងន់សោះផងដែរ។
៤. គេងមិនគ្រប់
ផលប៉ះពាល់មួយផ្សេងទៀតនៃការគេងមិនគ្រប់ គឺជំងឺធាត់ជ្រុល។ កង្វះនៃការគេងអាចបង្កបញ្ហាអតុល្យភាពនៃអ័រម៉ូននិងចំណង់អាហារ។ នៅពេលគេងមិនបានគ្រប់គ្រាន់រាងកាយនឹងមិនអាចផលិតអ័រម៉ូន ghrelin (ទទួលខុសត្រូវរំញោចការឃ្លាន) និងអ័រម៉ូន leptin (ទប់ស្កាត់ចំណង់អាហារ) ត្រឹមត្រូវដើម្បីអាចអោយខួរក្បាលបានដឹងថាយើងឆ្អែតក្រោយទទួលទានរួចឡើយ។
៥. មិនទទួលទានអាហារពេលព្រឹក
នោះក៏ព្រោះតែអ្នកអាចនឹងទទួលទានអាហារពេលថ្ងៃ ឬល្ងាចច្រើនជាងធម្មតា ប្រសិនបើមិនបានទទួលទានអ្វីសោះតាំងពីព្រឹក។ លើសពីនេះទៅទៀតទៀតប្រសិនបើអ្នកមិនទទួលទានអាហារពេលព្រឹកទេនោះអ្នកប្រហែលជានឹងមិនរក្សាបាននូវជាតិប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងរាងកាយឡើយ។ ហើយប្រូតេអ៊ីន គឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទទួលនិងរក្សាបាននូវទម្ងន់ដ៏ល្អឥតខ្ចោះ។ ប្រូតេអ៊ីនជួយបង្កើនលឿននៃការដុតរំលាយអាហារនិងថែមទាំងធ្វើឲ្យមានអារម្មណ៍ថាឆ្អែតបានយូរទៀតផង។
៦. ទទួលទានអាហារកែច្នៃ
ការទទួលទានអាហារកែច្នៃច្រើនអាចបណ្ដាលឲ្យកើនទម្ងន់គួរឱ្យព្រួយបារម្ភ។ ដូច្នេះហើយការផ្ដោតសំខាន់លើគុណភាព ឬជម្រើសនៃអាហារសុខភាពល្អ គឺប្រសើរជាងការពិនិត្យលើតែបរិមាណនៃជាតិកាឡូរីដែលវាមានផ្ទុក៕