មនុស្សគ្រប់គ្នាគិតថា អ្នកស្គម គឺមានសុខភាពល្អ ហើយអ្នកធាត់ច្រើនតែមានជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែមជាដើម ។ ប៉ុន្តែតើអ្នកមានដឹងទេថា ទោះបីជាមនុស្សយើងស្គម ឬមានទម្ងន់ធម្មតាក៏ដោយ ក៏អាចប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ ហើយអ្នកខ្លះក៏បានកើតវារួចទៅហើយ ។
វាមិនមែនជាអ្វីដែលត្រូវភ្ញាក់ផ្អើលខ្លាំងឡើយ ដោយសារតែកត្តាប្រឈមមុខមួយនៃជំងឺទឹកនោមផ្អែមប្រភេទទី២ មិនមែនមានតែការធាត់ជ្រុលតែមួយមុខឡើយ តែវាមានរឿងច្រើនទៀតដែលអ្នកត្រូវទប់ស្កាត់ដែរ បើសិនជាមិនចង់ឲ្យកើតជំងឺនេះនៅថ្ងៃក្រោយ។ អ្នកជំនាញជាច្រើននិយាយថា ហេតុផលដែលមនុស្សធាត់ៗអាចកើតជំងឺទឹកនោមផ្អែមប្រភេទទី២ដោយសារតែ ជាតិខ្លាញ់ជាច្រើនក្នុងរាងកាយអាចមានឥទ្ធិពលមិនល្អទៅលើរបៀបដែលកោសិកាឆ្លើយតបនឹងអាំងស៊ុយលីនក្នុងចរន្តឈាម ។
ម្យ៉ាងទៀតការធាត់ ឬធាត់ជ្រុលអាចធ្វើឲ្យកោសិកាមិនអាចប្រើប្រាស់អាំងស៊ុយលីនបាន ។ ដូច្នេះកាលណាអាំងស៊ុយលីនមិនអាចធ្វើការបាន នោះជាតិស្ករក៏មិនអាចចូលទៅក្នុងកោសិកាបាន រហូតដល់លើសជាតិស្ករក្នុងឈាមទៅជាជំងឺទឹកនោមផ្អែមតែម្តង ។ មានហេតុផលមួយចំនួនតូចដែលគាំទ្រដល់មូលហេតុមនុស្សស្គមកើតជំងឺទឹកនោមផ្អែម ប៉ុន្តែមិនមែនដោយសារតែអាំងស៊ុយលីនធ្វើការមិនកើតដូចខាងលើឡើយ ។
ទី១ ដោយសារទេខ្លាញ់ក្រោមស្បែក ។ មនុស្សម្នាក់ប្រហែលជាមើលទៅស្គម ប៉ុន្តែគេមានខ្លាញ់ច្រើន ជាពិសេសតំបន់ចង្កេះដែលជាហេតុផលមួយគ្រប់គ្រាន់នាំឲ្យអាំងស៊ុយលីនធ្វើការមិនបាន ។
ទី២អ្នកប្រហែលជាមានសមាជិកគ្រួសារត្រូវបានគ្រូពេទ្យរកឃើញមានជំងឺទឹកនោមផ្អែមប្រភេទទី២ ដូច្នេះអ្នកនឹងមានឱកាសកាន់តែខ្ពស់ក្នុងការកើតជំងឺនេះដែរ ទោះបីជាស្គមក៏ដោយ ។
ទី៣ បើសិនជាអ្នកជក់បារី អ្នកទំនងជាងាយនឹងកើតជំងឺទឹកនោមផ្អែមប្រភេទទី២នៅថ្ងៃណាមួយ ទោះបីជាមិនធាត់ក៏ដោយ។ ចាប់តាំងពីជាតិនីកូទីនក្នុងបារីជាសារធាតុភ្ញោជ ហើយជក់បារីធ្វើឲ្យទប់ស្កាត់ការឃ្លាន ដូច្នេះ អ្នកជក់បារីភាគច្រើនតែស្គម ។ យ៉ាងណាមិញ ការជក់បារីគឺជាកត្តាប្រឈមមុខមួយរបស់ជំងឺទឹកនោមផ្អែមប្រភេទទី២ស្រាប់ហើយ ។
ទី៤ ការរស់នៅប្រកបដោយភាពជោគជ័យក្នុងជីវិត ក៏អាចធ្វើឲ្យអ្នកមិនងាយធាត់បានដែរ ជាពិសេសអ្នកច្រើនតែមិនសូវមានពេលញ៉ាំអាហារ ដោយសារតែត្រូវទទួលខុសត្រូវរឿងការងារប្រចាំថ្ងៃជាប់ ។ ប៉ុន្តែភាពស្ត្រេស គឺជារឿងដែលអាចនាំឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយក៏ងាយនឹងកើតជំងឺទឹកនោមផ្អែមដែរ។
សរុបសេចក្តីមក អ្នកនៅតែអាចកើតជំងឺទឹកនោមផ្អែមប្រភេទទី២ដដែលទោះបីជាមិនមែនជាមនុស្សធាត់ក៏ដោយ ។ ការដែលមានរាងស្គមមិនមែនមានន័យថា អ្នកត្រូវលែងខ្វល់ពីជំងឺទឹកនោមផ្អែមនោះទេបើសិនជាអ្នកនៅតែជាអ្នកជក់បារី ស្ត្រេសច្រើន ឬមានហ្សែនជំងឺនេះហើយ ៕