ការកើតមានគ្រោះថ្នាក់ ភ្លាមៗដោយជំងឺបេះដូង វាអាចកើតឡើងភាគច្រើនទៅលើមនុស្សវ័យជំទង់ ក៏ដូចជាវ័យក្មេងជាងនេះ ។ ក្នុងមួយឆ្នាំមានមនុស្សជាច្រើនស្លាប់ បណ្តាលមកពីការគាំងបេះដូង ភ្លាមៗ ។
មូលហេតុដែលបណ្តាលឲ្យកើតមានជំងឺគាំងបេះដូងមានដូចជា ៖ វ័យចំណាស់, លើសឈាម, ជាតិខ្លាញ់ក្នុងឈាមខ្ពស់, ជំងឺទឹកនោមផ្អែម, ការទទួលទានបារី, ធាត់ខ្លាំង, ប្រវត្តិគ្រួសារធ្លាប់មានជំងឺបេះដូង ឬស្លាប់ ភ្លាមៗ គ្រោះថ្នាក់នេះអាចប្រឈមខ្ពស់ក្នុងពេលធ្វើលំហាត់ប្រាណខ្លាំងពេក ។ មនុស្ស ម្នាក់ៗប្រហែលមិនធ្លាប់ជួបប្រទះ ឬក៏ចាប់អារម្មណ៍ពីអាការនៃជំងឺបេះដូងនេះពីមុនមកទេ រហូតដល់សោកនាដកម្មនេះបានកើតឡើង ។
លោកអ្នកគួរកត់សម្គាល់រោគសញ្ញារបស់ខ្លួនដូចជា៖ មានអារម្មណ៍ចាក់ ឆៀបៗ ដូចម្ជុលលចាក់មួយចំហៀងខ្លួន ខណៈពេលលោកអ្នកមានចង្អោរ ឬក្អួត ។ ការពិបាកដកដង្ហើម ដង្ហើមញាប់ ឬបេះដូងលោតញាប់ ។ ឈឺថ្គាម វិលមុខ ឈឺក្បាលស្រាល។ ខ្សោយ អស់កម្លាំងដោយគ្មានហេតុផលច្បាស់ លាស់ អាចមានន័យថា ឈាមហូរមិនគ្រប់គ្រាន់ទៅកាន់បេះដូង ជាពិសេសប្រសិនបើអ្នកកំពុងទទួលរងពីបញ្ហាពិបាកដកដង្ហើម និងបែកញើសត្រជាក់ ។ ឈឺក្រហាយនៅក្នុងទ្រូង ឬខ្នង និងមានអារម្មណ៍ថា ធ្ងន់ៗជាដើម ។
ដើម្បីចៀសផុតពីបញ្ហានេះ លោកអ្នកគួរតែពិនិត្យបេះដូងជាមុន ព្រោះវាមានសារសំខាន់សម្រាប់លោកអ្នក ជាមួយនឹងការយល់ដឹងអំពីគ្រោះថ្នាក់ វិធីការពារ ឬក៏ការព្យាបាលដែលគួរធ្វើជាមុនដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដោយសារការគាំងបេះដូង ។
ការតាមដាននិងការពិនិត្យសុខភាពការពារបេះដូង គឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពសម្រាប់រុករកឲ្យឃើញនូវកត្តាដែលធ្វើឲ្យកើតមានជំងឺបេះដូង ៕