ការឈឺទ្រូងមិនមែនតែងតែបញ្ជាក់ថា មានជំងឺគាំងបេះដូងទាំងអស់នោះទេ។ វាអាចជាសញ្ញាមួយនៃការបង្ករោគ ឬការរលាកនៅសួត ឆ្អឹងខ្នង ឬបញ្ហាចំណីអាហារដែរ។ ខាងក្រោមនេះគឺជាជំងឺមួយចំនួនដែលអាចធ្វើឱ្យឈឺទ្រូង ប៉ុន្តែមិនមែនជាជំងឺទាក់ទងនឹងបេះដូងឡើយ។
១. បញ្ហាសួត
មូលហេតុមួយដែលចំបងជាងគេនៃការឈឺក្នុងទ្រូងទាក់ទងនឹងសួតនោះគឺ ការរលាកស្រោមសួតតែម្តង។ វាអាចបណ្តាលឱ្យឈឺក្នុងទ្រូងនៅពេលដកដង្ហើម ក្អក ឬកណ្តាស។ ជំងឺសួតដូចជា រលាកសួត ដែលអាចបណ្តាលឱ្យរលាកស្រោមសួត ឬជំងឺហឺត ក៏ធ្វើឱ្យឈឺទ្រូងដែរ។ ករណីខ្លះ ទោះបីជាមានកំណកឈាមក្នុងស្រោមសួតក៏អាចនាំឱ្យឈឺក្នុងទ្រូងបានដែរ។
២. បញ្ហាឆ្អឹង ឬសរសៃប្រសាទ
ករណីខ្លះ ការមានរបួសនៅទ្រូងដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬការរលាកសរសៃប្រសាទសុទ្ធតែអាចធ្វើឱ្យឈឺទ្រូងបានទាំងអស់។ ការរលាកនៅឆ្អឹងជំនី ឬឈឺចេញពីឆ្អឹងជំនីដែលបាក់អាចធ្វើឱ្យឈឺទ្រូងដែរ។ ម្យ៉ាងវិញទៀត ការរលាកសរសៃប្រសាទដោយសារតែជំងឺប៉េស ឬជំងឺរើមអាចធ្វើឱ្យឈឺក្នុងទ្រូងដែរមុនពេលចេញរោគសញ្ញាលើស្បែក។
៣. បញ្ហាក្រពះពោះវៀន
ការច្រាលទឹកអាស៊ីតពីក្រពះច្រើនតែមានការច្រឡំនឹងជំងឺគាំងបេះដូង ព្រោះវាធ្វើឲ្យឈឺ និងមិនស្រួលក្នុងទ្រូងដូចគ្នា។ ករណីខ្លះ ការក្អែលអាហារ ឬជំងឺដំបៅក្រពះក៏ប្រហែលជាចេញអាការៈឈឺទ្រូង ផងដែរ។ ដូចនេះ អ្នកត្រូវព្យាយាមស្វែងយល់ពីរាងកាយរបស់អ្នកបន្តិច ដើម្បីអាចដឹងថា ពេលណាវាត្រូវការយើងយកវាទៅពេទ្យ៕