ជំងឺមហារីកដៃស្បូន Ovarian cancer គឺជាជំងឺមហារីកដែលអាចកើតនៅលើដៃស្បូនរបស់ស្ត្រីនៅផ្នែកខាងឆ្វេង ឬខាងស្តាំ ឬទាំងសងខាងផងដែរ ។ នេះបើយោងតាមមន្ទីរពេទ្យកាល់ម៉ែត បានផ្សាយនាថ្ងៃទី១១ ខែកុម្ហៈនេះ ។
១ រោគសញ្ញា ៖
– ឈឺពោះ ជាពិសេសនៅផ្នែកខាងក្រោមនៃពោះ
– ហើមពោះខុសពីធម្មតា
– វិបត្តិពោះវៀន ដូចជារាគឬទល់លាមកជាប់មិនបាត់
– កើនឡើងទំហំពោះ ដូចជាចង្អៀតចង្កេះខុសពីធម្មតា
– ពិបាកបត់ជើងតូច ញឹកញាប់
– មានធ្លាក់ឈាម អស់កម្លាំងខុសពីធម្មតាជាប់រយះពេលយូរ
– បាត់បង់ចំណង់អាហារ
– រលាកសរសៃឈាម
– កើនឬចុះទម្ងន់ខុសធម្មតា
– ឈឺចង្កេះ
២ កត្តាប្រឈមនឹងជំងឺមហារីកដៃស្បូន ៖
– កត្តាតំណពូជមានប្រហែល 10ទៅ 15%
– អាយុចាស់លើសពី 60ឆ្នាំ ប៉ុន្តែក៏អាចកើតលើស្ត្រីវ័យក្មេងផងដែរ
– ការមករដូវនៅអាយុក្មេងមុន12ឆ្នាំ ឬអស់រដូវនៅអាយុលើសពី52ឆ្នាំ
– មិនធ្លាប់មានផ្ទៃពោះឬការមានផ្ទៃពោះដំបូងនៅអាយុលើសពី30ឆ្នាំ
– ការបង្កកំណើតក្រៅស្បូន (IVF) ។ល។
ក្រៅពីនេះក៏មានកត្តាមួយចំនួនដែលជួយបន្ថយនូវកត្តាប្រឈមនឹងជំងឺមហារីកដៃស្បូនដូចជា
– ការប្រើប្រាស់ថ្នាំពន្យារកំណើតគ្រាប់រយៈពេលយូរ
– ការមានកូនច្រើនដង
– ការបំបៅដោះកូនជាដើម
៣ ការធ្វើរោគវិនិច្ឆ័យ
– ការធ្វើអេកូពោះ CT ស្កេន ឬ MRI
– ការវិភាគកោសិកាសាច់ដោយការច្រឹប ឬដោយការវះកាត់
៤ ការព្យាបាល
គឺត្រូវធ្វើដោយវេជ្ជបណ្ឌិតឯកទេសដោយមានការពិភាក្សាយ៉ាងត្រឹមត្រូវទៅតាមដំណាក់កាលនិងបច្ចេកទេសមានដូចជា ៖
– ការវះកាត់
– ការព្យាបាលដោយឱសថគីមី
– ការព្យាបាលដោយសម្រន់ ៕