ក្នុងពោះជាកន្លែងដែលសរីរាង្គសំខាន់ៗជាច្រើនស្ថិតនៅ។នេះហើយជាមូលហេតុដែលនៅពេលមានការឈឺចាប់ ឬអារម្មណ៍មិនស្រួលណាមួយកើតឡើងត្រង់ផ្នែកនេះអាចជារឿងគួរឱ្យព្រួយបារម្ភ! ថ្ងៃនេះវេបសាយសុខភាព យើង នឹងបង្ហាញឱ្យដឹងពីមូលហេតុអាចទៅរួចនៃបញ្ហាឈឺពោះផ្នែកខាងស្ដាំ ៖
១. ក្រួសក្នុងថង់ទឹកប្រមាត់ ៖ នៅក្រោមថ្លើមមានសរីរាង្គតូចមួយហៅថាប្រមាត់ជាកន្លែងស្តុកនិងផលិតទឹកប្រមាត់មុនពេលបញ្ចេញវាចូលទៅក្នុងពោះវៀនតូច។ ហើយដោយសារតែថង់ទឹកប្រមាត់ស្ថិតត្រង់ផ្នែកខាងស្ដាំនៃក្នុងពោះ នោះអ្នកនឹងជួបប្រទះអាការៈឈឺចាប់ត្រង់តំបន់នេះនៅពេលមានបញ្ហាក្រួសក្នុងថង់ទឹកប្រមាត់កើតឡើង។ រោគសញ្ញាដទៃទៀតនៃជំងឺក្រួសក្នុងថង់ទឹកប្រមាត់រួមបញ្ចូលទាំងចង្អោរចង់ក្អួត ឬក្អួតតែម្ដង និងពិបាករំលាយអាហារ។
២. ដំបៅក្រពះ ៖ មានមូលហេតុច្រើនណាស់ដែលបង្កបញ្ហាដំបៅក្រពះ ឬដំបៅស្រទាប់ខាងក្នុងនៃក្រពះ។ ក្រៅពីឈឺចាប់ក្នុងពោះ ដំបៅក្រពះក៏បង្ហាញរោគសញ្ញាផ្សេងទៀតរួមមានចង្អោរចង់ក្អួត ពិបាករំលាយអាហារ ក្អួត ក្រហាយទ្រូង អស់កម្លាំង និងជាតិហ្គាសកើនលើសក្នុងពោះ។
៣. ច្រាលទឹកអាស៊ីតក្រពះ ៖ ក្រៅពីក្រហាយទ្រូងហើយនោះ អាការៈច្រាលទឹកអាស៊ីតក្រពះក៏បង្ករោគសញ្ញាមួយចំនួនទៀតរួមមានឈឺក្នុងពោះ ភើរញឹកហួស ចង្អោរចង់ក្អួត និងមានអារម្មណ៍ដូចលោហៈក្នុងមាត់ជាដើម។
៤. ទល់លាមក ៖ បញ្ហាទល់លាមកក៏អាចបណ្ដាលឱ្យឈឺក្នុងពោះផ្នែកខាងស្ដាំផងដែរ។ ដូច្នេះប្រសិនបើអ្នកមិនបានបត់ជើងយូរថ្ងៃនោះអ្នកអាចនឹងជួបប្រទះអាការៈឈឺក្នុងពោះផ្នែកខាងស្ដាំជាមិនខាន។
៥. ជំងឺរលាកខ្នែងពោះវៀន ៖ មួយក្នុងចំណោមអាការៈទូទៅនៃជំងឺរលាកខ្នែងពោះវៀន គឺការឈឺចាប់ដែលផ្លាស់ទីពីផ្ចិតទៅផ្នែកខាងក្រោមនៃក្នុងពោះខាងស្ដាំ។ ហើយប្រសិនបើមានអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតដូចជាចង្អោរចង់ក្អួត ឬក្អួតតែម្ដង បាត់បង់ចំណង់អាហារ ហើមពោះ និងគ្រុនក្ដៅ ចូរប្រញាប់ទៅជួបពិគ្រោះពិនិត្យជាមួយគ្រូពេទ្យ ៕