ថ្លើម គឺមានមុខងារបន្សាបជាតិពុលក្នុងរាងកាយ និងរក្សាឱ្យកម្រិតនៃការរំលាយអាហារមានតុល្យភាព ។ អ្វីដែលអ្នកទទួលទាន និងទម្លាប់ផ្សេងៗរបស់អ្នក គឺសុទ្ធតែមានឥទ្ធិពលលើសុខភាពថ្លើម ទាំងល្អទាំងមិនល្អ។ នៅថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់៣យ៉ាង ដែលធ្វើឱ្យថ្លើមអ្នកមានផលប៉ះពាល់មិនល្អ។
១. ទម្លាប់លេបថ្នាំផ្តេសផ្តាស
មនុស្សមួយចំនួនតែងទទួលទានថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជា ឬការយល់ដឹងផ្នែកវេជ្ជសាស្ត្រច្បាស់លាស់ ហើយពួកគេមិនចាប់អារម្មណ៍ដឹងទេថា ការធ្វើបែបនេះ គឺផ្ដល់ផលប៉ះពាល់គួរឲ្យព្រួយបារម្ភចំពោះសុខភាពថ្លើម។
២. ទម្លាប់ពិសារគ្រឿងស្រវឹង
ថ្លើម គឺមានតួនាទីសំខាន់ក្នុងកម្ចាត់នូវរាល់ជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយ។ ការទទួល
ទានគ្រឿងស្រវឹងច្រើនហួស ជាទម្លាប់ទូទៅបំផុតមួយ ដែលធ្វើឱ្យថ្លើមឆាប់ខូចបាត់បង់សមត្ថភាពក្នុងការបំពេញមុខងារ។ ប្រសិនបើអ្នកទទួលទានស្រាច្រើនរាល់ថ្ងៃនោះ ថ្លើមនឹងរវល់តែធ្វើការកម្ចាត់នូវជាតិពុលនៃស្រា ហើយគ្មានពេលដើម្បីបំពេញមុខងារផ្សេងទៀតឡើយ។ គ្រឿងស្រវឹងសម្លាប់កោសិកាថ្លើមដែលមានសុខភាពល្អ ហើយកាត់បន្ថយថាមពលថ្លើម បន្ទាប់មកថ្លើមនឹងប្រែជាងាយកើតមានជំងឺផ្សេងៗ រួមទាំងជំងឺខ្លាញ់រុំថ្លើម និងរលាកផងដែរ។
៣ ទម្លាប់ទទួលទានអាហារកែច្នៃ
ទម្លាប់នៃការទទួលទានអាហារកែច្នៃ ឬការទទួលទានអាហារកំប៉ុង និងកញ្ចប់ច្រើនអាចបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយបង្កើនជាតិខ្លាញ់ក្នុងរាងកាយដែលធ្វើឱ្យអ្នកធាត់។ ទទួលទានអាហារមិនត្រឹមត្រូវដែលគ្មានសារធាតុចិញ្ចឹម អាចបង្កើតជាតិខ្លាញ់ព័ទ្ធជុំវិញថ្លើមហៅថា ជំងឺខ្លាញ់រុំថ្លើមដែលមិនមែនបណ្ដាលមកពីជាតិអាកុល។ ថ្លើមត្រូវប្រឹងធ្វើការកាន់តែខ្លាំងឡើងដើម្បីកម្ចាត់ខ្លាញ់នេះដែលបណ្ដាលឱ្យកោសិកានៃថ្លើម ទទួលរងការខូចខាត ហើយវាក៏អាចបង្កឱ្យខ្សោយថ្លើមផងដែរ៕